នៅថ្ងៃច័ន្ទនេះ គណៈកម្មាធិការសុខាភិបាលនៃអង្គការសុខភាពពិភពលោក បានជួបជុំគ្នានៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាលើការប្រើប្រាស់ថ្នាំពេទ្យពិសោធន៍ ដើម្បីដោះស្រាយបញ្ហារីករាលឆ្លងនៃវីរុសអ៊ីបូឡា ក្រោយក្រុមការងារជំនួញសហរដ្ឋអាមេរិក២រូប បង្ហាញពីសញ្ញារីកចម្រើននៃថ្នាំព្យាបាលប្រភេទ ZMapp ដែលត្រូវបានអភិវឌ្ឍដោយជីវៈឱសថដ្ឋានMappដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា។
ខណៈដែលវីរុសអ៊ីបូឡា កំពុងរីកដាលឆ្លងនៅតាមបណ្តាប្រទេសចំនួន៤របស់អាហ្វ្រិក បន្ទាប់ពីមានករណីស្លាប់ជនជាតិសហរដ្ឋអាមេរិកម្នាក់នៅក្នុងប្រទេសនីហ្ស៊េរីយ៉ា កាលពីខែមុន ដែលបានធ្វើដំណើរមកពីប្រទេសលីបេរីយ៉ា នោះ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការរីកដាលឆ្លងថ្នាក់អន្តរជាតិរបស់វីរុសដ៏កាចសាហាវនេះ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការរីករាលដាលឆ្លងដ៏ខ្លាំងបំផុតនៃវីរុសអេបូឡា របស់ពិភពលោកជាមួយនឹងករណីឆ្លង១៧៧៩នាក់ និងស្លាប់៩៦២ នឹងបន្តអូសបន្លាយពេលរាប់ខែតទៅមុខ ខណៈដែលប្រព័ន្ធថែរក្សាសុខភាពក្នុងតំបន់ កំពុងព្យាយាមទប់ស្កាត់ការរីករាលដាលឆ្លងនេះ។
ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសអេស្ប៉ាញ បានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រភេទ ZMapp លើសង្ឃអេស្ប៉ាញអាយុ៧៥ឆ្នាំមួយរូបឈ្មោះ មីហ្គេល ប៉ាចារ៉េស ដែលជាជនអឺរ៉ុបលើកដំបូងគេ និងបានជម្លៀសចេញទៅកាន់ទីក្រុងម៉ាឌ្រីដ កាលពីសប្តាហ៍មុន បានឆ្លងវីរុសនេះ អំឡុងពេលបម្រើការងារនៅក្នុងមន្ទីរពេទ្យ ស្ថិតនៅទីក្រុងម៉ុនរូវៀ ប្រទេសលីបេរីយ៉ា។ រីឯដូនជីកុងហ្គោ ម្នាក់ដែលធ្វើការជាមួយលោក បានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