Thursday, July 24, 2014

សាលា​​រាជធានី​​បង្កើត​​ទំព័រ​ ​Facebook ​ដើម្បី​​បង្កើន​​ទំនាក់ទំនង​​ជាមួយ​​ពលរដ្ឋ

ក្នុង​ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «រាជធានី​ភ្នំពេញ» ដែល​ត្រូវបាន​បង្កើតឡើង​ជាង​មួយឆ្នាំ​ហើយ​នោះ បានចាប់ផ្តើម​មាន​សក​ម្ម​ភាព​យ៉ាងខ្លាំង ដោយ​បង្ហាញ​អំពី​សកម្មភាព​ការងារ​របស់​មន្ត្រី​ខណ្ឌ​សង្កាត់​និង​ ថ្នាក់ដឹកនាំ​រាជធានី​ផង ព្រមទាំង​ការឆ្លង​ឆ្លើយ​គ្នា​ជាមួយ​ពលរដ្ឋ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​ពន្យល់ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​រាជធានី​ភ្នំពេញ​នេះ គឺជា«វេទិកាសាធារណៈ​ចល័ត»របស់​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ភ្នំពេញ​កំពុង​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ ដើម្បី​ធ្វើ​ទំនាក់ទំនង​អោយ​កាន់តែ​ស្និទ្ធ និង​មាន​ប្រសិទ្ធភាព​ជាមួយ​ពលរដ្ឋ​របស់ខ្លួន។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​កំ​ព្យូ​ទ័​រ ហើយ​ដែលមាន​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ដែរនោះ ពួកគេ​បាន​ផ្តើម​ការជជែក​ជាមួយ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​តាមរយៈ​ ក្រុមការងារ​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលជា​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អោយដឹងថា ក្រុមការងារ​ដែលមាន​មន្ត្រី៥នាក់​ជា​អ្នកទទួលបន្ទុក​គ្រប់គ្រង​ទំព័រ​ហ្វេ​ស ​ប៊ុ​ក រាជធានី​ភ្នំពេញ។ មន្ត្រី​ទាំងអស់​នេះហើយ ដែល​ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​តាម​ខណ្ឌ​អស់ ដើម្បី​ទទួលបាន​ព័ត៌មាន និង​រូបភាព​អំពី​សកម្មភាព​របស់​អា​ជ្ញា​ធរ​ខណ្ឌ មុននឹង​ពួកគេ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ។ ក្រុមការងារ​នេះ​ក៏ត្រូវ​ប្រមូល​មតិ​អត្ថាធិប្បាយ​របស់​ពលរ​ដ្ឋ​ដែល​មក​ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រាជធានី​ភ្នំពេញ​ដូចគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

«មាន ​ករណីខ្លះ យើង​អាច​ដោះស្រាយ​ជូន​ពួកគាត់​បាន​ភា្ល​ម ប្រសិនបើ​យើង​អាចធ្វើ​បាន ដោយ​យើង​ជូនដំណឹង និង​ព័ត៌មាន​ដែល​ពលរដ្ឋ​ប្រាប់ ទៅ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ។ ករណីខ្លះ​យើង​ប្រមូល​ធ្វើជា​របាយការណ៍​ទុក​ជូន​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះយ៉ាងណា យើង​ឆ្លើយឆ្លង​ជាមួយ​ពួកគាត់ ពន្យល់​គាត់​នូវ​បញ្ហា​នានា ដើម្បីអោយ​ពួកគាត់​អស់ចិត្ត។ យើង​បានទទួល​ប្រសិទ្ធភាព​ការងារ​បាន​ច្រើន តាមរយៈ​ការឆ្លើយ​ឆ្លង​ជាមួយ​ពលរដ្ឋ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​យើង»។ នេះ​ជាការ​រៀបរាប់​របស់លោក ឡុង ឌី​ម៉​ង់ ដែល​បាន​លើកយក​ឧ​ទារ​ហណ៍​នៃ​ការ​ត្អូញត្អែរ និង​ការមិនសប្បាយចិត្ត​ខ្លាំង​របស់​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​ លេខ១ ពី​គល់ស្ពាន​ច្បារអំពៅ ដល់​វត្ត​ក្តី​តា​កុយ។ អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់ អោយដឹង​ថា​ពលរដ្ឋ​បាន​សរសេរ​ប្រាប់​អំពី​ការខូចខាត​កំណាត់​ផ្លូវ​នេះ​ យ៉ាងខ្លាំង។ លោក​រំលឹកថា៖«យើង​បាន​សរសេរ​ឆ្លើយ​ប្រាប់​ពួកគាត់​វិញ​ថា ការសាងសង់​ផ្លូវ​នេះ​ដែលជា​គម្រោង​របស់​ក្រសួង​សាធារណការ នឹង​ចាប់ផ្តើម​នៅក្នុង​ខែ១១ខាងមុខ​នេះហើយ។ ប៉ុន្តែ​ទន្ទឹមពេល​គ្នា​នេះដែរ យើង​ក៏បាន​បញ្ចេញ​គ្រឿងចក្រ​ឈូសឆាយ​ជួសជុល​កំណាត់​ផ្លូវ​នោះដែរ។ ប្រជាពលរដ្ឋ​សប្បាយចិត្ត នៅពេល​ពួកគាត់​ទទួលបាន​ការឆ្លើយតប និង​បាន​ទទួលបាន​ព័ត៌មាន​ពី​យើង។ ពួកគាត់​អរគុណ​យើង»។

យោងតាម​ការអះអាងរ​បស់​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ដដែល ទំព័រ​ហ្វេ​ស​ប៊ុ​ក «រាជធានី​ភ្នំពេញ» មិន​ត្រឹមតែ​ដើរតួ​ជា​យន្តការ​នៃ​ការទំនាក់ទំនង​គ្នា​រវាង​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​វិធានការ​មួយ​ចូលរួម​ពង្រឹង​តម្លាភាព​ការងារ​របស់​មន្ត្រី ​អាជ្ញាធរ​ថ្នាក់ក្រោម​របស់​សាលា​រាជធានី​ដែរ ដូចជា​ការចូលរួមចំណែក​កាត់បន្ថយ​អំពើ ពុក រលួយ​ជាដើម។ បើតាម​លោក ឡុង ឌី​ម៉​ង់ មន្ត្រី​ថ្នាក់ក្រោម​នឹង​បារម្ភ​ខ្លាច​អំពី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ អាច​ចូលដល់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​តែម្តង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នេះ៕

ប្រភព៖ http://thmeythmey.com/index.php?page=detail&ctype=article&id=16662&lg=kh