Tuesday, July 29, 2014

មន្ដ្រី​​បក្ស​ទាំង​២​​ប្រជុំ ជុំវិញ​​វិសោធន​កម្ម​បទ​បញ្ជាផ្ទៃក្នុង​​រដ្ឋសភា​ រដ្ឋធម្ម​នុញ្ញ​ និង​​ច្បាប់​​បោះ​​ឆ្នោត

រាជធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ​​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា​ ក្រុម​ការងារ​គណ​បក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ពិភាក្សាដើម្បី​ធ្វើវិសោធនកម្ម​​ ទី​១ រដ្ឋ​ធម្មនុញ្ញ ទី​២ បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា និង​ទី​៣ ច្បាប់​បោះ​ឆ្នោត ។
ការ​ពិភាក្សា​គ្នា​រវាង​ក្រុម​ការ​ងារ​លើ​ចំណុច​ទាំង​នោះ​ដើម្បី​​បើក​ផ្លូវ​ឱ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈាន​​ដល់​ការ​ចូល​ស្បថ និង​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា ​។ ក្រុម​ការ​ងារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោកប៊ិន ឈិន និង​គណ​បក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយលោក​គួយ ប៊ុ​ន​រឿន ជា​ក្រុម​ពិភាក្សា​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ ។ ចំណែកក្រុម​ការងារ​​ចម្រុះ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប៉ែន​ បញ្ញា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោកអេង ឆៃ​អ៊ាង ។ រី​ឯ​ក្រុម​ការ​ងារ​ធ្វើ​ការ​កែ​ទម្រង់​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ឈាង​ វុន និង​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​លោក​យ៉ែ​ម បុញ្ញឫទ្ធិ ។
មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោកឈាង​ វុន បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​គណ​​បក្ស​ទាំង​ពីរនឹង​ធ្វើការ​ដោយ​ប្រយ័ត្ន​ប្រយែង បុ៉ន្តែ​ធ្វើ​យ៉ាង​ណា​ ក៏​ចង់​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ ក្រៅពី​កែសម្រួល​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​បង្កើត​គណៈ​កម្មការ​ទី​១០ នោះ ក្រុម​ការ​ងារ​ចម្រុះ​របស់​លោក និង​លោក​យ៉ែ​ម បុញ្ញឫទ្ធិ ក៏​បាន​លើក​ឡើង​ពី​រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋ​សភា​ផង​ដែរ​ នឹង​ត្រូវ​យក​ទៅ​ឆ្លង​ថ្នាក់ដឹកនាំ​ជា​មុន​សិន​ មុន​នឹង​ប្រកាស​ជា​សាធារណៈ​ ។ លោក​ឈាង វុន ប្រធាន​គណៈកម្មាធិការ​ទី​៥ រដ្ឋ​សភា (​គណៈ​កម្មការ​កិច្ច​ការ​បរ​ទេស សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ ឃោសនាការ និង​​ព័ត៌​មាន) បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​នា​ពេល​នេះ ដោយ​មាន​ការ​ចាត់​តាំងពី​ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដាកន្លង​មក​ ។ ថ្នាក់​ដឹកនាំ​គណ​បក្ស​ទាំង​ពីរ​បាន​ជំរុញ​ឱ្យ​មានការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ទទួល​បាន​ជោគ​ជ័យ ហើយ​សង្ឃឹម​ថា​ កិច្ចប្រជុំ​ពិភាក្សា​នឹង​ទទួល​បាន​ផ្លែផ្កា​។
លោក​ឈាង វុន បញ្ជាក់​ថា​ «​ជា​និច្ច​កាល​យើង​តែងតែ​សង្ឃឹម​ថា សមាជិក​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​ធ្វើ​ការ​ជា​មួយ​សមា​ជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​អីុចឹង​ហើយ​បានខ្ញុំ​ដឹកនាំ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ចរចា​ជា​មួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​»​ ។
