ភ្នំពេញ ៖ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ២រូបទៀត គឺលោកឡុង រី និងលោកនុត រំដួល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ តាមដីការបស់តុលាការ។
បេក្ខជនតំណាងរាស្ត្រទាំង២រូបរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានឃាត់ខ្លួនទៀតនេះ គឺជាមនុស្សទី៦និងទី៧ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនក្រុមបេក្ខជនតំណាងរាស្ត្រទាំង៥ជាបន្តបន្ទាប់មានដូចជាលោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់,លោកម៉ែន សុថារិទ្ទ, លោករៀល ខេមរិន្ទ្រ និងលោកកែវ ភីរម្យ។ អ្នកទាំង៥នោះត្រូវបានតុលាការសម្រេចឃុំខ្លួនដោយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ធ្ងន់ធ្ងរនៅជិតទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យសន្តិសុខខណ្ឌដូនពេញជិត៤០នាក់រងរបួសធ្ងន់និងស្រាល។ រហូតដល់រសៀលថ្ងៃទី១៧ ខែកក្កដានេះ សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជន និងបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានចំនួន៨នាក់ហើយ៕
ប្រភព៖ កម្ពុជាថ្មី