Thursday, July 3, 2014

សមត្ថកិច្ច បើកប្រតិបត្ដិការ ទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិចិន នៅកម្ពុជា ពាក់ព័ន្ធចាប់ជំរិត ទារលុយ តាមប្រព័ន្ធ អ៊ីនធឺណែត

ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើក ប្រតិបត្ដិការទ្រង់ទ្រាយធំ បង្ក្រាប និងចាប់ខ្លួនជនជាតិចិន ជិត១០០នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធ ចាប់ជំរិតទារលុយតាម ប្រព័ន្ធអ៊ីនធឺណែត។
ប្រតិបត្ដិការទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដតាកែវ ដែលមានជនជាតិចិនជិត ១០០នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ។
មន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បាននិយាយថា សម្រាប់រាជធានីភ្នំពេញ កម្លាំងនគរបាល បានឃាត់ខ្លួន ជនជាតិចិន ១២នាក់ ក្នុងនោះ ៧នាក់ ដែលមានស្រី ៣នាក់ ត្រូវបានចាប់ខ្លួន នៅផ្ទះជួល មួយកន្លែង ស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងជនជាតិចិន ៥នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលទីតាំងតាមផ្លូវលេខ ៥៦៦ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ពុំមានជនជាតិចិននៅទីនោះឡើយ ពេលដែល សមត្ថកិច្ចទៅឡោមព័ទ្ធ ។
ដោយឡែកជនជាតិចិន ជាច្រើននាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅខេត្ដតាកែវ និងខេត្ដសៀមរាប។ ក្រោយ ចាប់ខ្លួន ជនជាតិចិនទាំងនេះ ត្រូវបាននាំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕




ពីដើមអំពិល
http://www.dap-news.com/2011-06-14-02-39-55/89861-2014-07-03-11-45-32.html