កំពង់ចាម ៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជូន កម្លាំងនគរបាល ពិសេស ទៅជួយអន្តរាគមន៍ភ្លាមៗ ជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ដែលស្ថិតនៅ ជាប់មាត់ទន្លេ ក្នុងភូមិគរគី ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារតែ ផ្ទះប្រជាពលរដ្ឋទាំងនោះ បានប្រឈម និងការបាក់ស្រុត ចូលទឹកទន្លេ ។
មន្រ្តីនគរបាល ស្រុកស្រីសន្ធរ បានថ្លែងឲ្យដឹងថា ក្រោយពីចុះជួយ អន្តរាគមន៍ របស់កម្លាំង នគរបាល ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក និងមូលដ្ឋាន ព្រមទាំងមានការ ចូលរួម សហការ ពីកម្លាំង អាជ្ញាធរ ប្រជាពលរដ្ឋ មូលដ្ឋាន ជាច្រើននាក់មកនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ធំៗ ត្រូវបានជួយ រុះរើ រួចជាស្ថាពរ កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៤ ដោយមិនបានធ្លាក់ ចូលទឹកទន្លេនោះទេ ។
មន្រ្តីនគរបាល បានបន្តទៀតថា បើមិនបាន ជួយអន្តរាគមន៍ ទាន់ពេលវេលានោះទេ នោះផ្ទះរបស់ ប្រជាពលរដ្ឋ ព្រមទាំងទ្រព្យសម្បត្តិ នៅក្នុងផ្ទះ នឹងបាក់ចូលទឹកទន្លេគ្មាន សល់នោះឡើយ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោក បែន រ័ត្ន បានថ្លែងថា ក្រោយពីទទួល ព័ត៌មានថាផ្ទះ ប្រជាពលរដ្ឋ កំពុងទទួលការ គំរាមកំហែង ពីការបាក់ច្រាំងនោះ លោកបានបញ្ជូន កម្លាំងនគរបាល ពិសេស មួយក្រុម ទៅជួយរុះរើ ជាមួយកម្លាំង នគរបាល អាជ្ញាធរ និងប្រជាពលរដ្ឋ មូលដ្ឋាន ដើម្បីឲ្យរួច ផុតពីគ្រោះមហន្តរាយ មួយនេះ។
បើតាមលោកស្នងការ បើទោះបីជាទឹកទន្លេមេគង្គ ចាប់ផ្តើមស្រក ទៅហើយ តែគ្រោះមហន្តរាយ ដូចជា ការបាក់ច្រាំងនោះ មិនទាន់រួចផុត នៅឡើយទេ៕