ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការ គួរសមជាមួយលោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា លោកស្រី Erma Suryani Ranik អនុប្រធាន គណៈកម្មាធិការអន្តរសភា នៃសភាក្រុមប្រឹក្សាតំបន់ នៃប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា កម្ពុជា មានការអភិវឌ្ឍបានឆាប់រហ័ស។
យោងតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ម៉ម ប៊ុននាង បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកស្រី Erma Suryani Ranik បានមានប្រសាសន៍ស្ញើចសរសើរនូវការអភិវឌ្ឍដ៏ឆាប់រហ័ស នៃ ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ហើយមានការកើនឡើង នៃភ្ញៀវទេសចរ និងប្រជាជនឥណ្ឌូនេស៊ី ក៏បានមក ទស្សនាច្រើន ជាពិសេស នៅប្រាសាទអង្គរ។
អ្នកនាំពាក្យរូបនេះ បន្តថា “(គណៈប្រតិភូ)ព្រឹទ្ធសភាឥណ្ឌូនេស៊ី មកទស្សនកិច្ច ដើម្បី មករឹតចំណងមិត្តភាព រវាងកម្ពុជា និងឥណ្ឌូនេស៊ី”។
លោកបញ្ជាក់ថា ការរឹតចំណងមិត្តភាពនេះដែរ គឺមានតាំងពីសម័យអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ១៩៦២ និងបានផ្តាច់ការទាក់ទងនៃប្រទេសទាំងពីរ នៃក្នុងសម័យ ខ្មែរក្រហម ឥឡូវនៅក្នុងសម័យ សម្តេចតេជោនេះ គឺទំនាក់ទំនង រវាងប្រទេសទាំងពីរ មានភាពល្អ និងបានជួយគ្នាទៅវិញទៅមក លើការងារក្នុង ឆាក អន្តរជាតិ និងការទូត៕
ប្រភព៖http://www.dap-news.com/2011-06-14-02-39-55/90761-2014-07-18-03-15-51.html