
គោលការណ៍ដែនដីនៃការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជា(មាត្រា១២) :
ក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសទាំងឡាយដែលបានប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ដែនដីនៃព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលទាំងលំហអាកាសនិងសមុទ្រដែលមានចំណងចងភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ទីកន្លែងប្រព្រឹត្ដបទល្មើស (មាត្រា១៣)
បទល្មើសត្រូវបានចាត់ទុកថាប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើណាមួយនៃបទល្មើសនោះបានប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងនាវាកម្ពុជា
ក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្ដនៅក្នុងនាវាដែលមានសញ្ជាតិខ្មែរ ទោះបីជានាវានោះស្ថិតនៅទីណាក៏ដោយ។
បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងនាវាបរទេស
ក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្ដនៅក្នុងនាវាបរទេសដែលអាជ្ញាធរកម្ពុជាបានទទួលការអនុញ្ញាតឲ្យពិនិត្យមើលឬឲ្យចាប់នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្ដរជាតិ។
បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងអាកាសយានដ្ឋានកម្ពុជា
ក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងអាកាសយានដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជាទោះបីជាអាកាសយាននោះស្ថិតនៅទីណាក៏ដោយ។
ការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្ដើមប្រព្រឹត្ដនៅកម្ពុជា
ក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបុគ្គលគ្រប់រូបដែលជាអ្នកផ្ដើមគំនិតឬ អ្នកសមគំនិតនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបទឧក្រិដ្ឋឬបទមជ្ឈិមដែលប្រព្រឹត្ដនៅឯបរទេស ប្រសិនបើលក្ខខណ្ឌទាំង២ដូចខាងក្រោមនេះត្រូវបានបំពេញ:
-បទល្មើសត្រូវផ្ដន្ទាទោសតាមច្បាប់កម្ពុជានិងតាមច្បាប់បរទេសផងនិង
-អត្ថិភាពនៃបទល្មើសត្រូវបានបញ្ជាក់ដោយសេចក្ដីសម្រេចជាស្ថាពររបស់តុលាការបរទេស។
ការកំណត់បទល្មើសប្រព្រឹត្ដដោយនីតិបុគ្គល(មាត្រា១៨)
ការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្ដដោយនីតិបុគ្គលថាជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុត្រូវកំណត់ដោយទណ្ឌកម្មដែលទទួលរងដោយរូបវន្ដបុគ្គល៕