រដ្ឋមន្ត្រីក្រសួងសុខាភិបាលនីហ្សេរីយ៉ា បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទមុននេះ ទីក្រុងឡាហ្គោស របស់ប្រទេសនីហ្សេរីយ៉ា បានប្រកាសការឆ្លងវីរុសអ៊ីបូឡា១០ករណី ដែលកាលពីមុនមានត្រឹមតែ៧ករណីប៉ុណ្ណោះ បើទោះជាមកទល់នឹងពេលនេះ អ្នកស្លាប់មានត្រឹម២នាក់ក៏ដោយ។
លោកអូនយេប៊ូឈី ឈូកវ៉ា គឺជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនីហ្សេរីយ៉ា បាននិយាយប្រាប់សន្និសីទកាសែតថា អ្នកឆ្លងវីរុសនេះ គឺជាមនុស្សទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយជនរងគ្រោះចុងក្រោយឈ្មោះ ភែតទ្រីក ស.យើ ដែលបានដួលសន្លប់ អំឡុងពេលមកដល់អាកាសយានដ្ឋានអន្តរជាតិឡាហ្គោស កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ហើយក្រោយមកលោកក៏បានស្លាប់។ រីឯអ្នកគ្រូពេទ្យម្នាក់ដែលបានព្យាបាលលោក មិនបានដឹងមុនពីរោគសញ្ញានៃវីរុស ហើយនិងមិនបានពាក់ឧបករណ៍ការពារនោះ បានស្លាប់ផងដែរ។
លោកឈូកវ៉ា បានឲ្យដឹងទៀតថា នៅក្នុងចំណោមមនុស្ស១៧៧នាក់ ដែលសង្ស័យឆ្លងថាវីរុសអេបូឡា បានស្ថិតនៅក្រោមការសង្កេតយ៉ាងដិតដល់បំផុតពីគ្រូពេទ្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
គួរឲ្យដឹងថា ការរីករាលឆ្លងនៃវីរុសអេបូឡា នៅអាហ្វ្រិកខាងលិច មានស្ថានភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការរីកដាលឆ្លងថ្នាក់អន្តរជាតិរបស់វីរុសដ៏កាចសាហាវនេះ៕