
ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបាន អញ្ជើញជាអធិបតីក្នុងពិធីផ្តល់រង្វាន់សិស្សពូកែរាជធានីភ្នំពេញ សំរាប់ឆ្នាំសិក្សា២០១៣ ២០១៤ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកានៅវិទ្យាល័យជាស៊ីម ជ្រោយចង្វាក្នុងសង្កាត់ជ្រោយចង្វា តំណាងគ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញ ស្របទៅនឹងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៤-២០១៥ និងទិវាគ្រូបង្រៀនថ្ងៃទី០៥ ខែវិច្ឆិកាផងដែរ។
លោកជា ជាតិ នាយកមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា សិស្សជ័យលាភីដែលត្រូវទទួលបានរង្វាន់នាពេលនេះមានសិស្សដែលប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤ ចាប់ពីលេខ១ដល់លេខ៣ ការប្រឡងសិស្សពូកែលើឆាកអន្តរជាតិ ការប្រឡងជ្រើសរើសសិស្សពូកែនៅក្នុងទូទាំងប្រទេស សិស្សពូកែជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ ចាប់ពីថ្នាក់ទី៩ដល់ទី១២។ លោក ប៉ា សុជាតិវង្សបានចូលរួមអបអរសាទរជាមួយប្អូនៗក្មួយៗសិស្សពូកែជាជ័យលាភីដែលទទួលបានមេដាយ និងការលើកសរសើរនាពេលនេះ
លោកអភិបាលបានថ្លែងអំណរគុណដល់លោកគ្រួ អ្នកគ្រូ មាតាបិតា អាណាព្យាបាលនិងដៃគូអភិវឌ្ឍន៍វិស័យអប់រំ ក៏ដូចផ្នែកពាក់ព័ន្ធនានា ដែលបានជួយជំរុញការកែទម្រង់វិស័យអប់រំទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ទុនយ៉ាងធំវិនិយោគលើវិស័យអប់រំ តែគេមិនអាចមើលឃើញនឹងភ្នែកបានទេ។ លទ្ធផលរបស់វាគឺនៅពេលដែលប្អូនៗ ក្មួយៗក្លាយខ្លួនជាវិស្វករ អ្នកជំនាញ សាស្ត្រាចារ្យ ជាអ្នកដឹកនាំដ៏ពូកែ។
លោកប៉ា សុជាតិវង្ស គូសបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ថ្វីត្បិតតែសិស្សជាប់តិចជាងរាល់ឆ្នាំ តែយើងទទួលបានការស្វាគមន៍និងមានមោទនភាពចំពោះកំណែទម្រង់នៃការប្រឡងដោយអនុវត្តតាមពាក្យស្លោក(ចេះគឺជាប់)។
ចាប់ពីពេលនេះទៅក្មួយៗសិស្សានុសិស្សយើងនឹងចាប់ផ្តើមកែទម្រង់ខ្លួនរបស់គេគឺឈប់ជឿលើប្រ៊ុយយ៉ុង ឈប់ជឿលើគ្រឿងអេឡិចត្រូនិក ដែលមិនត្រូវបានអនុញ្ញាតិឲ្យនាំចូលបន្ទប់ប្រឡង ឬឈប់ធ្វើនូវសកម្មភាពណា ដែលប៉ះពាល់ដល់ការសិក្សារបស់ប្អូនៗក្មួយៗ។
នាឧកាសនោះដែរ លោកប៉ា សុជាតិវង្ស ក៏បានប្រកាសផ្តល់ការសាងសង់អាគារបណ្ណាល័យ១ខ្នង ក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វា និងផ្លូវបេតុង១ខ្សែ ប្រវែង៦២០ម៉ែត្រ ក្នុងសាលាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភាតាមរយៈសាលារាជធានីភ្នំពេញ និងដើម្បីចូលរួមអបអរសាទរខួបគំរប់៨២ ឈានចូល៨៣ឆ្នាំ របស់សម្ដេចប្រធានផ្តល់ម៉ាស៊ីនហ្វូតូកូពី១គ្រឿង ដល់វិទ្យាល័យជាស៊ីមជ្រោយចង្វា ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដែលមានស្នាដៃបង្រៀនសិស្សចំនួន១៣នាក់ផងដែរ៕

