ប្រមុខរដ្ឋាភិបាលកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ
បញ្ជាក់នៅក្នុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័ងថារូបលោកបាន
បញ្ជាទៅកានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
ឲ្យបង្កើតរដ្ឋាករស្វយ័តរថយន្តក្រុងសាធារណៈ។ សម្រាប់លោក ហ៊ុន សែន
សាលារាជធានីភ្នំពេញត្រូវត្រៀមថវិការសម្រាប់ការខាតបង់លើការផ្គត់
ផ្គង់សេវាមួយនេះ ជូនប្រជាជន
ប៉ុន្តែសាលារាជធានីដាច់ខាតមិនត្រូវឲ្យសេវានេះដួលរលំជាថ្មីទៀត
បានឡើយ។
សេវារថយន្តក្រុងសាធារណៈដែលសាលារាជធានីភ្នំពេញ បើកដំណើរការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋលើកនេះ ទំនងជាពិបាកថានឹងដួលរលំដូចដូចការផ្គត់ផ្គង់កន្លងទៅណាស់។ នេះប្រសិនបើគេបានស្ដាប់ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ថ្លែងពីស្ពានអាកាសស្ទឹងមានជ័យ ដែលលោកកំពុងដឹកនាំកម្មវិធីសម្ពោធជាផ្លូវការនោះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថាសាលារាជធានីភ្នំពេញ មិនត្រូវបណ្ដោយឲ្យសេវារថយន្តក្រុងសាធារណៈដែលកំពុង ដំណើរការបច្ចុប្បន្ននេះ ដួលរលំជាដាច់ខាត។
លោក ហ៊ុន សែន បានរម្លឹកឲ្យដឹងថា ជំនាន់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញចាស់ ពិតណាស់ថាបានបណ្ដោយឲ្យសេវានេះដួលបះជើងគ្មានដំណើរការ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញជំនាន់លោក ប៉ា សុជាតិវង្ស ដាច់ខាតសាលារាជធានីភ្នំពេញត្រូវរក្សា និងបន្តនិរន្តរភាពនៃសេវាមួយនេះឲ្យបាន។
លោកបន្ថែមថា៖ «សម្រាប់សេវាមួយនេះ សាលារាជធានីភ្នំពេញត្រៀមខ្លួនខាតឲ្យហើយទៅ។ ប៉ុន្តែខាតនេះមិនមែនមានន័យថានឹងបញ្ឈប់វានោះទេ។ សាលារាជធានីភ្នំពេញត្រូវរកថវិការពីវិស័យផ្សេងៗមកផ្គត់ផ្គង់សេវានេះឲ្យ ដំណើរការ ហើយយើងនឹងបង្កើតរដ្ឋាករស្វយ័តរថយន្តក្រុងដើម្បីគ្រប់គ្រងសេវានេះ»។
បើតាមលោកនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃនេះទៅ រថន្តក្រុងសាធានណៈរបស់សាលារាជធានីភ្នំពេញ នឹងមិនយកប្រាក់ពីអ្នកដំណើរដែលជាសិស្ស និស្សិតនោះទេ ប៉ុន្តែសិស្ស និស្សិត ត្រូវមានបណ្ណសំគាល់ ដើម្បីបញ្ជាក់ទៅកាន់អ្នកផ្គត់ផ្គង់សេវាថាខ្លួនពិតជាសិស្ស និងស្សិតប្រាកដមែន។ ដោយឡែកព្រះសង្ឃ និងជនពិការ ក៏មិនមានការយកកម្រៃ និងបច្ច័យនោះដែរ។
គួរបញ្ជាក់ថា សេវារថយន្តក្រុងសាធារណៈ ត្រូវបានសាលារាជធានីភ្នំពេញ បើកឲ្យដំណើរការឡើងវិញ ដោយមានកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការ ជប៉ុនJICA។ លោកនាយករដ្ឋមន្រ្តី បានអំពាវនាវជាថ្មីទៀតឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលរួមប្រើ ប្រាស់សេវាមួយនេះ៕