ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង រួមនិងរដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិ កអាស៊ាន បូករួមទាំងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន បានដាក់ចេញនូវវិធានការចំនួន ៦ចំណុច ដើម្បី ទប់ស្កាត់ និងការពារជំងឺអ៊ីប៉ូឡា កុំឲ្យរាតត្បាតចូលមកក្នុងតំបន់អាស៊ី គ្រាដែលជំងឺមួយនេះ កំពុងរាតត្បាតយ៉ាង ខ្លាំង នៅបណ្តាប្រទេសអាហ្វ្រិកខាងលិច។
វិធានការសំខាន់ទាំង ៦ចំណុច ដែលបានដាក់ចេញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីក្រ សួងសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមនិងប្រទេស ចិន ជប៉ុន និងកូរ៉េ ស្តីពីការត្រៀមលក្ខ ណៈ និងឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា នាទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រទេសអាស៊ានបូក៣ មានការព្រួយបារម្ភអំពី ការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺអ៊ីប៉ូឡា នៅបណ្តាប្រទេសអាហ្វ្រិកខាងលិច ដែលជាការរាតត្បាត ដ៏ធំបំ ផុតនៅសម័យមនុស្សជាតិបច្ចុប្បន្ននេះ។
យោងតាមលិខិតដដែលនេះ បានបន្តថា ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រដ្ឋមន្រ្តី នៃប្រទេសសមាជិកអាស៊ាន រួមនិង ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានសម្រេចនូវឆន្ទៈរួមគ្នា ក្នុងការបង្ការ ការត្រៀម និងការឆ្លើយតបទៅ នឹងជំងឺអ៊ីប៉ូឡា និងជួយគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសនៅក្នុងអាស៊ានបូកបី ក្នុងការបន្តពង្រឹងសមត្ថ ភាព និងឆ្លើយតបទៅនឹងជំងឺអ៊ីប៉ូឡា។ ឆ្លងតាមកិច្ចប្រជុំនេះ បានសម្រេចដាក់ចេញនូវវិធានការចំនួន ៦ចំណុច ដូចខាងក្រោម៖
១. បន្តពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា និងជំងឺឆ្លងរាតត្បាតដទៃទៀត ដែលអាចគំរាមកំហែងនៅក្នុងតំបន់។
២. អនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការតាមដានសុខភាពអ្នកដំណើរនៅតាមច្រកព្រំដែនអន្តរជាតិ ជាពិសេសអ្នក ដំណើរ ដែលមានប្រវត្តិធ្វើដំណើរ ឬអ្នកដំណើរមកពីប្រទេសកំពុងរាតត្បាតជំងឺអ៊ីប៉ូឡា។
៣. ពង្រឹងសមត្ថភាពអន្តរវិស័យ និងធ្វើលំហាត់សាកល្បង ដើម្បីឲ្យប្រាកដថា មានការសម្របសម្រួលប្រសិទ្ធិ ភាពក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា ទាំងថ្នាក់ជាតិ និងក្នុងតំបន់។
៤. ផ្សព្វផ្សាយចំណេះដឹង និងសារអប់រំ ដល់សាធារណជនទាំងនៅក្នុងថ្នាក់ជាតិ និងក្នុងតំបន់។
៥. ផ្លាស់ប្តូរព័ត៌មានឲ្យបានរហ័ស និង សហការគ្នាឲ្យមានប្រសិទ្ធភាព ដោយប្រើយន្តការថ្នាក់រដ្ឋមន្រ្តី ឧត្តមមន្រ្តី និងជនបង្គោល នៃច្បាប់សុខភាពអន្តរជាតិ។
៦. សហការគ្នាកៀងគរធនធានមនុស្ស សម្ភារៈបរិក្ខាពេទ្យ និងថវិកា ដើម្បីជួយគាំទ្រដល់ប្រទេសកំពុងរាតត្បាត ជំងឺអ៊ីប៉ូឡា ឲ្យសម្រេចបានជោគជ័យក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា រហូតដល់សូន្យករណី។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ មនុស្សប្រមាណ ៦.៣៨៨នាក់ហើយ បានស្លាប់ដោយសារជំងឺអ៊ីប៉ូឡា ខណៈមនុស្ស ១៧.៩៤២នាក់ ផ្សេងទៀត កំពុង ផ្ទុកវីរ៉ុស នៅក្នុងប្រទេសចំនួន ៨ ដែលរងការរាតត្បាត។
សូមបញ្ជាក់ថា ប្រទេស ដែលកំពុងរងការវាយប្រហារខ្លាំងពីជំងឺអ៊ីប៉ូឡា រួមមាន៖ ប្រទេសហ្គីណេ, លីបេរីយ៉ា និង សៀរ៉ាឡេអូន៕


