ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា ជាការវិនិយោគដោយក្រុមហ៊ុន វិនិយោគទុនអាណិកជន កម្ពុជា (OCIC) ដែលកំពុងដំណើរការទៅមុខ បានកំពុងដោះស្រាយ បញ្ហាផលប៉ះពាល់មួយចំនួន ដើម្បីឈាន ដល់បញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ។ ជាស្តែងនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនដោះស្រាយ ជូនពលរដ្ឋដែលជួបបញ្ហា ដោយបាន ផ្តល់ផ្ទះល្វែងជាន់ទី១ ទំហំ៤.២ម៉ែត្រ គុណ ១៤ម៉ែត្រ ចំនួន៥ល្វែង ស្ថិតក្នុងបុរីរុងរឿង ដល់ពលរដ្ឋ៥គ្រួសារ មកពីភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ការបង្ហាញផ្ទះ និងផ្តល់ផ្ទះជូនដល់ពលរដ្ឋក្រីក្រទាំង៥គ្រួសារ មានការចួលរួមពីតំណាងក្រុមហ៊ុន OCIC លោក ម៉ាន់ ឈឿន និង ចូលរួមជាសាក្សី ដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ស្ត្រី៥នាក់ តំណាងឲ្យអ្នកផ្ទះទាំង៥គ្រួសារ របស់ពួកគេ បានសម្តែងនូវក្តីសប្បាយរីករាយឥតឧប្បមា ពេលបាន ឃើញផ្ទះល្វែងរបស់ខ្លួន ដោយអ្នករំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯងមានសំណាង បានផ្ទះ ល្វែងជាទីជម្រកសោះឡើយ។ ស្រីទាំង៥នាក់នោះ ទី១ឈ្មោះ យ៉យ យ៉ន អាយុ៤៩ឆ្នាំ, ទី២ ឈ្មោះ ហោ យាន អាយុ ៦០ឆ្នាំ, ទី៣ ឈ្មោះ គង់ រតនា ៤៤ឆ្នំា, ទី៤ ឈ្មោះ ណាក់ យាន អាយុ ៥៤ ឆ្នាំ និងទី៥ ឈ្មោះ ឡាក់ សារឿន អាយុ ៣៦ឆ្នាំ ដែលមានផ្ទះនៅផ្លូវមួយ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា ដែលមានមុខរបរជាអ្នកប៉ះត្រកួន ដកក្រអៅឈូក លាងចានឲ្យគេ ប៉ុណ្ណោះ។
អ្នកស្រី យ៉យ យ៉ន អ្នកជាស្ត្រីមេម៉ាយមានកូន២នាក់ រស់នៅក្នុងជីវភាពខ្វះខាត បាននិយាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រីពិតជាមិនដែលគិតថា មានសំណាងបានរស់នៅក្នុងផ្ទះល្វែង ក្នុងតំបន់ប្រជុំមានផ្សារពីមុនមកទេ បន្ទាប់ពីលោកអគ្គនាយករងក្រុមហ៊ុន បានចុះពិនិត្យមើល ឃើញពួកគាត់ ខ្វះខាត ទើបក្រុមហ៊ុនមានចិត្តសណ្តោសប្រណី ក៏ហៅពួកគាត់ មកទទួលផ្ទះល្វែងនៅថ្ងៃនេះ ។
អ្នកស្រី យ៉យ យ៉ន និយាយក្នុងទឹកចិត្តរំភើបរហូតដល់ចេញទឹកភ្នែកថា «ខ្ញុំពិតជារំភើបណាស់ ចំពោះ សំណាងដែលអាចបានរស់នៅក្នុងផ្ទះថ្ម មិនដែលនឹកស្រមៃថាមានផ្ទះល្វែងនៅទេ ព្រោះសព្វថ្ងៃមានផ្ទះលើផ្លូវ ជីវភាពខ្វះខាត ពេលភ្លៀងម្តងរកកន្លែងជ្រកគ្មាន ។ តែពេលនេះដោយសារក្រុមហ៊ុន មានចិត្តល្អផ្តល់ផ្ទះឲ្យខ្ញុំនៅ និងផ្តល់ការងារឲ្យខ្ញុំធ្វើទៀត»។
មិនខុសអ្វីពីអ្នកស្រី យ៉យ យ៉ន នោះទេ អ្នកស្រី ហោ យាន មានអាយុ ៦០ឆ្នាំ សើចញញឹមបិទមាត់មិនជិត បាននិយាយថា អ្នកស្រីមានអាយុ៦០ឆ្នាំហើយ និងជិតដល់ពេលទៅវិញហើយ មិនដែលសង្ឃឹមសោះឡើយ ថាបានផ្ទះល្វែងនៅទេ តែអ្វីដែលអ្នកស្រីមិនធ្លាប់នឹកដល់នោះ បានកើតឡើង ព្រោះតែក្រុមហ៊ុនជាពិសេស អគ្គនាយករងក្រុមហ៊ុន លោកមានទឹកចិត្តល្អ អាណិតដល់អ្នកក្រ ទើបក្តីផ្តល់ផ្ទះល្វែងឲ្យអ្នកស្រី។
អ្នកស្រី ហោ ហាន ដែលមានកូន៣នាក់ និងចៅ៣នាក់ដែរនោះបានបន្តថា «រំភើបណាស់ រកអ្វីប្រៀបផ្តឹមគ្មានទេ ក្រុមហ៊ុនគាត់ចុះទៅមើលឃើញពួកយើងលំបាកផ្ទះលិច ពិបាករស់នៅទើបគាត់ហៅឲ្យមកទទួលផ្ទះល្វែង និង ប្រាប់ពីផ្ទះរបស់ពួកខ្ញុំដែលត្រូវបានពីក្រុមហ៊ុន»។
