(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យស៊ើបអង្កេតឡើងវិញ ទៅលើសំណុំរឿងប្តីប្រពន្ធឧកញ៉ា ២នាក់ ដែលពាក់ព័ន្ធនឹងករណី «រំលោភលើទំនុកចិត្ត» លើកូនស្រីរបស់នាយឧត្តមសេនីយ៍ ផ្កាយ៤ មាស សុភា ចំនួន២,៥លានដុល្លារ តាមរូបភាពលក់ផ្ទះវិឡាមួយកន្លែង ឲ្យភាគីដើមបណ្តឹងម្នាក់ ប្រព្រឹត្តកាលពីឆ្នាំ២០១៣ ។
តុលាការប្រកាសសាលក្រមចាត់របៀប និងបង្វិលសំណុំរឿងក្តីនេះ ឲ្យស៊ើបអង្គេតឡើងវិញ ដោយសារតែមានរឿងជាប់មន្ទិលសង្ស័យជាច្រើនទៀត។ លោក តាំង ស៊ុនឡាយ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ទាំង២នាក់ ខាងលើនេះមានឈ្មោះ ឧកញ៉ា សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាពាណិជ្ជករ និងជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តបន្ទាយមានជ័យ និងឈ្មោះ ផាន់ ដាវី ភេទស្រី អាយុ ៣៥ឆ្នាំ ជាប្រពន្ធ។
អ្នកទាំង២នាក់ ត្រូវបានចោទប្រកាន់ពី «រំលោភលើទំនុកចិត្ត» ជាប់ពាក់ព័ន្ធនឹងករណីខ្ចីប្រាក់ចំនួន ២,៥លាន ដុល្លារអាមេរិក ដោយបញ្ជាំប្លង់ ផ្ទះវីឡាមួយកន្លែងឲ្យទៅ លោកស្រី មាស សុភារី ជាកូនស្រី របស់នាយឧត្តមសេនីយ៍ មាស សុភា ក៏ប៉ុន្តែក្រោយមកពួកគេ បានផ្ទេរកម្មសិទ្ធិរបស់ខ្លួន និង ផ្ទះវីឡានោះ បន្តទៅឲ្យភាគីទី២ ម្នាក់ ទៀត ដើម្បីខ្ចីចំនួន ២,៦ លានដុល្លារ យកប្រាក់មកទូទាត់ នៅក្នុងការជំពាក់ប្រាក់គេនៅក្នុងការរកស៊ីកន្លងទៅ។
សូមជំរាបថា បច្ចុប្បន្នឧកញ៉ា សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ កំពុងជាប់ឃុំនៅពន្ធនាគារ ព្រៃស ចំណែកប្រពន្ធឈ្មោះ ផាន់ ដាវី ស្ថិតនៅក្រៅឃុំ៕
ប្រភពព័ត៌មាន៖ Fresh News
