នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥
ឯកឧត្តម សូ ម៉ារ៉ា សហប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ
និង ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ
និងក្រុមការងារថ្នាក់ជាតិមួយចំនួនទៀត
បានអញ្ជើញចូលរួមក្នុងវេទិកាជ្រើសតាំងតំណាងប្រជាពល រដ្ឋ
ដើម្បីគ្រប់គ្រង ថែរក្សា អភិវឌ្ឍន៍ តំបន់សហគមន៍ទេសចរណ៍ទន្លេបាទី
ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនោះផងដែរ។
ការប្រារព្ធពិធីនេះធ្វើឡើង
បន្ទាប់ពីរាជរដ្ឋាភិបាល បានបញ្ចប់នូវកិច្ចសន្យាជួលជាមួយក្រុមហ៊ុន
លោកស្រី សុខ សារឿន ដោយក្រុមហ៊ុននេះ មិនបានគោរពតាមលក្ខខណ្ឌ
ហើយថែមទាំងបានរំលោភទៅលើកិច្ចសន្យាជួល ដោយមិនបានអភិវឌ្ឍរមណីយដ្ឋានទន្លេបាទី
ដូចអ្វីដែលបានព្រមព្រៀងជាមួយរាជរដ្ឋាភិបាលនោះឡើយ។
ក្រុមហ៊ុន លោកស្រី សុខ សារឿន
ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបកិច្ចសន្យា ដោយសារក្រុមហ៊ុននេះ
មិនត្រឹមតែមិនបានជួយអភិវឌ្ឍរមណីយដ្ឋានទន្លេបាទីប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានការលំបាក
និងផ្ដល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាអាជីវករនៅទីនោះទៀតផង។
ការអញ្ជើញចូលរួមរបស់ឯកឧត្តម សូ ម៉ារ៉ា
ឯកឧត្តម ឡាយ វណ្ណៈ និងក្រុមការងារក្នុងគោលបំណងធ្វើជាសាក្សី និងការបង្កឲ្យមាននីតិវីធីនៃការបោះឆ្នោតមួយដែលធ្វើឡើងតាមបែបប្រជាធិបតេយ្យ
តម្លាភាព ដើម្បីជ្រើសរើសតំណាងសហគមន៍ទន្លេបាទី
ក្នុងការគ្រប់គ្រងរមណីយដ្ឋានបន្ដ
ដោយត្រូវគ្រប់គ្រងពីប្រជាពលរដ្ឋនៅតំបន់នោះដោយផ្ទាល់វិញ ។
ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៍ ថា
នៅពេលនេះរមណីយដ្ឋានទន្លេបាទី
ត្រូវបានគ្រប់គ្រងដោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះដោយខ្លួនឯង
ហើយការបោះឆ្នោតនេះ គឺជាសិទ្ធិសម្រេចរបស់បងប្អូន ពុកម៉ែ
ដែលកើតចេញពីឆន្ទៈ និងការពេញចិត្តពិតប្រាកដរបស់បងប្អូន។ ឯកឧត្តម
ក៏បានអំពាវនាវដល់បងប្អូនអាជីវករ មេត្តាជួយថែរក្សា ការពារ អភិវឌ្ឍ
នូវបរិស្ថានទឹក អនាម័យ
ជាពិសេសការលក់ម្ហូបអាហារជូនភ្ញៀវទេសចរណ៍ក្នុងតម្លៃមួយសមរម្យ
ព្រោះភ្ញៀវទេសចរណ៍ គឺជាឆ្នាំងបាយរបស់បងប្អូន។
ចំណែក ឯកឧត្តម សូ ម៉ារ៉ា
រដ្ឋលេខាធិការក្រសួងទេសចរ
និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី
បានមានប្រសាសន៍ថា« ក្រោមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល
ដឹកនាំដោយសម្ដេចតេជោ
និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ លើកឡើងថា
នៅក្នុងស្រុកបាទីនេះ ជាពិសេសតំបន់រមណីយដ្ឋានទន្លេបាទី
ត្រូវតែមានការកែទម្រង់ផ្ទាល់នៅនឹងទីកន្លែង
ដោយផ្ដោតទៅលើការបង្កើតសហគមន៍ទេសចរណ៍ទន្លេបាទី ដោយមានការគ្រប់គ្រង
ដឹកនាំផ្ទាល់របស់ប្រជាសហគមន៍ទន្លេបាទីនេះតែម្ដង។
ឯកឧត្តម សូ ម៉ារ៉ា បានបន្ថែមថា ថ្ងៃនេះ
ផ្ដើមចេញពីការដឹកនាំ គឺប្រជាធិបតេយ្យកំពុងតែមានការផ្លាស់ប្ដូរ
ហើយមិនមែនជាការផ្លាស់ប្ដូរផ្នែកទ្រឹស្ដី
ឬក៏ជាការគ្រាន់តែនិយាយនោះទេ ប៉ុន្ដែជាការផ្លាស់ប្ដូរដោយផ្ទាល់
គឺប្រជាសហគមន៍ដឹកនាំដោយផ្ទាល់ ធ្វើការជ្រើសតាំងតំណាងពួកគេដោយផ្ទាល់
គ្រប់គ្រងដោយផ្ទាល់ សម្រេចដោយផ្ទាល់ទៅលើវាសនារមណីយដ្ឋានទន្លេបាទីនេះ
ក្នុងរយៈពេលមួយឆ្នាំម្ដងៗ។
សូមបញ្ជាក់ផងដែរថា
ការបោះឆ្នោតជ្រើសតាំងតំណាងនេះ គឺធ្វើឡើងតែតំណាងប្រជាពលរដ្ឋ ចំនួន១៤ក្រុម
មានអ្នកឈរឈ្មោះ ១៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ។
ការបោះឆ្នោតលើកទីមួយ ជ្រើសយកតែ ៨នាក់ ក្នុងចំណោម១៤នាក់ ហើយបោះឆ្នោតលើកទី២
ក្នុង៨នាក់ ជ្រើសរើសប្រធាន ១រូប និងបោះឆ្នោតលើកទីបីជ្រើសរើសអនុប្រធាន
និងលេខា។
ជាលទ្ធផល លោក ហ៊ូ លន់
ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានជាប់ឆ្នោតជាប្រធានសហគន៍ទេសចរទន្លេបាទី។
បន្ទាប់ពីជាប់ឆ្នោត លោក ហ៊ូ លន់ ប្រធានសហគមន៍ទេសចរណ៍ទន្លេបាទី
ក៏បានធ្វើការប្ដេជ្ញាចិត្តក្នុងការដឹកនាំឲ្យមានការ
រីកចម្រើន ជាតំណាងដ៏ត្រឹមត្រូវ បម្រើឲ្យឆន្ទៈនៃសហគមន៍ទាំងមូល
ហើយក្នុងនាមជាប្រធានសហគមន៍ទេសចរណ៍ទន្លេបាទីសំណូមពរឲ្យមានការជួយកែលម្អ
ជួស ជុលផ្លូវថ្នល់ ដើម្បីបម្រើដល់បងប្អូនភ្ញៀវទេសចរណ៍
ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងអំពាវនាវឲ្យភ្ញៀវជាតិ
និងអន្ដរជាតិ មកលេងកម្សាន្ដនៅតំបន់ទេសចរណ៍ទន្លេបាទី
ឲ្យបានកាន់តែច្រើន និងអំពាវនាវឲ្យមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក
ដើម្បីជំរុញទីកន្លែងនេះក្លាយទៅជាតំបន់ទេសចរណ៍ដ៏ធំមួយផងដែរ។