ស្ត្រីទាំង៥នាក់ ដែលត្រូវបានក្រុមហ៊ុនចែកផ្ទះឲ្យនេះ នឹងមករស់នៅបណ្តោះអាសន្ន នៅផ្ទះស្ថិតនៅបុរីរុងរឿង ព្រោះផ្ទះដែលពួកគាត់ទទួលបានក្រុមហ៊ុនកំពុងតែសាងសង់ ដោយសម្រេចបានប្រហែល៨០ភាគរយហើយ។ បន្ទាប់ពីសាងសង់រួចពួកគាត់ នឹងត្រូវចាប់ឆ្នោតដើម្បីកាន់កាប់ផ្ទះរបស់ខ្លួន។
តំណាងក្រុមហ៊ុន OCIC លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា តាមពិតពលរដ្ឋទាំង៥គ្រួសារខាងលើ មិនត្រូវបានគោលនយោបាយដោះស្រាយរបស់ក្រុមហ៊ុនទេ ព្រោះពួកគាត់សង់ផ្ទះរស់នៅលើផ្លូវប៉ុណ្ណោះ តែក្រុមហ៊ុនពិសេសអគ្គនាយករងក្រុមហ៊ុន លោក ទូច សំណាង ឃើញពួកគាត់ក្រីក្រ ជួបការលំបាកក៏ផ្តល់ជា ផ្ទះល្វែងជាន់ទី១ជូនពួកគាត់ និង ផ្តល់ការងារឲ្យពួកគាត់ថែមទៀត។
លោកបន្តថា «ពួកគាត់នឹងមានជីវភាពល្អប្រសើរ ព្រោះគាត់មានផ្ទះ មានការងារធ្វើ ដោយក្រុមហ៊ុនផ្តល់ការងារជួនពួកគាត់ ជាអ្នកថែសួន អ្នកសំអាត ជាដើម ដោយផ្តល់ឲ្យប្រាក់ខែសមរម្យ។ នេះជាអ្វីដែលក្រុមហ៊ុនធ្វើពិតប្រាកដមិនមែនចេះតែនិយាយទេ ។ ក្រុមហ៊ុនស្វាគមន៍ជានិច្ច ចាំដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និង អង្គការ ឬ សមាគមន៍ផ្សេងៗ»។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង កាលពីពេលថ្មីៗកន្លងទៅនេះ ធ្លាប់បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ហូតមកដល់ពេល នេះ ក្រុមហ៊ុនបានធ្វើការអនុវត្ដ ទៅតាមគម្រោងការរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាបន្ដបន្ទាប់ ។ ក្នុងនោះ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលនៅមានបញ្ហាដី ជាមួយនិងក្រុមហ៊ុននៅឡើយ គឺក្រុមហ៊ុនស្វាគមន៍ជានិច្ច មិនថា ប្រជាពលរដ្ឋ មិនថាអង្គការឬសមាគម ដែល មានបំណងចូលរួម ដោះស្រាយនោះទេ គឺក្រុមហ៊ុនបានបើកទ្វារ ចាំទទួលដោះស្រាយ ដោយផ្ទាល់ ដោយបើក ទីស្នាក់ការនៅ លើទីតាំងដីគម្រោងអភិវឌ្ឍន៍នេះតែម្ដង ហើយចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិចាស់តាមដង ទន្លេសាប ចូលកុំនាំគ្នាមានការព្រួយបារម្ភ នោះឡើយ ព្រោះក្រុមហ៊ុនមិនបាន ដាក់ភូមិចាស់ចូលទៅ ក្នុង គម្រោងមេរបស់ក្រុមហ៊ុននោះទេ ដោយកាត់ចេញចម្ងាយ១០០ម៉ែត្រ គិតចាប់តាំងពីច្រាំងទន្លេ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ទទួលបានសិទ្ធិជួលដីពីរដ្ឋ មានទំហំ ៣៨៧ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ ជាទីក្រុងរណប ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងកីឡា ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺយកទីក្រុងចិញ្ចឹមទីក្រុង ដោយក្នុងនោះ កន្លងមក ក្រុមហ៊ុនបាន កសាងសមិទ្ធផល នានា ដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា បានមកពីការជួលដី នៅ កោះពេជ្រ និងគម្រោងស្ពានអាកាសស្ទឹង មានជ័យ ដែលសាងសង់បញ្ចប់គ្រោងនឹង ដាក់សម្ពោធនៅចុងខែនេះ រួមទាំងគម្រោង កសាងស្ពានអាកាសនៅស្តុបតិចណូ បានមកពីការជួលដីជ្រោយចង្វា និងគម្រោងជាបន្ដបន្ទាប់ ទៀតទៅ តាមគម្រោងការស្ថាបនា របស់សាលារាជ ធានីភ្នំពេញ ៕






