ភ្នំពេញ៖ បន្ទាប់ពីការប្រកាស របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថានឹងមានជំនួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចន្ទ តទៅដើម្បីឈានទៅ បញ្ចប់វិបត្តិនយោបាយ នៅកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់ទាំងពីរ គណបក្សបញ្ជាក់ថា នៅមិនទាន់ច្បាស់ថា នឹងមានជំនួបជាថ្មីឬក៏ យ៉ាងណានោះទេ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ថ្ងៃអាទិត្យទី២០កក្កដា ឆ្នាំ ២០១៤ នេះ ទាំងលោក ជាម យៀប និង លោក ញ៉ែម បុញ្ញាឫទ្ធ ដែលជាសមាជិក ក្រុមចរចាបានលើកឡើង ស្រដៀងគ្នាថាគ្រាន់តែ បានព័ត៌មាន ថានឹងមានជំនួបចរចា នាពេលឆាប់ៗ ប៉ុន្តែថ្ងៃបរិច្ឆេទ នៅមិនទាន់ដឹង។
លោក ជាម យៀប សមាជិកសភាមកពី គណបក្សប្រជាជន កម្ពុជាថ្លែងថា" ខ្ញុំមិនទាន់ដឹងថាយើង ជួបចរចាគ្នានៅថ្ងៃចន្ទ ឬថ្ងៃណានោះទេ ព្រោះសិទ្ធសម្រេច អាស្រ័យទៅលើ ឆន្ទានុសិទ្ធរបស់អនុប្រធាន គណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ។ តែយើងស្វាគមន៍ការប្រកាស ជំហរចរចារបស់ លោក សម រង្ស៊ី"។
លោក ញ៉ែម បុញ្ញាឫទ្ធ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិថ្លែងថា " រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ ទទួលបានចម្លើយ បែបណាពីឯកឧត្តម គួយ ប៊ុនរឿន បើមានការណាត់ជួប គាត់នឹងប្រាប់។ ស្អែកយើងមិនទាន់ ប្រាកដថាជួបឬក៏មិនជួបនោះគ្រាន់តែ អាចមានសង្ឃឹម"។
លោក សម រង្ស៊ី កាលពីថ្ងៃសៅរ ទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោយដំណើរវិលត្រឡប់ពី ក្រៅប្រទេសវិញថ្លែងថា នឹងមាន ជំនួបចរចាជាមួយគណបក្ស ប្រជាជនកម្ពុជា ចាប់ថ្ងៃចន្ទតទៅ៕
From:http://www.dap-news.com/2011-06-14-02-39-55/90884--cpp--cnrp--.html