សម្រាប់ជីវិតមនុស្សតែងឆ្លងកាត់នូវវាលវដ្តសង្សាជានិច្ច
គឺកើតចាស់ឈឺស្លាប់ចៀសមិនផុត។ ដូចគ្នានេះដែរ សម្រាប់ជីវិតនយោបាយ
របស់អ្នកនយោបាយ ក៏មិនខុសគ្នាដែរ គឺម្តងលិចម្តងអណ្តែត
យ៉ាងដូច្នោះដែរ។ ប៉ុន្តែ សម្រាប់អ្នកនយោបាយ គណបក្សសង្គ្រោះជាតិ នាពេលនេះ
គឺឈានទៅរកភាពលិចលង់តែម្តង។
បើតាមហោរាដែលមានឈ្មោះល្បីនៅប្រទេសថៃ បានទស្សន៍ទាយថាគឺនៅដើមឆ្នាំ២០១៥
ឬយ៉ាងយូរបំផុត ត្រឹមពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំ
ប្រៀបដូច "ពស់ដាច់ក្បាល
និងដាច់ដងខ្លួន!” ។
លោក ភិនយ៉ូ
ភុងចារឺន បានទស្សន៍ទាយថាមួយរយភាគរយ គណបក្សសង្គ្រោះជាតិ នឹងរលាយ
បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជំងឺប្រជែងអំណាចគ្នា បក្ខពួកនិយម វ័ណ្ឌកជាមួយលុយកាក់
និងការមិនទុកចិត្តគ្នា។
យោងទៅលើការទស្សន៍ទាយនេះ ទាំងប្រជាពលរដ្ឋ ទាំងអ្នកតាមដានស្ថានការណ៍នយោបាយ
និងអ្នកវិភាគ កំពុងតែមើលឃើញថា មួយរយៈពេលចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីឡើងកូដបានបន្តិចមក ដោយសារអនុវត្តនយោបាយបោកប្រាស់
បំភ្លើស បំភ្លៃ និងពាក្យសន្យាខ្យល់ មួយចំនួនរបស់ខ្លួន ឥឡូវនេះ
កំពុងធ្លាក់ចុះដូចអ្វីដែលហោរាថៃបានទស្សន៍ទាយពិតមែន។ ការប្រើនយោបាយប្រជាភិថុតិ
និងជម្លោះបែកបាក់ផ្ទៃក្នុងដ៏តានតឹង
ដោយសាររឿងលុយ បានធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមភ្លឺភ្នែក
មើលឃើញអំពីទង្វើកេងចំណេញលើញើសឈាមប្រជារាស្ត្រ របស់មេដឹកនាំបក្សនេះ
និងនាំឲ្យមានការអាក់អន់
ស្រពន់ចិត្តដល់អ្នកគាំទ្រឈានទៅរកការផ្តាច់ជំនួយ។
ជាក់ស្តែង មេដឹកនាំបក្សទាំងពីរមិនទាន់ទាំងបានឡើងកាន់អំណាចផងក៏បាននាំគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃ
ប្រមូលប្រាក់ដែលបានមកពីការរៃអង្គាសពីប្រជាពលរដ្ឋក្នុងស្រុកផង ពីបរទេសផង
ជាពិសេសពីញើសឈាមរបស់កម្មករ ដើម្បីធ្វើមាន ធ្វើបានខ្លួនឯង
ដូចជាទិញចំការម្រេច ចំការដំឡូងមី រាប់សិបហិកតា
ទិញរថយន្តទំនើបប្រើប្រាស់យ៉ាងសង្ហា។
ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានទាំងអស់នោះ គឺពួកគេមិនហ៊ានចេញមកបកស្រាយ
ឬពន្យល់ដល់ប្រជាពលរដ្ឋ អំពីទ្រព្យសម្បត្តិ ដែលទទួលបានយ៉ាងឆាប់រហ័សទាំងនោះឡើយ
ហើយយល់ព្រមទទួលស្គាល់ថាពិតជារបស់ខ្លួនដោយឆ្លើយប្រាប់លោក ហ៊ុន
សែន ថាចំការរបស់ពួកគេ កំពុងតែដំណើរការបានល្អថែមទៀតផង។
ពិតជាកាក់កបរបស់គេមែន មុខរបរធ្វើនយោបាយនេះ។
ថ្មីៗនេះទៀត មន្ត្រីជំនិតក្នុងបក្សដែលដឹងរឿងពុករលួយប្រាក់ពី២០លាន
ទៅ៤០លាន ដុល្លារ
ក៏បានចេញមកបកអាក្រាតពីអំពើដ៏ថោកទាបរបស់មេបក្សទាំងពីរនេះទៀត។ ហើយដើម្បីជាការបិទ
បាំងនូវអំពើអាក្រក់របស់ខ្លួន មេបក្សប្រឆាំងទាំងពីរ
បានបញ្ជាឲ្យបណ្តេញមន្ត្រីបក្សនោះចេញពីបក្ស ដើម្បីបំបិទភស្តុតាង
និងជាការគម្រាមមន្ត្រីផ្សេងទៀតដែលហ៊ានហើបមាត់រិះគន់ថ្នាក់ដឹកនាំ។
ពិតជា បក្សមួយ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមបែបលទ្ធិប្រជាធិបតេយ្យមែន។
បើនិយាយពីការតែងតាំងតួនាទីវិញ គឺសុទ្ធតែជាប់ខ្សែរស្រឡាយបក្ខពួក
