Sunday, December 14, 2014

ស្ត្រី​ខ្មែរ​រង​គ្រោះ​ដោយ​ការ​ចាញ់​បោក​ រៀប​អាពាហ៍ពិពាហ៍​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ

M013-12-14-z2-full
ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៤ នាក់​ក្នុង​ចំនោម​៦ នាក់ ដែល​បាន​ចាញ់បោក​រៀបការ​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ តាម​ជើង​យន្តហោះ K6489 ហើយ​ស្ត្រី​ខ្មែរ​២​នាក់​ផ្សេងទៀត​នឹង​មក​តាម​ក្រោយ​បន្ទាប់ពី​ធ្វើការ​លែងលះ​រួច។
បើតាម​ប្រភព​ពី​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដដែល​នោះ​បាន​បញ្ជាក់​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ចំនួន​៦​នាក់ ដែល​ត្រូវ​មេខ្យល់​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀបការ​ជាមួយ បុរស​ជនជាតិ​ចិន ហើយ​ស្ត្រី​ទាំង​៦ នាក់​នោះ​រួមមាន ទី​១.​វិ​ចិត្ត ចិន្តា មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ទី​២.​ធឹង ស្រី​លក្ខណ៍ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ទី​៣.​ធី ស្រី​លី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ទី​៤.​អ៊ុក សា​វ៉េ​ត មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ទី​៥ឈ្មោះ ទី ចាន់ថា និង​ទី​៦ឈ្មោះ សំ ចន្ទ្រា។
ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៤ នាក់​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ នេះ វេលា​ម៉ោង ១១ ព្រឹក តាម​ជើង​យន្តហោះ K6489 ​​ចំណែក ២ នាក់​ផ្សេងទៀត មាន​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ធ្វើការ​លែងលះ​ជាមួយ​បុរស​ជា​​​ជនជាតិ​ចិន​រួច៕