ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរួមរបស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលគណបក្សគណបក្សទាំងពីរ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នឹងជួបចរចាដោះស្រាយបញ្ចប់បញ្ហានយោបាយ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជារាស្រ្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ផងដែរថា ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ធ្វើឡើងក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរពផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និង ប្រជារាស្រ្ត។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា «គណបក្សនយោបាយទាំងពីរ ឯកភាពគ្នាដោះស្រាយបញ្ចប់បញ្ហានយោបាយ ដែលកើតមានក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដោយផ្អែកលើមូលដ្ឋាន នៃការព្រមព្រៀងគ្នាជាគោលការណ៍រវាង សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤»។
សូមជំរាបថា លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោយដំណើរវិលត្រឡប់ពីក្រៅប្រទេសវិញ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា ភាពទ័លច្រកផ្នែកនយោបាយនៅកម្ពុជា នឹងមានពន្លឺក្នុងពេលឆាប់ៗនេះ ហើយក៏នឹងមានជំនួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២១ ខែកក្កដា តទៅផងដែរ។
ជាមួយនឹងការប្រកាសនេះ កាលពីម្សិលមិញក៏មានព័ត៌មានបង្ហើបឲ្យដឹងផងដែរថា ក្រុមការងារបច្ចេកទេសគណបក្សនយោបាយទាំងពីរ បានភ្ជាប់ទូរស័ព្ទរកគ្នាផ្លាស់ប្តូររូបមន្តកិច្ចចរចាមួយចំនួន ដាក់ទៅថ្នាក់ដឹកនាំពិនិត្យ និងធ្វើការសម្រេចផងដែរ៕