ភ្នំពេញ: បន្ទាប់ពីស្ថានការណ៍នយោបាយឡើងកំដៅ តាមរយៈវិធានការរបស់តុលាការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារលើបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៥កក្កដារួចមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំពីរ នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១៤។
តាមកម្មវិធី នៅពេលព្រឹកថ្ងៃសុក្រ ទី១៨កក្កដា សម្តេចហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ចំណែកនៅពេលរសៀល សម្តេចហ៊ុនសែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា។ ពិធីជួបជុំនោះ ធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៤ និង ៣០ នាទី តទៅ។
ជាការកត់សម្គាល់ រាល់វេទិកា និងកិច្ចជួបជុំ ដែលសម្តេចហ៊ុនសែន ចូលរួម សម្តេចនឹងថ្លែងសារនយោបាយជាច្រើនផងដែរ៕
.jpg)