បន្ទាយមានជ័យ ៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ លោកគោស៊ុំសារឿតអភិបាលខេត្ត បន្ទាយមានជ័យបានកោះហៅ អភិបាលស្រុក ក្រុង មេឃុំនិង ចៅសង្កាត់ព្រមទាំងស្មៀនទាំង៦៥ឃុំសង្កាត់មកប្រជុំដើម្បីចូលរួមរកដំណោះរាល់បញ្ហាប្រឈមដែលមេឃុំ ចៅសង្កាត់ បានអនុវត្តកន្លងមកធ្វើខុសឆ្គងយ៉ាងខ្លាំង។
មន្ត្រី ស្រុក ក្រុង ឃុំ សង្កាត់ និងស្មៀនចូលរួមមានចំនួន៦៨០នាក់។ ថ្លែងក្នុងកិច្ចប្រជុំនោះលោក គោ ស៊ុំ សារឿត បាននិយាយសង្កត់ធ្ងន់ៗដល់ស្មៀនថា នឹងដកចេញពីមុខដំណែង បើស្មៀនណាមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុង តាមបទបញ្ជាថ្នាក់ខេត្ត និងមិនគោរពតាមវិជ្ជាជីវៈរបស់ខ្លួននោះ ហើយកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ ស្មៀនត្រូវគិតអំពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំផង។ កុំអាងថាគ្មានអ្នកណាអាចដកខ្លួនបានឲ្យសោះក្រៅពីក្រសួងមហាផ្ទៃនោះ។ លោកបាននិយាយបន្តថា រយៈពេលកន្លងមកគាត់បានដកមុខងារស្មៀនឃុំម្កាក់ម្នាក់បញ្ឈរជើងដើម្បីទុកជាគំរូដល់ស្មៀនក្រោយៗទៀត។ ចំពោះមេឃុំ និងចៅសង្កាត់ទាំងអស់វិញលោកក៏បានធ្វើការព្រមានយ៉ាងធ្ងន់ៗដែរថា រយៈពេលកន្លងមកមានមេឃុំ និងចៅសង្កាត់មួយចំនួនបានប្រព្រឹត្តិខុសឆ្គងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដូចជាធ្វើឯកសារ និងលិខិតផ្សេងៗយកលុយពីប្រជាពលរដ្ឋខុសពីប្រក្រតីនិងធ្វើការព្រមានដល់មេ ឃុំនិងចៅសង្កាត់កុំយកដៃទៅសេញ៉េទិញលក់ដីរបស់ឈ្មួញក្នុងឃុំសង្កាត់ខ្លួនឲ្យសោះព្រោះវាមិនមែនជាតួនាទី និងភារកិច្ចរបស់ខ្លួនឡើយ។ បញ្ហាលក់និងទិញដីនេះផ្នែកមន្ត្រីសុរិយោដីទើបអាចចេញបាន។
លោកគោ ស៊ុំ សារឿតបាននិយាយបន្តថា រាល់ឯកសារពាក់ព័ន្ធទៅនឹងឃុំសង្កាត់ ស្រុក ក្រុង និងមន្ទីរ ត្រូវបញ្ជូនទៅច្រកចេញចូលតែមួយដើម្បីដោះស្រាយ និងឲ្យមេឃុំចៅសង្កាត់ជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងភូមិឃុំឲ្យមានសុវត្ថិភាពទាំង៩យ៉ាងដូចជា គ្មានក្មេងទំនើងក្នុងភូមិ គ្មានល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិ គ្មានចោរលួចចោរប្លន់ ទប់ស្កាត់និងបង្ក្រាបការជួញដូគ្រឿងញៀនក្នុងភូមិ ឲ្យប្រជាពលរដ្ឋចេះគោរពច្បាប់ចរាចរចូលរួម និងធ្វើការផ្តល់ព័ត៌មានជូនដល់សមត្ថកិច្ចក្នុងមូលដ្ឋានចុងក្រោយលោកបានផ្ដាំផ្ញើដល់ស្រុកក្រុង និងមេ ឃុំចៅសង្កាត់ទាំងអស់ត្រូវគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំដើម្បីឲ្យមានការរីកចម្រើននិងអភិវឌ្ឍន៍បន្ថែមទៀត៕