Thursday, July 3, 2014

គម្រោងលម្អិត និងប្លង់ផ្សារក្រោមដីដែលក្រុមហ៊ុនថៃដាក់សំណើសាងសង់ក្បែរវត្តភ្នំ ប្លង់ Zone A

គម្រោងលម្អិត និងប្លង់ផ្សារក្រោមដីដែលក្រុមហ៊ុនថៃដាក់សំណើសាងសង់ក្បែរវត្តភ្នំ
ប្លង់ Zone A
បន្ទាប់ ពីក្រុមហ៊ុនថៃ Trading Group ប្រកាសគម្រោងសាងសង់ផ្សារក្រោមដី និងចំណតរថយន្តមួយកន្លែងដែលមានទីតាំងស្ថិតនៅ សួនច្បារផ្សារចាស់ ចាប់ពីស្ពាននាគដល់មាត់ទន្លេក្បែរវត្តភ្នំរួចមក ថ្ងៃនេះ The BNEWS នឹងបង្ហាញគម្រោងលម្អិត និងប្លង់គំរូដែលចេញផ្សាយដោយសាលារាជធានីភ្នំពេញ។
គម្រោងសាងសង់ផ្សារក្រោមដីនេះ មានជម្រៅរហូតដល់ ៣ ជាន់ ដែលប្លង់ជាន់ទី ១ មានផ្សារទំនើបសម្រាប់លក់ទំនិញ សំលៀកបំពាក់ សៀវភៅ និង ភោជនីយដ្ឋាន ឬ សេវាកម្ម ផ្សេងៗ ព្រមទាំងមានច្រកចេញ-ចូលការពារពន្លឺ និងការពារទឹកភ្លៀងទៀតផង។ ប្លង់ជាន់ទី២ មានបើក ហាងលក់វត្ថុ អនុស្សាវរីយ៍និងមានចំណតរថយន្តចំនួន ៣០០ ដែលមានច្រកចេញ ១៤ច្រក ចន្លោះចំណតពីមួយទៅមួយ ចម្ងាយ ៥០ម៉ែត្រ។ ចំណែក ប្លង់ជាន់ទី ៣វិញ មានបើកភោជនីយដ្ឋាននៅចំកណ្ដោល និងចំណតរថយន្ត ដោយប្រើប្រព័ន្ធពន្លឺធម្មជាតិ និងបរិយាកាស ខាងក្រោមបែបធម្មជាតិ។
ដោយឡែក ចំពោះប្លង់ខាងលើ គឺមានសួនលំហកម្សាន្តសាធារណៈត្រូវបានចែក ចេញជា៣ផ្នែក Zone A, Zone B និង Zone C ។ Zone A ជាកន្លែងកម្សាន្តមានទឹកបាញ់ មានកន្លែងអង្គុយសម្រាកលំហែ Zone B មានកន្លែងសម្រាប់ដាក់រូបចម្លាក់លម្អ មានសួនអាចសម្រាកកាយ មានតន្ត្រីសម្រាប់រៀបចំកម្មវិធី ផ្សេងៗ និង Zone C ជាកន្លែងអង្គុយកម្សាន្តនៅជាប់មាត់ទន្លេ រចនាដូចអាងទឹក និងមានច្រកចេញ-ចូលជាន់ក្រោមដីថែមទៀតផង។
ទាក់ទងទៅនឹងគម្រោងនេះដែរ មន្ត្រីអគ្គិសនីកម្ពុជា អាជ្ញាធររដ្ឋាករទឹក និងមន្ត្រីគ្រប់គ្រងដែនដី សំដែងការព្រួយបារម្ភពីការសំណើសាងសង់ផ្សារក្រោមដីនេះ ហើយក្រុមមន្ត្រីទាំងនោះ ជំរុញឲ្យសាលារាជធានីធ្វើការពិនិត្យទិដ្ឋភាពបច្ចេកទេសឱ្យបាន ច្បាស់លាស់។
អភិបាលរងរាជធានីភ្នំពេញ លោក ជ្រាង សុផាន់ និង លោក អៀង អូនី ស្នើឲ្យក្រុមហ៊ុនថៃសិក្សាឲ្យបានស៊ីជម្រៅពីផលប៉ះពាល់នៃគម្រោង សាងសង់នេះ ព្រោះកន្លែងស្នើសុំនេះជាតំបន់ប្រវត្តិសាស្ត្រ និងជាតំបន់រដ្ឋបាលរបស់រាជធានីភ្នំពេញ។
The BNEWS បានទាក់ទងទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធគម្រោងនេះ ប៉ុន្តែលោកឆ្លើយថា លោកកំពុងជាប់រវល់៕
ពីសាលារាជធានីភ្នំពេញ...
https://www.facebook.com/ppcityhall?ref=hl