Tuesday, July 29, 2014

ស្មារតី នៃការចរចា ដោយជួបតទល់ ជាយុទ្ធវិធីដ៏ល្អ សម្រាប់បញ្ចប់វិវាទ

ភ្នំពេញ៖ ទស្សនវិទូជាច្រើនបានចងក្រងទ្រឹស្តីរបស់ ខ្លួនទុកមកថា ការជួបអង្គុយតទល់មុខគ្នា ដោយការតាំងស្មារតី  ឲ្យស្ងប់ស្ងៀម នឹងជួយទម្លុះនូវរាល់បញ្ហា ការយល់ខុស វិវាទ និង ការខ្វែងគំនិតគ្នា ទោះបីរឿងរ៉ាវទាំងអស់នោះធំ យ៉ាងណាក៏ដោយ ទោះបីមិនបានបញ្ចប់ទាំងស្រុង ក៏អាចបង្រួមវិវាទពីធំមកនៅតូចបានដែរ។
ជាតឹកតាងសក្ខីភាពជាច្រើន បានបង្ហាញយ៉ាងច្បាស់ ដូចជាវិបត្តិ និង ជម្លោះ របស់ប្រទេសមហាអំណាចពិភព លោកមេដឹកនាំរបស់ពួកគេតែងព្យាយាម និង រកឱកាសបានជួបអង្គុយតទល់មុខគ្នា ដើម្បីបញ្ចប់នូវគំនិតមិនចុះ សម្រុងគ្នា។ នៅកម្ពុជា ឯណេះវិញ ក៏ដូចគ្នាដែរវិបត្តិនយោបាយ ដែលអូសបន្លាយរយៈពេលជិតមួយឆ្នាំ ក៏ត្រូវបាន បញ្ចប់ ដោយការចរចាតទល់មុខគ្នា ក្រោមស្មារតី នៃការយោគយល់ និង សម្បទានឲ្យគ្នាទៅវិញទៅមក កាលពីថ្ងៃ ទី២២ ខែកក្កដា កន្លងទៅនេះ។
ដោយឃើញនូវប្រសិទ្ធភាព នៃគំរូដំណោះស្រាយ ក្រុមកម្មករ កម្មការិនី និងថៅកែរោងចក្រសាន់វែលស៊ូ ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឈានដល់ការបញ្ចប់នូវវិវាទរបស់ខ្លួន ដែលបាន អូសបន្លាយអស់រយៈពេល១៥ថ្ងៃ តាមរយៈការជួបជជែកពិភាក្សា និង ចរចាគ្នាដោយផ្ទាល់នៅក្នុងទីតាំងរោងចក្រ។
ជំនួប នៃការដោះស្រាយវិវាទខាងលើត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ និងយោគយល់គ្នាខ្ពស់រវាង  កម្មករ និងភាគីថៅកែរោងចក្រ ក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលពីមន្រ្តីដោះស្រាយវិវាទមកពីក្រសួងការងារ។ រូប ខ្ញុំជាអ្នកព័ត៌មាន និងធ្លាប់បានចូលរួមសម្របសម្រួលបញ្ចប់វិវាទរវាងកម្មករ និង ថៅកែរោងចក្រជាច្រើននៅកម្ពុជា  ក៏ត្រូវបានកម្មករ កម្មការិនី និងរោងចក្រ ផ្តល់នូវកិត្តិយសឲ្យចូលរួមសម្របសម្រួលដោះស្រាយបញ្ហាខ្វែងគំនិតគ្នា នេះផងដែរ។
ខ្ញុំពិតជាសប្បាយចិត្ត នៅពេលឃើញកម្មករ-កម្មការិនី និង ថៅកែរោងចក្រ បានស្វះស្វែងជួបពិភាក្សាតទល់មុខគ្នា រហូតបញ្ចប់ទំនាស់ ក្រោមកិច្ចចរចាដោយការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនធ្វើឲ្យខូចប្រយោជន៍  ទាំងសងខាងកាន់តែវែងឆ្ងាយ។ ខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារដោះស្រាយវិវាទមកពីក្រសួងការងារ ដែល បានខិតខំអស់កម្លាំងកាយចិត្តពន្យល់យ៉ាងក្បោះក្បាយនូវហេតុ និងផល ព្រមទាំងបញ្ហាផ្លូវច្បាប់ជូនទៅភាគីកម្មករ  -កម្មការិនី និង ភាគីរោងចក្រ។
ស្ថិតក្រោមបរិយាកាស នៃការចរចា ដោយការយោគយល់ និង ខិតខំពីគ្រប់ភាគី ធ្វើឲ្យការខ្វែងគំនិតរវាងកម្មករ-កម្ម  ការិនី និងភាគីរោងចក្រ ដែលកើតមានរយៈពេល១៥ថ្ងៃ ត្រូវបានបិទបញ្ចប់ក្នុងកិច្ចពិភាក្សារយៈពេល ៥ម៉ោង។
សូមសម្តែងការកោតសរសើរដល់កម្មករ-កម្មការិនី និង ថៅកែរោងចក្រសាន់វែលស៊ូ ដែលបានបង្កើតឱកាសជួបចរ  ចាគ្នា បញ្ចប់នូវវិវាទមិនបង្កឲ្យមានការខូចប្រយោជន៍ធ្ងន់ធ្ងរជាងនេះ។ ខ្ញុំក៏សូមជំរុញឲ្យកម្មករ-កម្មការិនី និងថៅកែ សាន់វែលស៊ូ បន្តនូវស្មារតីនេះ រហូតរៀងទៅ ប្រសិនបើមានការខ្វែងគំនិតណាមួកើតមានទៀតនាលើកក្រោយនោះ  ។ «គ្មានវិបត្តិណាមួយ នឹងអាចត្រូវបានបញ្ចប់ ដោយគ្មានជំនួប និងការជជែកគ្នានោះឡើយ»។
ខ្ញុំក៏ចង់ឃើញផងដែរ ឲ្យថៅកែរោងចក្រអូសេអង និងរោងចក្រផ្សេងៗទៀត គួរយកគំរូ នៃការបញ្ចប់វិវាទ ដូចរោងចក្រសាន់វែលស៊ូ ដោយការជួបចរចាគ្នាផ្ទាល់ នៅក្នុងទីតាំងរោងចក្រ កុំព្យាយាមស្វែងរកការអន្តរាគមន៍ ឬអាងអ្នកនេះ អាងអ្នកនោះ ឬក៏ស្តាប់ការពន្យល់ អត្ថាធិប្បាយគ្មានខ្លឹមសារពីជនណាមួយនោះ។ សូមកុំព្យាយាមរកលេស ឬឧបាយកលផ្សេងៗ ដោយខ្វះនូវគោលការណ៍សច្ចៈធម៌ មិនអនុលោមតាមច្បាប់ការងារ និងច្បាប់វិនិយោគនៅកម្ពុជា ដែលមានជាធរមាន នោះបញ្ហានឹងមិនអាចបិទបញ្ចប់បានឡើយ៕