ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៤ ស្អែកនេះ នឹងអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ពិសាភោជនាអាហារ នៃពិធីបុណ្យ ស្រាយបួស ឬពិធីបុណ្យតមអាហារខែរ៉ាម៉ាឌន ប្រពៃណីរបស់ខ្មែរ-អ៊ីស្លាម នាមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីពួកគេបានបួសអស់រយៈពេលមួយខែមកនោះ។
យោងតាមមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សម្តេចតេជោ នឹងអញ្ជើញចូលរួមពិសាភោជនាអាហាររួមជាមួយបងប្អូនខ្មែរ-អ៊ីស្លាម ព្រមទាំងជួបសំណេះសំណាលសាកសួរ សុខទុក្ខជាមួយបងប្អូនខ្មែរ-ឥស្លាមផងដែរ។
សូមបញ្ជាក់ថា បុណ្យខែរ៉ាម៉ាឌន ជាបុណ្យនៅក្នុងខែមួយក្នុងចំណោមខែទាំង១២ របស់សាសនាអ៊ីស្លាម។ នៅ ក្នុងខែនេះ ប្រជាពលរដ្ឋកាន់សាសនាអ៊ីស្លាមទូទាំងពិភពលោក នឹងប្រារព្ធពិធីនេះ រយៈពេល១ខែ ហើយតមគ្រប់យ៉ាងដោយបង្អត់អាហារ ទឹក សូម្បីតែទឹកមាត់មិនឱ្យលេបចូលដែរ ចាប់ពីពេលព្រឹកព្រលឹម រហូតដល់ថ្ងៃលិច បើ សាសនិកអ៊ីស្លាមគ្រប់រូបអាចប្រតិបត្តិតាមបានល្អប្រសើរ នឹងបានបុណ្យច្រើន ។
រយៈពេល១ខែនេះ សូរសៀងសូត្រធម៌លាន់ឮកងរំពងតាមព្រះវិហារទាំងយប់ទាំងថ្ងៃ ដោយអ្នកកាន់ជំនឿអ៊ីស្លាមខំប្រឹងបំពេញកាតព្វកិច្ច ដើម្បីបំពេញបំណងព្រះអាទិទេព អាល់ឡោះ លើសពីខែធម្មតា។ អ្នកកាន់ជំនឿអ៊ីស្លាមចាត់ទុកខែរ៉ាម៉ាឌន ជាខែដ៏វិសេសវិសាលបំផុតក្នុងចំណោមខែទាំង១២៕
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/90747-2014-07-17-13-05-31.html
