
ស្វាយរៀង ៖ នៅឯព្រះរាជពិធីសំណេះសំណាល និងប្រោសព្រះរាជទាន ព្រះរាជអំណោយនៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានយាងសាកសួរសុខ ទុក្ខប្រជាពលរដ្ឋនៅតាមលំនៅឋាន បានមានព្រះរាជបន្ទូលថា ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមកោតសរសើរយ៉ាងកក់ក្តៅជាទីបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានខិតខំដឹកនាំកសាងជាតិ និងជួយថែរក្សាការពារប្រជារាស្ត្រនៅគ្រប់ទីកន្លែងធ្វើឱ្យកម្ពុជាយើងមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងទទួលនូវសេចក្តីសុខ សន្តិភាព និងស្ថិរភាពគ្រប់ប្រការ ។ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា ខ្ញុំក៏សូមសម្តែងនូវ ការកោតសរសើរដ៏ស្មោះបំផុតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជួយប្រជាជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា នៅទូទាំងប្រទេស គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលដង្ហែព្រះរាជដំណើរ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមទេស រដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅព្រះបរមរាជវាំង និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ បាននាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតមកជូនបងប្អូនប្រជារាស្ត្រគ្រប់ៗរូប ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា សម្តេចម៉ែ និង ខ្លួនខ្ញុំតែងតែមានហឫទ័យនឹករឭកខ្វល់ខ្វាយចំពោះសេចក្តីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ នៅទូទាំងប្រទេស ដើម្បីជួយសម្រួលការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ ព្រះមាតា និងខ្លួនខ្ញុំមានមហាកិត្តិយសសូមនាំមកនូវអំណោយជូនបងប្អូនជនរួមជាតិគ្រប់ក្រុមគ្រួសារ ដែលមានវត្តមាននៅទីនេះគ្រប់ៗគ្នា។
ប្រជារាស្ត្រចំនួន៥៧៣គ្រួសារ នៅក្នុងភូមិពពេល ភូមិបឹង និងភូមិសួស ក្នុងឃុំត្រស់ ស្រុករមាសហែកបានទទួលព្រះរាជអំណោយព្រះមហាក្សត្រដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ឃីត ០១កញ្ចប់ (មានមុង០១ភួយ០១សារុង០១ និងក្រម០១) កន្ទេល០១ មី០១កេស ត្រីខ១០កំប៉ុង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន០១ និងថវិកា១០ម៉ឺនរៀលផងដែរ៕


