Tuesday, July 29, 2014

វិចារណកថាៈ ជនមានចេតនា បំផ្លាញ ព្រះពុទ្ធសាសនា គួរតែទទួល ទោសតាមច្បាប់

ករណីបុគ្គល ធាន វុទ្ធី ដែលមានងារ ជាព្រះគ្រូធម្មាចារ្យ តាំងខ្លួនជាតាប សស្លៀកសពាក់ស ហើយតាំង ខ្លួនដូចជា ព្រះសិអារ្យមេត្រិយ ប្រព្រឹត្ត អំពើមិនគប្បី កំពុងតែទទួលរងនូវការរិះគន់យ៉ាងខ្លាំង ក្លាពីមហាជន ។ ជាក់ស្តែងប្រជាពល រដ្ឋខ្មែរប្រមាណ៩០ភាគរយ ដែលប្រណិប័តន៍ ព្រះពុទ្ធសាសនាកំពុងចាប់អារម្មណ៍ ទៅលើបញ្ហានេះ ហើយចាត់ទុកថា ជា អំពើបោកប្រាស់មួយ បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធគួរចាត់វិធាន ការជាបន្ទាន់ទៅលើបុគ្គល ធាន វុទ្ធី ដើម្បីកុំឲ្យ ជននេះបន្តបំផ្លាញព្រះពុទ្ធសាសនាស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀត ព្រោះអាចធ្វើឲ្យអាប់ឱន ដល់ព្រះពុទ្ធ សាសនាផងដែរ ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរទូទៅមិនគួរជឿស្លុងទៅលើជំនឿ មិនសមហេតុផលនោះទេ ហើយមុនពេលធ្វើអ្វីមួយត្រូវ តែពិចារណាឲ្យបាន គ្រប់ជ្រុង ជ្រោយដើម្បីចៀស វាងនូវការចាញ់ បោកប្រាស់ដូចជាបុគ្គល ធាន វុទ្ធី បានប្រព្រឹត្តកន្លងទៅនេះ ។
ដោយសារតែទង្វើ មិនប្រក្រតីរបស់បុគ្គល ធាន វុទ្ធី ត្រូវបានផ្សព្វផ្សាយជា សាធារណៈទើប កាលពី រសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹក នាំព្រះសង្ឃជាច្រើនអង្គបានចុះទៅ សិក្សាស្វែងយល់រកការពិតដែលបុគ្គល ធាន វុទ្ធី ប្រព្រឹត្តធ្វើឲ្យ ប៉ះពាល់សេចក្តីថ្លៃថ្នូរនៃ ព្រះពុទ្ធសាសនាក៏ដូចជាពុទ្ធបរិ ស័ទនៅវត្តទួលរាជា ។ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំព្រះសង្ឃដែលចុះទៅស្វែងយល់ការពិត បានវាយតម្លៃថា សកម្មភាព របស់បុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះទី៥ទ្រង់ព្រះនាមសិអារ្យមេត្រិយពិតជាបានប្រព្រឹត្តកំហុស ឆ្គងធ្ងន់ធ្ងរ ធ្វើឲ្យមានចលាចល នៅទូទាំងប្រទេស ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងធម្មការ និង សាសនាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល ធាន វុទ្ធី ដែលបានធ្វើ សកម្មភាព បង្កឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់ទូទាំងប្រទេស ។ ជាពិសេសជនរួមជាតិខ្មែរ ដែលជាអ្នកគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន កំពុងរង់ចំាំ មើលចំណាត់ការរបស់ក្រសួងធម្មការ និង សាសនាទៅលើជនបោកប្រាស់ ធាន វុទ្ធី ផងដែរ ។
ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ក៏ដូចជាថ្នាក់ដឹកនាំព្រះសង្ឃបានបញ្ជាក់រួចមកហើយថា ទង្វើរបស់ បុគ្គល ធាន វុទ្ធី គឺជាទង្វើបែកឆ្វេងមួយធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ក៏ដូចជា ជំនឿរបស់ពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស ដែលគោរពព្រះពុទ្ធសាសនា រាប់សតវត្សរ៍ មកហើយ ។ ក្នុងនោះជំហានដំបូងក្រ សួងធម្មការ និងសាសនាត្រូវតែកោះហៅបុគ្គល ធាន វុទ្ធី ទៅណែនាំ អប់រំកុំឲ្យប្រព្រឹត្តអ្វីៗស្រេចតែក្បាលចិត្តរបស់ខ្លួនត ទៅទៀត ព្រោះជាការបំផ្លាញព្រះពុទ្ធសាសនា យ៉ាង គឃ្លើន ។ បន្ទាប់មកប្រសិនបើបុគ្គល