ភ្នំពេញ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសម្តែង ការគំាទ្រដល់គណបក្សធំៗ ទំាងពីរ ដែលមានអាសនៈ ក្នុងរដ្ឋសភា ដែលបានសម្រេច ជ្រើសរើសលោកស្រី ពុង ឈីវកេក ឲ្យធ្វើជាសមាជិកថ្មី ឯករាជ្យទី៩ នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)។
យោងតាមខ្លឹមសារញត្តិគំទ្រ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានសម្រេចជ្រើសរើស បេក្ខភាពលោកស្រី ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធ ខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ឲ្យធ្វើជាសមាជិកថ្មី ឯករាជ្យទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ដើម្បីឈានទៅសុំការអនុម័ត ផ្តល់សេចក្តីទុកចិត្តនៅរដ្ឋសភា តាមការព្រមព្រៀងរបស់ គណបក្ស នយោបាយទំាងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក លើការកែទម្រង់ សមាភាពគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។
ខ្លឹមសារនៃញត្តិគំាទ្រ នោះបានបន្តទៀតថា សហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវ ការ អបអរសាទរ និងគំាទ្រយ៉ាងពេញទំហឹង ចំពោះការជ្រើសតាំងលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ឲ្យធ្វើជាសមាជិកថ្មីទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីបំពេញតួនាទី ជាសមាជិកឯករាជ្យ និងអព្យាក្រឹតក្នុងការជំរុញចិត្ត និងសកម្មភាពផ្សេងៗ ធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ ៕
