ភ្នំពេញ ៖ អង្គការសង្គមស៊ីវិលដែលបានតាមដានការវិវត្តន៍នយោបាយនៅក្នុងប្រទេសកម្ពុជាបានសម្ដែងការស្វាគមន៍ចំពោះជំហររបស់មេដឹកនាំគណបក្សនយោបាយទាំងពីរដែលឈានទៅដល់ស្វែងរកដំណោះស្រាយមួយប្រកបដោយសន្ដិវិធី និងធ្វើការរួមគ្នានៅក្នុងរដ្ឋសភាដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ហើយបានបញ្ជាក់ថា ប្រសិនបើអ្នកនយោបាយប្រកាន់ទស្សនៈបែបនេះជារៀងរហូត ប្រទេសកម្ពុជានឹងទទួលបាននូវប្រវត្តិសាស្ដ្រមួយដ៏ល្អសំរាប់កូនចៅជំនាន់ក្រោយ។
លោក ចាន់ សុវ៉េត មន្ដ្រីស៊ើបអង្កេតរបស់សមាគមន៍អាត់ហុកដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានមានប្រសាសន៍ថា នៅពេលដែលអ្នកនយោបាយមិនប្រកាន់យកនៅជំហរ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» គឺមិនបានសុខសន្ដិភាពទេ ពីព្រោះពាក្យនេះគឺជាគន្លឹះនៃការគុំគួនគ្នា ហើយការគុំគួននេះធ្វើអោយប្រទេសយើងធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ។ លោកបន្ដថា កន្លងមកដែលប្រទេសយើងទទួលរងគ្រោះមហន្ដរាយនោះគឺដោយសារតែទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនឹងឯង។ លោកលើកឡើងថា «ខ្ញុំមើលឃើញថា ប្រសិនបានចូលសភាទាំងអស់គ្នាបែបនេះគួរតែជ្រើសរើសយកមូលដ្ឋានសមស្របណាមួយដែលយើងគិតថា ជារឿងល្អ ហើយជៀសវាងឬបោះបង់ចោលនូវរឿងអាស្រូវពីអតីតកាល ហើយគម្បីធ្វើនូវរឿងការងាររួមដៃគ្នា ដូចជាខាងសង្គ្រោះជាតិធ្វើអ្វីមួយផ្សេងសំរាប់ប្រជាជន ហើយគណបក្សប្រជាជនធ្វើអ្វីមួយផ្សេងសំរាប់ប្រជាជន ឬកំហុសឆ្គងផ្សេងទៀតដែលកើតពីអតីតកាលដែលមានផលប៉ះពាល់គួរតែកែសម្រួលវាដើម្បីអោយប្រជាជនធ្វើការគាំទ្រកាន់តែច្រើនឡើង ហើយប្រសិនបើអ្នកទាំងពីរប្រកាន់នូវជំហរគុំគួននេះដោយមិនបំភ្លេចនូវអតីតកាល ឬជូរចត់ចោលនោះទេធ្វើអោយស្ថានភាពនេះនៅតែមានភាពវឹកវរដដែល»។
លោក ចាន់ សុវ៉េត បានលើកឡើងដែរថា អ្នកនយោបាយគួរតែជាអ្នកនយោបាយដែលមានគំនិតអភិវឌ្ឍន៍ សូមកុំអោយអ្នកនយោបាយធ្វើឡើងដើម្បីបំផ្លាញ ដើម្បីកម្ទេចដូចអ្នកនយោបាយកាលពីសម័យប៉ុល ពត គឺយើងមិនចង់អោយអ្នកនយោបាយដើរតួបែបនេះតទៅទៀតទេ ពីព្រោះថ្មីៗនេះអតីតមេដឹកនាំបក្សនយោបាយនាសម័យនោះបានទទួលការកាត់ទោសអោយជាប់គុកអស់មួយជីវិតដូច្នេះអ្នកនយោបាយបច្ចុប្បន្នគួរតែយកបញ្ហានេះមកធ្វើការសិក្សា ឬធ្វើជាមេរៀនដើម្បីធ្វើយ៉ាងណាអោយកូនចៅជំនាន់ក្រោយឈានទៅដល់អារិយ្យប្រទេសនិងគេ ពីព្រោះសព្វថ្ងៃនេះយើងមានការខ្មាសគេផងដែរ ដោយសារតែមានពលករចាកចេញទៅក្រៅប្រទេសច្រើន ខណៈដែលប្រទេសរបស់យើងមានធនធានធម្មជាតិដូចប្រទេសគេដែរនោះ។
ចំណែកលោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាដែលជាអង្គការធ្វើការផ្នែកអំពើពុករលួយនៅក្នុងសង្គមបានមានប្រសាសន៍ដែរថា នេះគឺជាពេលវេលាដែលយើងអបអរសាទរមួយខណៈពេលដែលអ្នកនយោបាយកំពូល និងតួអង្គនយោបាយសំខាន់ៗបានចាប់ផ្ដើមនិយាយរកគ្នា ចាប់ផ្ដើមអង្គុយជជែកគ្នាដើម្បីធ្វើការបំរើប្រជាជន បំរើប្រទេសជាតិ ហើយក្នុងនោះថែមទាំងមានឆន្ទៈបង្កើតអោយមានការកែទម្រង់រដ្ឋធម្មនុញ្ញ ឬស្ថាប័នជាតិសំខាន់ៗដើម្បីឈានទៅបញ្ចប់ទំនាស់នយោបាយនាពេលបច្ចុប្បន្ន ហើយរៀបចំអន្តរកាលដឹកនាំតទៅមុខទៀត ដើម្បីបញ្ចៀសនូវរបបនយោបាយដែលតែងតែលើកឡើងថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ពីព្រោះពាក្យនេះចង់និយាយថា នៅពេលដែលមានការផ្លាស់ប្ដូរការដឹកនាំ គឺការផ្ទេរអំណាចដោយសន្ដិវិធី តាមការបោះឆ្នោតដោយសេរី និងត្រឹមត្រូវបែបលទ្ធិប្រជាធិបតេយ្យ ហើយប្រសិនបើយើងអាចធ្វើបានបែបនេះមែនគឺជាការបំបែកឯកត្តកម្មប្រវត្តិសាស្ដ្រ។ ដោយសារតែប្រទេសកម្ពុជាយើង ជាច្រើនលើកច្រើនសាររួចមកហើយនៅពេលមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំមិនដែលធ្វើដោយសន្ដិភាព ឬសន្ដិវិធីនោះទេ គឺអោយតែមានដូររបបពីមួយទៅមួយគឺច្រើនតែបង្ហូរឈាម ដូចជាការកាប់សម្លាប់បង្ហូរឈាមជាដើម ហើយប្រសិនបើអ្នកនយោបាយនៅពេលនេះអាចធ្វើការផ្លាស់ប្ដូរដោយសន្ដិវិធីបានគឺជាប្រវត្តិសាស្ដ្រមួយនៃសង្គមខ្មែរ៕