(កំពង់ធំ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនតាមរយៈការ ចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួនជាង២០០០ នាក់ដោយឥតគិតថ្លៃ នៅស្រុកបារាយ ខេត្តកំពង់ធំ ដែលសកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំនួន១០៨នាក់ និងមានការការចូល តំណាងរាស្រ្តមណ្ឌលកំពង់ធំ មន្ត្រីរាជរដ្ឋាភិបាល អជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពង់ធំនិងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោត្រូវបានបង្កើតឡើងតាមអនុសាសន៍ណែនាំដ៍ឈ្លាសវៃប្រកបដោយការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនតាមរយៈស្នើរឱ្យថ្នាក់ដឹកនាំនិងក្រុមការងារនៃសមាគម ចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានាដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
លោកបណ្ឌិតបន្ថែមថា «ជាក់ស្តែងថ្ងៃនេះ គឺជាទិវានៃសេចក្តីស្រឡាញ់ យើងទាំងអស់គ្នាបានផ្តល់នុវការគោរពស្រឡាញ់ជូនចំពោះប្រជាពលរដ្ឋតាមរយៈការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងស្រុកបារាយ ខេត្តកំពង់ធំនៅពេលនេះ និងជាការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងកំពង់ធំ ដែលបានផ្តល់នូវការគាំទ្រនិងជំនឿទុកចិត្តយ៉ាងមុតមាំចំពោះការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ»។
តាមរបាយការណ៌របស់គ្រូពេទ្យបានឱ្យដឹងថា ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកំពង់ធំនៅពេលនេះ បានពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ វះកាត់តូច ព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យភ្នែកត្រចៀកបំពង់ក ពិនិត្យអេកូបេះដូង សរុបទាំងអស់ជាង២០០០នាក់៕
ប្រភពព័ត៌មាន៖ Fresh News
