Wednesday, December 10, 2014

ចាប់ខ្លួន មេបញ្ជាការរង យោធាខេត្តកំពត ពីបទចាប់ឈើពីគេ យកទៅទុក ក្នុងផ្ទះខ្លួនឯង

ភ្នំពេញ៖ លោកស័កិ្ត៥ ទិត្យ គឹមសេង ដែលគេស្គាល់ថា មានតួនាទីជាមេបញ្ជាការរង យោធាខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង ចុះទៅធ្វើការនាំខ្លួន រួមទាំងធ្វើការដកហូតឈើលេខ១ ជាច្រើន ទៀត ខណៈដែលមាន បណ្តឹងចោទប្រកាន់ថា លោកមេបញ្ជាការរងរូបនេះយកតួនាទីរបស់ខ្លួន ជាយោធា ទៅ ចាប់បទល្មើសព្រៃឈើ តែក្រោយ ចាប់បានមិនបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញនោះឡើយ គឺបែរជាយកទៅ លាក់ទុកនៅក្នុងផ្ទះរបស់ខ្លួនមានបំណងស៊ីដាច់ ។
ករណីសមត្ថកិច្ចចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញារងគឺលោក ខាន់ សុផល ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនលោក ទិត្យ គឹម សេងខាងលើនេះបានប្រព្រឹត្តទៅ នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះដីឡូត៍ របស់លោកដែលមានទីតាំងនៅក្នុងភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្ត កំពត ។ ក្រៅពីឃាត់ខ្លួនយកទៅ សាកសួរសមត្ថកិច្ចចម្រុះ ក៏បានធ្វើការរឹបអូសឈើប្រភេទលេខ១ ចំនួន ២៦សន្លឹក ស្មើ នឹង ០,៦២៨ម៉ែត្រគូបផងដែរ ដែលរួមមានឈើដួងចែម និងឈើថ្កូវ ។
តាមការអះអាងមន្រ្តីរដ្ឋបាលព្រៃឈើ ដែលទៅចូលរួមរឹបអូសយកឈើពីក្នុងផ្ទះលោក ទិត្យ គឹមសេង បានឲ្យ ដឹងថា ឈើខាងលើនេះត្រូវបានលោកទិត្យ គឹមសេង ក្នុងនាមជាមេបញ្ជាការយោធាខេត្តបានទៅចាប់ឈើពីឈ្មួញ និងប្រជាពលរដ្ឋ ដែលចូលព្រៃកាប់អារដឹកចេញមកយកមកលក់នៅទីរួមខេត្ត នៅត្រង់ចំណុចទំនប់វារីអគ្គិសនី កំចាយទឹកឈូរកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ។ ក្នុងនោះក្រោយចាប់បានឈើហើយលោក ទិត្យ គឹម សេង មិនបានធ្វើរបាយការណ៍យកទៅទុកនៅអង្គភាព ឬ ប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើជំនាញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់នោះឡើយ បែរជាយកឈើទាំងអស់ នោះ ទៅទុកក្នុងភូមិគ្រឹះរបស់លោកទៅវិញ ដែលធ្វើឲ្យខុសទៅនឹងនីតិវិធីច្បាប់ ដូចនេះ ហើយនៅពេលបែក ធ្លាយព័ត៌មានខាងលើដឹងទៅដល់ព្រះរាជអាជ្ញាភ្លាម លោកព្រះរាជអាជ្ញា ឯក ឆេងហួត ក៏បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចដឹកនាំដោយព្រះរាជអាជ្ញារង ខាន់ សុផល ចុះទៅចាប់ និងឃាត់ខ្លួនយកទៅសាកសួរតែម្តងទៅ ។
លោកព្រះរាជអាជ្ញារង ខាន់ សុផល ក៏បានបញ្ជាក់ផងដែរថា ករណីលោក ទិត្យ គឹមសេង ចាប់ឈើយកមកទុក នៅក្នុងផ្ទះខ្លួនឯងរបៀបនេះគឺជាបទល្មើសហើយ មិនមែនរបៀបទុកសន្និធិឈើនោះទេ ពីព្រោះមិនបានបំពេញ តាមនីតិវិធីច្បាប់ នោះឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះលោក ទិត្យ គឹមសេង បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលដើមអម្ពិលឲ្យដឹងផងដែរថា ខណៈលោកប្រតិបត្តិប្រមូល និងចាប់ឈើខាងលើគឺលោកបាន សុំបញ្ជាពីមេបញ្ជាការរបស់លោកផងដែរ ហើយ បានធ្វើ របាយការណ៍អំពីការចាប់ឈើនេះជូនលោក សុខ សារ៉ាត់ អភិបាលរងខេត្តរួចហើយ ។ ចំពោះឈើដែលរក្សាទុកនៅក្នុង ផ្ទះនោះលោក ទិត្យ គឹមសេងបានបញ្ជាក់ថា គឺមេបញ្ជាការខេត្តលោក អ៊ុង វណ្ណារិទ្ធ បានបញ្ជាឲ្យលោកទុកដាក់ឈើ ល្មើសនេះនៅក្នុងផ្ទះរបស់ខ្លួនសិនចុះ ទើបខ្លួនរក្សាទុកយ៉ាងដូច្នេះ ទៅដោយលោកអះអាងបន្ថែមថា លោកជាយោធាមិន សូវដឹងពីនីតិវិធីច្បាប់នោះឡើយ ។
ប៉ុន្តែទោះបីជាលោកទិត្យ គឹមសេង ធ្វើការអះអាងយ៉ាងដូច្នេះក៏ដោយក៏កម្លាំងសមត្ថ កិច្ចនៅតែចាត់ការតាម នីតិវិធី រួមទាំងនាំខ្លួនលោកទៅសាកសួរ ហើយនឹងធ្វើការចុះទៅឆែកឆេរនៅកន្លែងស្នាក់ការប្រចាំ បញ្ជារបស់ លោកដែលមានទីតាំងនៅឯទំនប់វារីអគ្គិសនី ទឹកឈូរ ដើម្បីរកការលាក់ទុកបទល្មើសព្រៃឈើខាងលើនេះជា បន្តទៀត ព្រោះតែមានប្រភពព័ត៌មានបានអះអាងថា កន្លងមកលោកតែងតែធ្វើសកម្មភាពចាប់ឈើពីគេ បាន ហើយយក ទៅលាក់ទុក រួចហើយលក់យកលុយខ្លួនឯង ៕