Wednesday, December 10, 2014

ផលិតកម្ម អភិមង្គល ចាប់ផ្តើមថត រឿង “Facebook ផ្តាច់វិញ្ញាណ”

ភ្នំពេញ៖ ភាពយន្ត “Facebook ផ្តាច់វិញ្ញាណ” ត្រូវបានដាក់ សម្ពោធឱ្យ ដំណើរការថត នៅព្រឹក ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៤នេះ ដោយមានការចូលរួម ពីសំណាក់អ្នកផ្តួចផ្តើមភាពយន្ត តារាស្រីប្រុស និងក្រុមកំប្លែងល្បីៗ មួយចំនួនទៀត។
រឿង “Facebook ផ្តាច់វិញ្ញាណ” នឹងក្លាយជាភាពយន្ត ដំបូងរបស់ផលិតកម្ម អភិមង្គល ដែលសហការផលិត ដោយ លោក ហ៊ សុខហេង ចាងហ្វាងផលិតកម្ម, អ្នកនាង ឈុន ចាន់ស្រីឡា ផលិតករ, លោកស្រី ប៉ាល់ វណ្ណារី រក្ស អ្នកនិពន្ធ, លោក អ៊ឹង សុខសាន្ត អ្នកដឹកនាំរឿង។
តួឯកប្រុស សម្តែងជា “សាវុធ” និងតួឯកស្រី សម្តែងជា “នារី” បាននិយាយថា ពួកគេមានអារម្មណ៍ សប្បាយ រីករាយណាស់ ដែលបានថតសាច់រឿង “Facebook ផ្តាច់វិញ្ញាណ” ព្រោះរឿងនេះ មានភាពរន្ធត់ ភ្ញាក់ផ្អើល និងលាយឡំនឹង ភាពកំប្លុកកំប្លែង ដោយអ្នកទាំងពីរ បានស្គាល់ តាមហ្វេសបុក រួចហើយ ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ លើគ្នាទៅវិញទៅមក តែក្រោយមក សាវុធ បានក្បត់ចិត្ត នារី ទើបធ្វើឱ្យនារី ស្លាប់ក្លាយខ្លួន ជាខ្មោចយ៉ាង កាចសាហាវបំផុត។
អ្នកនាង ឈុន ចាន់ស្រីឡា ផលិតករភាពយន្ត បាននិយាយ នៅក្នុង ការសម្ពោធ រឿង “Facebook ផ្តាច់វិញ្ញាណ” ថា មូលហេតុដែលនាំឱ្យ ផលិតកម្ម យកចំណងជើងរឿង “Facebook ផ្តាច់វិញ្ញាណ” ដោយសារតែសម័យនេះ មានអ្នកលេងហ្វេសបុកច្រើន ហើយការលេងនេះ អាចផ្តល់ផលល្អផង និងអាក្រក់ផង។ ផលិតករ ស្រីវ័យក្មេង រូបនេះ និយាយទៀតថា “សាច់រឿងនេះ ផលិតឡើងសំដៅដល់ ការក្បត់ចិត្តគ្នា ស្រលាញ់គ្នា ញ៉ែគ្នាតាម ហ្វេសបុក ដោយមិនទាន់ដឹង ពីប្រវត្តិរូប ដែលតាមរយៈនេះ ភាពកាចសាហាវកើតចេញពី មូលហេតុ នៃការលេងហ្វេសបុកនេះ។”
ប៉ុន្តែអ្នកនាង បានបញ្ចាក់ថា រឿងនេះគ្រាន់តែជា ជ្រុងមួយ នៃផលវិបាក ក្នុងការលេងហ្វេសបុក តែប៉ុណ្ណោះ មិនមែនមានន័យ ការលេងហ្វេសបុកនេះ សុទ្ធតែផ្តល់ ផលអាក្រក់នោះឡើយ។ មួយវិញទៀត រឿងនេះ ក៏សម្តៅ ដល់ ការអប់រំមួយ ចំនួនដែរ ដូចជា អ្នកលេងកន្ទុយលេង បានទទួលផលអ្វី និងគ្រូមន្តអាគមអូមអាម ដូចជា គ្រូសិល្បិ៍ គ្រូខ្មោច ដែលចេះមិនពិតប្រាកដ និងដើរបោកគេ ទទួលអ្វីមួយ។ នេះជាការបញ្ជាក់ របស់ផលិតករ ស្រីដដែល។
ជាមួយគ្នានេះដែរ ចាងហ្វាង ផលិតកម្ម លោក ហ៊ សុខហេង បានបញ្ជាក់ ក្នុងពិធីសម្ពោធខាងលើ បាននិយាយ ថា ខ្សែភាពយន្តនេះ នឹងចាប់ផ្តើមថតដំបូង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ដោយមានទីតាំងសំខាន់ៗ មួយចំនួន ដូចជា រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយគ្រោងនឹងបញ្ចប់ នៅពាក់កណ្តាលខែកុម្ភៈ។
ពាក់ព័ន្ធនឹងថវិកា សម្រាប់ថតភាពយន្តនេះ លោកបាននិយាយថា មិនទាន់ដឹងច្បាស់ថា នឹងត្រូវចំណាយទុន ប៉ុន្មាននោះ អស់ប៉ុន្មានក៏មិនអីដែរ តែការសំខាន់ឱ្យតែការថត ភាពយន្តបានល្អ និងដំណើរការបានរលូនទៅមុខ និងមានការគាំទ្រច្រើន ពីទស្សនិកជន ។
សូមបញ្ជាក់ថា “Facebook ផ្តាច់វិញ្ញាណ” ទទួលទុនថត ពីចាងហ្វាង ភាពយន្តអភិមង្គល និងម៉ាក់ អ៊ុំ របស់អ្នកនាង ឈុន ចាន់ស្រីឡា ជាមួយនឹងក្តីរំពឹងថា ភាពយន្តនេះ នឹងមានការបោះសម្លេង គាំទ្រ និងការ ទស្សនា យ៉ាងច្រើន ពីសំណាក់ទស្សនិកជន ព្រមទាំងមិត្តៗយុវវ័យ នៅទូទាំងប្រទេសកម្ពុជា ៕