ភ្នំពេញៈ តុលាការ ខេត្តកណ្តាល ចេញដីកាកោះហៅតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ ១ រូបព្រមទាំងមេធាវីដែលហ៊ានការពារក្តីឲ្យបក្សប្រឆាំង និងក្រុមប្រឹក្សាស្រុកម្នាក់ ឲ្យចូលខ្លួន បើកសវនាការនៅថ្ងៃ ទី២២ ខែកក្កដា ទាក់ទិនទៅនឹងករណីជាប់ចោទក្នុងរឿងផ្តល់មធ្យោបាយ រំដោះជនជាប់ចោទ ស្របពេលបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងចំនួន ៧រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ ព្រៃស។
យោងទៅតាមដីការបស់តុលាការដែលចុះហត្ថលេខាដោយលោក គឹម ម៉េង បានលើកឡើងថា សវនាការនឹងធ្វើឡើងនៅម៉ោង ៩ ព្រឹក នៅសាលាដំបូង ខេត្តកណ្តាល ដោយមានជនជាប់ចោទចំនួនបីរូបគឺ លោក ចាន់ ចេង តំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ នៅមណ្ឌល ខេត្តកណ្ដាល លោកមេធាវី ជូង ជូងី និង លោក មាស ប៉េង អតីតសមាជិកក្រុមប្រឹក្សា ឃុំបន្ទាយដែក បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សា ស្រុកកៀនស្វាយ។
លោក ចាន់ ចេង តំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ នៅមណ្ឌល ខេត្តកណ្ដាល បានថ្លែងឲ្យដឹងថា មេធាវីការពាររូបលោក នឹងចូលទៅតុលាការទៅតាមការកោះហៅរបស់តុលាការ ហើយលោកចាត់ទុកការកោះហៅរូបលោកនៅពេលនេះថា ជាប់ពាក់ព័ន្ធនឹងការដាក់គំនាបផ្នែកនយោបាយទៅលើបក្សប្រឆាំង។
លោកថា៖ «ខ្ញុំយល់ឃើញថារឿងនេះជារឿងសម្ពាធផ្នែកនយោបាយ ពីព្រោះរឿងនេះជារឿងចាស់វាបានកន្លងផុតជាង ៣ ឆ្នាំមកហើយ ហើយខ្ញុំក៏បានឆ្លើយបំភ្លឺកាលពី ៣ ឆ្នាំមុនរួចដែរ»។
សូមរំឭកថា លោក ចាន់ ចេង និងលោក ជូង ជូងី ជាប់ចោទក្នុងរឿងផ្តល់មធ្យោបាយ រំដោះអតីតសមាជិកក្រុមប្រឹក្សា ឃុំបន្ទាយដែក លោក មាស ប៉េង របស់គណបក្ស សម រង្ស៊ី នៅ ខេត្តកណ្តាល កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១១។ ក្នុងដំណើររឿងនោះ កាលពីដើម ឆ្នាំ២០១២ ត្រូវបានចៅក្រមស៊ើបសួរ លោក ស៊ិន វិរៈ បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ តែមិនឃុំខ្លួនទេ។
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យគណបក្សប្រឆាំងបានថ្លែងថា នៅថ្ងៃនេះមេធាវីការពារក្តីឲ្យរូបលោកនឹងដាក់លិខិតទៅតុលាការដើម្បីសុំពន្យារពេល។ លោកថា៖ «មេធាវីរបស់ខ្ញុំគាត់ពុំទាន់បានថតសុំណុំរឿង ហើយគាត់ជាប់រវល់បើកសវនាការផងដែរ។ ខ្ញុំសូមមិនអត្ថាធិប្បាយទេទាក់ទិនទៅនឹងដីកាកោះនេះ»។
លោក កែត ឃី មេធាវីការពារក្តីឲ្យលោក ចាន់ ចេង បានថ្លែងថា បើមើលទៅតាមអ្វីដែលកូនក្តីរបស់លោកបានឲ្យដឹងនិងមើលតាមសំណុំរឿងនោះគឺមិនមានហេតុផលណាមួយដែលត្រូវធ្វើការចោទប្រកាន់មកលើកូនក្តីរបស់លោកនោះទេ ពីព្រោះក្នុងនាមលោកជាតំណាងរាស្ត្រនៅពេលដែលឮមន្ត្រីរបស់ខ្លួនឃុំខ្លួនលោកត្រូវតែទៅមើល។
លោកថា៖ «កូនក្តីខ្ញុំគ្រាន់តែទិញបាយទៅឲ្យលោក មាស ប៉េង ស្រាប់តែពេលនោះឃើញគាត់ដើរចេញពីពន្ធនាគារគាត់ក៏យកបាយទៅឲ្យគាត់ប៉ុន្តែលោក មាស ប៉េង ថាគាត់ចាំទៅ ហូបនៅផ្ទះ ហើយឲ្យកូនក្តីខ្ញុំជូនគាត់ទៅផ្ទះ ដូច្នេះមិនមានអ្វីពាក់ព័ន្ធក្នុងការផ្តល់មធ្យោបាយរំដោះនោះទេ»។
លោក គឹម ម៉េង ចៅក្រមតុលាការខេត្តដែលចុះហត្ថលេខានៅលើដីកាកោះនោះពុំអាចទំនាក់ទំនងបានទេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានថ្លែងថា អ្វីដែលបក្សកាន់អំណាចកំពុងតែធ្វើសព្វថ្ងៃនេះគឺបន្តបង្រ្កាបបក្សប្រឆាំងតាមរយៈច្បាប់និងតុលាការនៅពេលដែលខ្លួនមានឱកាសបង្ក្រាប។ លោកបានថ្លែងថា៖ «នេះគឺជាគំនាបរបស់គណបក្សកាន់អំណាចមកលើគណបក្សប្រឆាំងក្នុងគោលបំណងដើម្បីឲ្យមានការងាកមកចូលតុចរចាបញ្ហានយោបាយជាប់គាំង»។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០១៤ ឲ្យដឹងថា នៅថ្ងៃ ទី២២ កក្កដា ឆ្នាំ២០១៤ នេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្របក្សជំទាស់ លោក ចាន់ ចេង ត្រូវចូលបំភ្លឺនៅសាលាដំបូង ខេត្តកណ្តាល តាមដីកាកោះ ដែលចោទថា បានរំដោះជនសង្ស័យជាសកម្មជនគណបក្ស សម រង្ស៊ី ចេញពីពន្ធនាគារ កាលពី ឆ្នាំ២០១១ ខណៈការឃុំខ្លួនជនសង្ស័យពេលនោះ មេធាវី លោក មាស ប៉េង អះអាងថា ខុសនីតិវិធី ដោយគ្មានដីកាឃុំខ្លួន។
រហូតមានការចាប់ឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងនិងសកម្មជនសរុប ៨ នាក់រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក នុត រំដួល លោក ឡុង រី លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ និងលោក ម៉ែន សុថាវរិន្ទ្រ ព្រមទាំងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិគឺលោក អឿ ណារិទ្ធិ ដោយចោទពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋនិងកុបកម្មប្រឆាំងមន្ត្រីសាធារណៈ៕
From:http://www.postkhmer.com