ចំណែក​​លោកយ៉ែ​ម ​បុញ្ញ​ឫ​ទ្ធិ ​ប្រធាន​ក្រុម​ចរចា​ ​និង​​ជា​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​​ជាតិ ​បាន​លើក​ឡើង​ថា​ ការ​ចរចា​​គ្នា​នេះ ស្រប​តាម​ស្មារតី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​២២​ ក​ក្ក​ដា​ ពិសេស​នោះ​នៅ​ថ្ងៃ​ទី​២៤​ ក​ក្ក​ដា ​ ដែល​ថ្នាក់ដឹកនាំ​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ថា ​បង្កើត​ក្រុមការងារ​ចំនួន​បីដើម្បី​រៀបចំ​ព្រាង​ធ្វើ​វិសោធនកម្ម​ ទី​១​ ពាក់ព័ន្ធ​នឹង​​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ទី​២​​ ពាក់ព័ន្ធបទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​ទី​៣​ ពាក់ព័ន្ធ​នឹង​កិច្ច​ការ​​បោះ​ឆ្នោត ​។
លោក​យ៉ែ​ម បុញ្ញឫទ្ធិ បញ្ជាក់​ថា​ «​ប៉ុន្តែ​មានរឿង​ពីរ​ផ្នែក​សំខាន់​​បំផុត​ គឺ​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​រដ្ឋ​ធម្ម​នុញ្ញ​​ ។ ​ដូច្នេះ​តាម​ស្មារតី​ព្រម​ព្រៀង​ថ្ងៃ​ទី​២៤ ​ក​ក្ក​ដា ​នោះ​យើង​ជួប​គ្នា​ពិភាក្សា​ថ្ងៃនេះ​ដើម្បី​រក​ចំណុចរួម​ពី​បទ​បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ខ្លះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ការ​ពិភាក្សាគ្នា​ទទួល​បាន​ផ្លែផ្កា​ ហើយ​ប្រសិន​បើ​មាន​អ្វី​ដែល​មិន​ទទួល​បាន​ផ្លែផ្កា​នោះ​ យើង​នឹង​បន្ត​ទៅ​ដំណាក់​កាល​ទី​២​ ជា​ជំហាន​មួយ​ទៀត។​ ដូច្នេះ​ជំហាន​​សំខាន់​ថ្ងៃនេះ​ គឺ​យោង​តាម​ប្រការ​៤​ នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ​ក​ក្ក​ដា» ​។ ដោយឡែក​ លោក​គួយ​ ប៊ុ​ន​រឿន​ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ក្រុមការងារ​ចម្រុះ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា លោក​​បាន​ជួប​ធ្វើការ​ជាមួយនឹង​ក្រុមការងារ​គណ​​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សមាសភាព​ម្ខាង​៦​រូប​ ដឹកនាំ​ដោយ​លោក​ប៊ិ​ន​ ឈិ​ន​ នៅ​រដ្ឋ​សភា​នា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា​ នៅ​រដ្ឋ​សភា។​ ក្រុម​ការងារ​ចម្រុះ​នេះ​ពិភាក្សា​លើ​១៤​ចំណុច​ដែល​​ពាក់​ពន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ថវិកា​គណ​បក្ស ​និង​អ​ព្យា​ក្រឹតភាព​មន្ត្រី​រាជ​ការ ទាហាន​​ជាដើម​ ។
រាល់​ការ​ពិភាក្សា​ ក៏​មាន​ជជែក​អំពី​វិសោធន​កម្ម​នៃ​​​ការ​បោះ​ឆ្នោត​ ដើម្បី​ចៀសវាង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មាន​បញ្ហា​ដូច​លើក​មុន​ទៀត​ ។​ ក្រុមការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯក​​ភាព​កំណត់​រយៈពេល​មួយ​ថា​ តើ​មាន​រយៈ​ពេល​ណា​​ដើម្បី​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់បោះ​​ឆ្នោត​​ ។​
ដោយ​មាន​ចំណុច​ច្រើន​ក្រុមការងារ​បាន​ឯកភាព​លើកយក​៤​ចំណុច​មាន ៖
​​​១​-​កែ​សមាសភាព​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​
គណ​ៈកម្មាធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត​​ (​គ​.​ជ​.​ប​)​ ។
​​២- ពិនិត្យ​លើ​ការ​រៀបចំ​ដោះស្រាយ​ពាក្យ​បណ្តឹង​ ។
​៣-ការ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី  (​កំពុង​​សិក្សា​ថា ​យក​ប្រព័ន្ធ​ណា​ដែល​ធានា​ ថា​បញ្ជី​​បោះ​ឆ្នោត​មានគុណ​ភាព​ តម្លាភាព​ ប្រសិទ្ធ​ភាព​ ពិសេស​នោះ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ដើម្បី​បោះ​ឆ្នោត​ និង​លក្ខខណ្ឌ​ផ្សេង​ៗ...​) ​។
៤-​បាន​ឯកភាព​គ្នា​ជ្រើស​ប្រធានបទ​មួយ​ចំនួន​សម្រាប់​ដាក់​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ។​
ការ​ជ្រើសរើស​នេះ​ដើម្បី​ផ្តល់​ឱកាស​​ឱ្យ​ភាគី​ពាន់​ព័ន្ធ​ ក្នុង​នោះ​មាន​សង្គម​ស៊ី​វិល​​ អង្គ​ការ​ជាតិ និង​អន្តរជាតិ​ជួយ​ផ្តល់​យោបល់​ ។
