រតនគិរី ៖ រថយន្តដឹកឈើភរិយា មន្ត្រីជាន់ខ្ពស់ អ.ហ ខេត្តរតនគិរី ត្រូវបានកម្លាំង នគរបាល ប្រឆាំង បទ ល្មើស សេដ្ឋកិច្ច ស្ទាក់ចាប់បានហើយ ខណៈដែល រថយន្តនោះដឹកឈើ ប្រណិតនាំចូលក្នុង ទីរួមខេត្ត ។
សកម្មភាពបង្ក្រាបនោះដឹកនាំដោយ លោកវរៈសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ក្រោមការបញ្ជាពីតំណាង អយ្យការ លោកស្នងការ និងលោកស្នងការរង ទទួលបន្ទុក ប្រឆាំងបទល្មើស។
លោក នូវ ដារ៉ា បានឲ្យដឹងថា រថយន្តដឹកឈើប្រណិតនោះ ម៉ាកលុច្សស៊ីស៤៥០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-9654។ លោកបញ្ជាក់ថា ម្ចាស់បទល្មើសជាភរិយា លោកវរៈសេនីយ៍ឯក នាង ក្វាយ មេបញ្ជា ការរង អ.ហ ខេត្តរតនគិរី គឺចែរ៉ា ។
សូមបញ្ជាក់ថា ពេលសមត្ថកិច្ច កំពុង ចាប់រថយន្ត ដឹកឈើល្មើសនៅចំណុច ក្បែរគល់ស្ពាន ឈើស្ថិតនៅ ភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ចែរ៉ា បានចុះពីលើរថយន្ត ទាញប៊ីដុងសាំង បំរុងដុតវត្ថុតាង ចោលរួច បាន ស្រែកខ្លាំងៗ ចោទសមត្ថកិច្ច បានទទួលសំណូក រាប់ពាន់ដុល្លាក្នុង១ខែៗ ពីគាត់(ចែរ៉ា) ប៉ុន្តែក្រោយពី មានការចោទប្រកាន់ ប្រមាណ៣ម៉ោងក្រោយមក ។
លោក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត បានបដិសេធដាច់ អហង្ការក្នុងរឿង ចោទប្រកាន់នោះ។
លោកបន្តថា មូលហេតុនាំអោយមាន ការចាប់រថយន្តនោះគឺ កម្លាំងសម្ងាត់បានផ្តល់ព័ត៌មាន តាំងតែពី ម៉ោង៥ល្ងាចថ្ងៃទី៩ ខែធ្នូ ថា រថយន្តខាងលើនោះ បានផ្ទុកបទល្មើសឈើ ប្រណិតចូលមកក្នុងខេត្ត រហូត មកដល់ម៉ោង៥ព្រឹកថ្ងៃទី១០ ខែធ្នូ ទើបសមត្ថកិច្ច ដែលស្ថិតក្រោមការការបញ្ជា ពីតំណាងអយ្យការ លោក ស្នងការ និង លោកស្នងការរង ទទួលបន្ទុក ប្រឆាំងបទល្មើស ចាត់វិធានការទៅលើ រថយន្តនោះតែម្តង។
លោកបានបញ្ជាក់ថា វត្ថុតាងទាំងរថយន្ត ទាំងឈើល្មើស ត្រូវបានសមត្ថកិច្ច របស់លោកប្រគល់ជូនទៅ ជំនាញរដ្ឋបាលព្រៃឈើភ្លាមៗ ផងដែរ បើទោះបីរថយន្ត និងឈើល្មើសទាំងនោះ ត្រូវឈ្មួញឈើឈ្មោះ ចែរ៉ា បានទាញប៊ីដុងសាំង បំរុងដុតចោល នៅនឹងកន្លែងចំណុច សមត្ថកិច្ចបង្ក្រាបក៏ដោយ៕