និងក្រុមគ្រួសារ។ ជាក់ស្តែង លោក សម រង្ស៊ី និងប្រពន្ធ គឺលោកស្រី
ជូឡុងសូមូរ៉ា ជាតំណាងរាស្ត្រផង ជាប្រធានបក្សផង
និងជាសមាជិកគណៈកម្មាធិការនាយក ទទួលបន្ទុកខាងកាន់លុយទៀត។ ចំណែកលោក កឹម
សុខា និង ជាអនុប្រធានសភា ហើយកូនស្រី កឹម មនោវិទ្យា ជាសមាជិកគណៈកម្មាធិការនាយកបក្ស។
លោក យឹម សុវណ្ណ និងប្រពន្ធ គឺលោកស្រី កែ សុវណ្ណរ័ត្ន ជាតំណាងរាស្ត្រ
ជាអ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការនាយក។ លោក អ៊ូ ច័ន្ទរិទ្ធិ ដែលជាបងប្អូនបង្កើតនឹងលោក
អ៊ូ ច័ន្ទរ័ត្ន ជាតំណាងរាស្ត្រ និងមានខ្សែរស្រឡាយជាច្រើនទៀតសុទ្ធតែជាបក្ខពួក
និងគ្រួសារនិយម។
គណបក្សសង្គ្រោះជាតិខំប្រូរាល់ថ្ងៃថា
មេដឹកនាំខ្លួនល្អ ប៉ុន្តែឥឡូវឃើញច្បាស់ហើយថា ខ្លះពុករលួយ
បែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ទាំងក្នុងប្រទេស និងក្រៅប្រទេសហើយខ្លះរកស៊ីជួញដូរមនុស្សថែមទៀតផង។បើតាមព័ត៌មានចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក
បានឲ្យដឹងថា លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ត្រូវបានអាមេរិកបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ
ក្រោយពីត្រូវបានសមត្ថកិច្ចអាមេរិកស្រាវជ្រាវរកឃើញថា
បានប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
ឆ្លើយតបនឹងព័ត៌មាននេះ លោក ប៉ែន សុវណ្ណ ថ្លែងថា
ឈ្មោះរបស់លោក ពិតជាត្រូវបានអាមេរិកដាក់បញ្ជូលក្នុងបញ្ជីខ្មៅពិតមែន ហើយមកដល់ពេលនេះសហរដ្ឋអាមេរិក
នៅមិនទាន់ដកឈ្មោះគាត់ចេញពីបញ្ជីខ្មៅនេះទេ។ ទន្ទឹមនោះ
សារព័ត៌មានក្នុងស្រុកក៏បានចុះព្រោងព្រាត
អំពីព័ត៌មានបញ្ចូលឈ្មោះមន្ត្រីគណបក្សសង្គ្រោះជាតិទាំងពីរទៅក្នុងបញ្ជីខ្មៅ
មិនឲ្យជាន់ទឹកដីអាមេរិកបន្តទៀតឡើយ។ ចំណែកមន្ត្រីស្ថានទូតអាមេរិក
ក៏មិនមានការបកស្រាយឡើយ ដូច្នេះ វាគឺជារឿងពិត មួយរយភាគរយ ។
សរុបមក បើគណបក្សមួយដែលមិនទាន់ឡើងកាន់អំណាចផង បានប្រកាន់យករបៀបដឹកនាំបែបគ្រួសារ
សាច់ញាតិ បងប្អូនខ្លួនប៉ុណ្ណឹងទៅហើយ ហើយថ្នាក់ដឹកនាំខ្លះ ហ៊ានប្រព្រឹត្តិបទឧក្រឹដ្ឋជួញដូរមនុស្សទៅបរទេសបែបនេះទៀត
តើប្រជាពលរដ្ឋគួរជ្រើសរើសមកដឹកនាំប្រទេសយ៉ាងម៉េចទៅ? ដោយសារប្រយោជន៍នយោបាយ
ដើម្បីតែអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន ពួកគាត់ទាំងពីររូបធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នាទាំងអារម្មណ៍ភិតភ័យ
និងបន្លំភ្នែកគេឯងជាប់រហូតមក។ដូច្នេះ
គណបក្សសង្គ្រោះជាតិ មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋ
សម្រាប់មកដឹកនាំប្រទេសនោះឡើយ។ អ្វីដែលថ្មី មិនប្រាកដថាល្អនោះទេ នៅពេលដែលធនធានមនុស្ស
នៃក្រុមមេដឹកនាំថ្មីនោះ គ្មានបទពិសោធន៍ក្នុងការដឹកនាំ
មិនធ្លាប់បានដឹកនាំប្រទេស និងខ្វះទេពកោសល្យដឹកនាំ
សូម្បីតែការងារក្នុងគណបក្សនោះ។ ការសម្រេចចិត្តខុស
ក្នុងការជ្រើសរើសមេដឹកនាំ វានឹងនាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាពកល្បយុគ្គសារជាថ្មី
ដូចអតីតកាល៕
ដោយ៖ សួន ចំរើន