Tuesday, November 4, 2014

ក្រសួងយុត្តិធម៌​ច្រានចោល​កំណត់ត្រា CCHR ស្តីពី​ស្ថានភាព​កុមារ​ក្នុង​ពន្ធនាគារ​កម្ពុជា

ភ្នំពេញៈ មន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើការ​ច្រានចោល​ទៅលើ​កំណត់ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ដែល​បានលើកឡើង​ពី​ភាព​ចន្លោះប្រហោង​នៃ​គ្រប់គ្រង​ស្ថានភាព​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ នៅ​កម្ពុជា​មិនបាន​ល្អ​។ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា​នេះ​ថា សព្វថ្ងៃនេះ ក្រសួងយុត្តិធម៌ បានធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​អង្គការ​យូ​នី​សេ​ហ្វ ក្នុង​កិច្ចការពារ​សិទ្ធិ​កុមារ​ពាក់ព័ន្ធ និង​សំណុំ​រឿងក្តី​ផ្សេង​ជាមួយ​ស្ថាប័ន​ជាច្រើន​ទៀត ដោយបាន​ពង្រឹង​លើ​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះ​យ៉ាងខ្លាំង​។
បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ខាងលើនេះ ក៏បាន​បដិសេធន៍​ដែរ​ថា កន្លងមកនេះ មិនមាន​ការឃុំខ្លួន​អ​និតិ​ជន​ដោយ​ដាក់​ឲ្យ​នៅ​ជាមួយ​មនុស្សពេញវ័យ​ទេ ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ មេត្តា​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​កុមារ​នៅតាម​ពន្ធនាគារ​ឲ្យ​បានឃើញ​ជាក់ស្តែង អំពី​ការរៀបចំ​ទុកដាក់​កុមារ​ល្មើសច្បាប់​នៅតាម​ពន្ធនាគារ​នោះ ម្យ៉ាង​ក៏​ទ​ទួ​ច​សុំ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល ប្រសិនបើ​មាន​ចំណុច​សង្ស័យ ឬ​បញ្ហា​អ្វីមួយ​នោះ សូមមេត្តា​ទាក់ទង និង​ជម្រាបជូន​ពី​បញ្ហា​នេះ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​បានដឹង​ផង​។
ចំពោះ​ការលើកឡើង​របស់លោក គឹម សន្តិភាព ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កំណត់ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស (CCHR) ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់​លើ​ស្ថានភាព​កុមារ នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា​នោះ​។
យោងតាម​កំណត់ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ដែល​បាន​រៀបរាប់​ដោយ​សង្ខេប​ទៅលើ​ការវាយតម្លៃ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ប្រព័ន្ធយុត្តិធម៌​អនីតិជន​នៅ​កម្ពុជា បាន​សន្និដ្ឋានថា បើទោះជា​កម្ពុជា មាន​ក្របខ័ណ្ឌ​ច្បាប់​ចែង​ពី​អនីតិជន​ក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ក្ដី ប៉ុន្តែ​នីតិវិធី​សម្រាប់​អនុវត្ត​ទៅលើ​អនីតិជន​នៅតែមាន​ការព្រួយបារម្ភ​នៅឡើយ ព្រោះ​អាជ្ញាធរ​កម្ពុជា ត្រូវ​ផ្ដល់​ការយកចិត្ត​ជាពិសេស​ចំពោះ​ជនសង្ស័យ​ជា​អនីតិជន និង​កុមារ​បើទោះបីជា​ច្បាប់ និង​ក្រមព្រហ្មទណ្ឌ​បានចែង​អំពី​មាត្រាមួយ​ចំនួន​យ៉ាង​ពិសេស​ពាក់ព័ន្ធ​នឹង​កុមា​រហើយ​ក៏ដោយ​។
ជាមួយគ្នានេះ កំណត់ត្រា​សង្ខេប​ដដែល​នេះ បាន​បញ្ជាក់ដែរថា ចំពោះ​បទដ្ឋាន​អន្តរជាតិ​នានា​បាន​ទទួលស្គាល់ថា កុមារ​ជាប់ចោទ​ពី​ការរំលោភ​ច្បាប់ព្រហ្មទណ្ឌ តម្រូវ​ឲ្យ​មានការ​ថែទាំ និង​ផ្ដល់​កិច្ចការពារ​យ៉ាង​ពិសេស​។ លើសពីនេះ ពួកគេ​មាន​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ដូច​មនុស្សពេញវ័យ ព្រមទាំង​ទទួលបាន​កិច្ចការពារ​បន្ថែម ដើម្បី​ឲ្យ​ដឹងថា កុមារ​ខុសពី​មនុស្សពេញវ័យ ក្នុងការ​វិវឌ្ឍន៍​ផ្នែក​រាងកាយ និង​សតិ​ស្មារតី​។ ហើយ​ខណៈ​មានការ​រៀបចំ​ឲ្យ​មាន​យុត្តិធម៌​ដល់​អតិថិជន រដ្ឋ​ត្រូវតែមាន​នីតិវិធី​នានា ដើម្បី​ធានាថា សិទ្ធិ និង​កិច្ចការពារ​ទាំងនេះ ត្រូវបាន​គេ​គោរព​តាម និង​ធានាថា ផលប្រយោជន៍​របស់​កុមារ ត្រូវបាន​គេ​គិតគូរ​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​។​
គួរ​បញ្ជាក់ថា ចំពោះ​កំណត់ត្រា​សង្ខេប​ដែល​កម្រាស់​១៤​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែតុលា កន្លងមក គឺជា​ទិន្នន័យ​ដែល​ប្រមូលបាន​ក្នុងអំឡុងពេល នៃ​ការសង្កេត​ការណ៍​សវនាកា​រ​រយៈពេល​៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤​៕
42423423