Wednesday, July 16, 2014

តុលាការ ចោទប្រកាន់ បេក្ខជន តំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ២នាក់ថែមទៀត រឿងប៉ះទង្គិចគ្នា នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ មន្រ្តីរបស់គណបក្សសង្រ្គោះជាតិ បាននិយាយថា ក្រៅពីការឃាត់ខ្លួន មន្រ្តី និង បេក្ខជនតំណាង រាស្រ្ត ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ៦នាក់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដានេះ បានចោទប្រកាន់ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត CNRP ចំនួន២នាក់ថែមទៀត ពាក់ព័ន្ធនឹង អំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ បណ្តាលឱ្យសន្តិសុខ ៣៨នាក់របួស ។
លោក ឡុង រី បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត បន្ទាយមានជ័យ គណបក្សសង្រ្គោះជាតិ បានថ្លែងឱ្យដឹងថា សាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចោទប្រកាន់ រូបគាត់ និង លោក នុត រំដួល ប៉ុន្តែពុំទាន់ទទួលបាន ដីកាកោះហៅ នៅឡើយនោះទេ៕
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នា នៅក្បែរទីលានប្រជាធិបតេយ្យ កាលព្រឹកថ្ងៃទី១៥ ខែកក្កដា កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះមាន លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខេត្តបាត់ដំបង លោក ម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខេត្តកំពង់ធំ  លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រនៅភ្នំពេញ លោក កែវ ភារម្យ បេក្ខជនតំណារាស្ត្រជាប់ឆ្នោតខេត្តក្រចេះ និងលោក  រៀល ខេមរិន្ទ បេក្ខជនតំណារាស្ត្រជាប់ ឆ្នោតខេត្តស្វាយរៀង ។ ដោយឡែក នៅព្រឹកមិញ ខណៈសកម្មជនគណបក្សសង្រ្គោះជាតិ ជួបជុំគ្នា នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ច ក៏បានឃាត់ខ្លួន មន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ទៀត ដែលជាជំនួយ ការ របស់លោកស្រីមួរ សុខហួរ គឺលោក អឿ ណារិទ្ធ បានម្នាក់ទៀតផងដែរ។
ទោះជាយ៉ាងនេះក្តី បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោត របស់គណបក្សប្រឆាំង និងមន្រ្តីCNRP ទាំង៦នាក់នេះ ក៏ត្រូវបានចៅក្រមអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ព្រៃស ក្រោយពីបញ្ចប់ ការសាកសួរ និងធ្វើការចោទ ប្រកាន់រួចមក កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ៕
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/90680-2014-07-16-13-30-22.html