(ភ្នំពេញ)៖ លោក Mohamed Bin Abdullah Al Ramaihi អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រទេសកាតា បានសម្តែងការចាប់អារម្មណ៍ និង បង្ហាញពីគោលបំណង នៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា។ ការលើកឡើងបែបនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមអនុរដ្ឋមន្រ្តីកាតា ជាមួយគណៈប្រតិភូបាន បានអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្រៅពីវិស័យនេះភាគីកាតា ក៏បានចាប់អារម្មណ៍ ទៅលើការវិនិយោគវិស័យ ឧស្សាហកម្មផ្នែក ផលិតផលហាឡាល់នៅកម្ពុជា ដើម្បីបំពេញតម្រូវការដល់ អ្នកប្រើប្រាស់ក្នុងតំបន់ និង នាំចេញទៅកាន់បណ្តាប្រទេសនានា ដើម្បីប្រកួតប្រជែង នៅលើទីផ្សារពិភពលោក ដែលឧស្សាហកម្មហាឡាល់ ជាវិស័យដែលបាន និងកំពុងបំពេញតម្រូវការ ចាំបាច់សម្រាប់អ្នក ប្រើប្រាស់ជាទូទៅ ហើយក៏ជាប្រភពមូលដ្ឋានសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ជាតិផងដែរ។
លោក Mohamed Bin Abdullah Al Ramaihi អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រទេសកាតា បានសរសើរ ចំពោះគោលនយោបាយ ដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានស្តារឡើងវិញ នូវសេដ្ឋកិច្ចប្រទេសជាតិ ឲ្យមានការរីកចំរើន គួរឲ្យកត់សម្គាល់ ជាការសង្កេតឃើញ ភាពជាក់ស្តែង សព្វថ្ងៃកម្ពុជាកំពុងតែ បោះជំហានទៅមុខ លើការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងសាសនា ដែលបានប្រែក្លាយរូបរាងថ្មីមួយ សម្រាប់កម្ពុជា អោយមានសន្ទុះ ជឿនលឿន ខុសពីកម្ពុជា ប្រមាណជាង៣០ឆ្នាំមុន ដែលកម្ពុជាត្រូវបាន លេចលឺពាសពេញពិភពលោកថា ជាទឹកដីសមូរភូមិ និងការបំផ្លិចបំផ្លាញ គ្មានសល់។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឲ្យតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់អនុរដ្ឋមន្រ្តីកាតា លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-កាតា ជាពិសេស លើវិស័យពាណិជ្ជកម្ម អចលនទ្រព្យ និងឧស្សាហកម្មហាឡាល់នេះ ដោយលោកបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញ និង បើកទ្វារទូលាយ ដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកវិនិយោគគ្រប់វិស័យ នៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភពព័ត៌មាន៖ Fresh News