ដោយឡែក​ លោក​អេ​ង​ ឆៃ​អ៊ា​ង​ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ខាង​ក្រុមការងារ​ចម្រុះ​វិសោធ​នកម្ម​រដ្ឋធម្មនុញ្ញ​ឱ្យ​ដឹង​ថា​ ក្រុម​ការ​ងារ​​របស់​​លោក​ដែល​មាន​សមាសភាព​៦​រូបម្ខាង​ បាន​ជួប​ជាមួយ​លោក​ប៉ែន​ បញ្ញា​ ប្រធាន​ក្រុម​ការ​ងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ​កក្កដា​ នៅ​​វិមាន​​រដ្ឋ​សភា ​។​ នោះ​គឺ​ការ​ជជែក​បន្ថែម​លើ​ការ​បន្ថែម​ជំពូក​ទី​១៥ ​ស្តី​ពី​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ​.ប​ ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ​។
លោកអេ​ង ឆៃ​អ៊ា​ង ឱ្យ​ដឹង​ថា ការ​ជជែក​​គ្នា​នោះ​មិន​យូរ​ទេ ព្រោះ​ អ្វី​ៗគណ​បក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោល​ការណ៍​រួច​ហើយ នៅ​សល់​តែ​ការ​រៀប​ចំ​ពាក្យ​ពេចន៍​ខ្លះ​ប៉ុណ្ណោះ​ ។ ​ជំពូក​ដែល​ត្រូវ​ដាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ប្រមាណ​ជា​ពីរ​ ឬ​បី​មាត្រា​ប៉ុណ្ណោះ​ ។
តាម​ការ​អះ​អាង​របស់​លោកអេ​ង ឆៃ​អ៊ា​ង ថា​ ចំពោះ​ការ​​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ នឹង​អាច​ពិភាក្សា​គ្នា​ជា​ថ្មី​នៅ​ចុង​ស​ប្តា​ហ៍នេះ ឬ​ក៏​ដើម​សប្តាហ៍​ក្រោយ​អាច​បញ្ចប់​ ។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​អះ​​អាង​ថា ទាល់​តែ​ក្រុម​ការងារ​ចម្រុះ​ទាំង​បី​ក្រុម​បញ្ចប់​ការងារ​របស់​ខ្លួន​ ទើប​មាន​ការ​កំណត់​ថ្ងៃ​ចូល​ធ្វើ​​សច្ចា​ប្រណិធានក្នុង​ព្រះ​បរម​រាជ​វាំងរបស់​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ទាំង​៥៥រូបរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។ បន្ទាប់​មក​នឹង​មាន​ការ​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​រួម​គ្នា​រវាង​​គណ​បក្ស​ទាំង​ពីរ​ដើម្បី​បោះ​ឆ្នោត​អនុម័ត​លើ​វិសោធន​កម្ម​ច្បាប់​ទាំង​បី​នោះ​ ។ បើ​តាម​ឱ្យ​ដឹង​ពី​លោកប៉ុ​ល ហំ​ម តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​មិន​ទាន់​សម្រេច​យ៉ាងណា​ទេ​ គឺ​រង់ចាំ​ការ​ពិភាក្សា​ក្នុង​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ថា​ យ៉ាង​ណា​សិន​ ។ ចំពោះ​សមាស​ភាព​ គ​.​ជ​.​ប​ ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​​ ក៏​មិន​ទាន់​ដឹង​ដែរ​ ។ 
កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា គឺ​ប្រមុខ​ដឹក​នាំ​គណ​បក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯក​ភាព​គ្នា​រៀបចំ​ គ.ជ.​ប ដាក់​ចូល​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ហើយ​សមាសភាព​សមាជិក​ គ.ជ.​ប ៩រូប គឺ៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង១រូប ត្រូវ​មាន​ការ​ឯក​ភាព​ពី​គណបក្ស​ទាំង​ពីរ​ ។ ចំណែក​ស្ថាប័ន​រដ្ឋ​សភា គឺ​អនុ​ប្រធាន​ទី​១ និង​ប្រធាន​គណៈកម្មការ​រដ្ឋ​សភា​ចំនួន​៥ បាន​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​តំណែង​ប្រធាន និង​អនុប្រធាន​ទី​២ រដ្ឋ​សភា ព្រម​ទាំង​គណៈ​កម្មការ​​៥​ បាន​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។
ចាប់​តាំង​ពី​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​​មក​ បញ្ហា​នយោ​បាយ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​អះអាង​ថា​ បាន​ជួប​វិបត្តិ​ ហើយ​បញ្ហា​នេះ​បណ្តាល​មក​ពី​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​ឯកភាព​ធ្វើកា​រ​រួម​គ្នា​នៅ​ក្នុងរដ្ឋសភា​ ៕​