ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពអ្នកញៀនគ្រឿងញៀន និងសុខភាពផ្លូវចិត្តមានប្រសិទ្ធភាព។
យោងតាមអនុក្រឹត្យដែលមាន៥មាត្រាចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចមានដូចតទៅ ត្រូវបានបង្កើតនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនចំណុះអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលដើម្បីបំពេញបន្ថែមអនុក្រឹត្យលេខ៦៧អនក.ប្រកចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល។
នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនមានតួនាទីនិងភារកិច្ចដូចតទៅ ជាសេនាធិការរបស់ក្រសួងសុខាភិបាលក្នុងកិច្ចការសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។ រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រសេចក្តីណែនាំជាតិស្តីពីសុខភាពផ្លូវចិត្ត និងឯកសារបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនសម្រាប់ដាក់ឲ្យអនុវត្តន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលទាំងការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពអ្នកញៀនគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
គ្រប់គ្រងទិន្នន័យស្តីពីសុខភាពផ្លូវចិត្ត និងសុខភាពអ្នកញៀនគ្រឿងញៀន ព្រមទាំងអភិបាលត្រួតពិនិត្យតាមដានវាយតម្លៃអំពីវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តសកម្មភាពរបស់ខ្លួនសម្រាប់ពង្រឹង និងពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងតាមសហគមន៍ប្រកបដោយគុណភាពគ្រប់ជ្រុងជ្រោយ។
សិក្សាស្រាវជ្រាវស្តីពីសុខភាពផ្លូវចិត្តនិងបញ្ហាដែលពាក់ព័ន្ធដើម្បីឈានទៅបង្កើតនូវវិធីសាស្ត្រជឿនលឿនសម្រាប់បណ្តុះបណ្តាលថែទាំព្យាបាលការពារលើកកម្ពស់អប់រំ និងស្តារនីតិសម្បទាសុខភាពផ្លូវចិត្តសង្គមរួមទាំងការប្រើប្រាស់ការបំពានគ្រឿងញៀន។
សម្របសម្រួល និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងគ្រឿងញៀនក្រសួងស្ថាប័នពាក់ព័ន្ធនានាដៃគូអភិវឌ្ឍសមាគមជាតិ និងអន្តរជាតិ និងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោកលើការងារអភិវឌ្ឍន៍វិស័យសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ព្រមទាំងវិស័យដទៃទៀតដែលពាក់ព័ន្ធ។
បណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិតលើជំនាញសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធជាមួយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតទាំងសាធារណៈទាំងឯកជននិងចាត់តាំងរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនជាលក្ខណៈជាតិ និងអន្តរជាតិ។
នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមយយចំនួនតាមការចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕
ប្រភពពី៖ http://www.kpt-news.com/local-news/general-news/11906-2014-07-17-09-36-48.html