ធាន វុទ្ធី មិនចូលខ្លួនទៅបំភ្លឺ តាមការកោះហៅ របស់ក្រសួងធម្មការ និងសាសនា ទេនោះគឺក្រសួងត្រូវធ្វើលិខិតទៅរាជរដ្ឋាភិបាលដើម្បីចាត់វិធានការ លើជនបោកប្រាស់ ដដែលតាមផ្លូវច្បាប់តែម្តង ។ ទោះជាយ៉ាងណាក្រោយពេលរឿង ដ៏អាក្រក់នោះត្រូវបានបែកធ្លាយជា សាធារណៈគឺបុគ្គល ធាន វុទ្ធី និងព្រះសង្ឃ៦អង្គទៀតបានចាកចេញពីវត្តទួលរាជារួចទៅហើយ ដូច្នេះ ក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវតាមដានបញ្ហានេះឲ្យ បានដិតដល់ដើម្បីកុំឲ្យពួកគេគេចផុត ពី សំណាញ់ច្បាប់ចំពោះចេតនាតាំងខ្លួនជា ព្រះសិអារ្យមេត្រិយដើម្បី បំផ្លាញព្រះពុទ្ធសាសនាយ៉ាងកំរោល ។
គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៣កន្លង ទៅករណីចោរ លួចព្រះបរមសារីរិកធាតុ និងព្រះពុទ្ធ រូបចេញពីព្រះ ពុទ្ធរូបចេញពីព្រះសក្យមុនីចេតិយលើភ្នំ ព្រះរាជ ទ្រព្យបានបង្កឲ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពុទ្ធបរិស័ទទូទាំង ប្រទេស ហើយធ្វើឲ្យប្រជាពុទ្ធបរិស័ទ សម្តែងសេចក្តី ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការ ធ្លាក់ចុះនៃព្រះពុទ្ធសាសនា ។ ទាក់ទងនឹងបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំង សមត្ថកិច្ច ក្រសួងមហាផ្ទៃចំណាយអស់រយៈ ពេលជាច្រើនខែទើប វែកមុខចោរដែលជា អ្នកលួចព្រះបរមសារីរិកធាតុ និងព្រះពុទ្ធរូបដែលចោរលួចនោះមកវិញ ។ ឥឡូវនេះស្រាប់តែមាន រឿងអាស្រូវបុគ្គល ធាន វុទ្ធី ចេញមក ធ្វើសកម្មភាព បំផ្លាញព្រះពុទ្ធសាសនា យ៉ាងគឃ្លើនថែមទៀត នាំឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ដូច្នេះក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង និងស្ថាប័ន ពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល ធាន វុទ្ធី ដើម្បីជាការព្រមានព្រោះជននេះមានចេតនាបំផ្លាញព្រះ ពុទ្ធសាសនាទៅតាមល្បិចបោក ប្រាស់ដ៏ ខ្មៅងងឹតរបស់ខ្លួន ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលមានវ័យចំណាស់ និងកាន់សីលទានពិតប្រាកដបានលើកឡើងថា ព្រះពុទ្ធ បរមគ្រូនៃ យើងបានត្រាស់ ដឹងក្រោមដើមពោធិ៍ព្រឹក ហើយសាសនារបស់ព្រះអង្គត្រូវ បានពុទ្ធបរិស័ទ ទូទាំងសកលលោកប្រណិ ប័ត្រយ៉ាងខ្ជាប់ខ្ជួនរយៈពេលជាង ២៥៥៨ឆ្នាំមកហើយ ។ ចំណែកបុគ្គល ធាន វុទ្ធី ដែលជាជនបោកប្រាស់ក្នុងចេតនាបំ ផ្លាញព្រះពុទ្ធសាសនាតាមល្បិច អាក្រក់របស់ខ្លួនគួរ តែបញ្ជូន ឲ្យទៅត្រាស់ដឹងនៅក្នុងគុកព្រៃស ដើម្បីជាការព្រមានកុំឲ្យ ជននេះមានគំនិតបែកឆ្វេង ធ្វើអ្វីៗតាម អំពើចិត្តរបស់ខ្លួនតទៅទៀត ។ ជាមួយគ្នានេះដែរប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រ ទេសមិនគួរមានជំនឿ មិនសមហេតុផលណាមួយនោះទេ ព្រោះព្រះពុទ្ធបរមគ្រូនៃយើងមានពុទ្ធឱវាទទូន្មានថា ត្រូវជឿអ្វី មួយដោយបញ្ញា ព្រោះការជឿដោយងងឹតងងុល អាចធ្វើឲ្យខូចប្រយោជន៍ដល់ខ្លួនជាមិនខាន ។ មាន ន័យថា ក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរលើកលែងឲ្យបុគ្គល ធាន វុទ្ធី ដែលបង្កចលាចលទូទាំង ប្រទេស នោះទេ ហើយទីកន្លែងដែល ស័ក្តិសមសម្រាប់ជននេះតា្រស់ដឹងគឺពន្ធនាគារព្រៃសតែម្តង ៕