ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានចូលរួមរំលែកទុក្ខ និង សោកស្តាយជាមួយ នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក តូនី អាប់បុតត៍ ក្នុងករណីក្រុម ISIS ចាប់ជំរិតប្រជាជននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់ គោល ទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារ InterCon Tinental ថា ក្នុងប្រតិបត្តិការចាប់ចំណាប់ខ្មាំង ត្រូវបានធ្វើឡើង រយៈពេល១៦ម៉ោង ក្នុងនោះ មានអ្នកស្លាប់៣ និងរងរបួស៤នាក់ រួមទាំងភេរវករផងដែរ ដែលបានតាំងខ្លួនជាISIS។
សម្តេចតេជោ បានបញ្ជាក់ថា «យើងចូលរួមការលំបាក ជាមួយដៃគូរមិត្តភិក្ត របស់យើង ទាក់ទង នឹងការប្រយុទ្ធប្រឆាំងទៅលើភេរវកម្ម ដែលបានកើតនៅឯស៊ីដនី កាលពីម្សិលមិញ ហើយយើងក៏ចូលរួមជាមួយមិត្តភិក្តរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយ ISIS ដែល រឿងនេះ ជាប្រធានបទសំខាន់ណាស់ ក្នុងការពិភាក្សា នៅក្នុងអង្គប្រជុំអាស៊ាន គឺអាស៊ាន បូកអាម៉េរិក បូកអង្គការសហប្រជាជាតិ និងបូកអាស៊ីបូព៌ា»។ នាយករដ្ឋមន្រ្តីបន្ថែមថា បញ្ហាក្រុម ISIS នេះ សម្តេចក៏បានសួរទៅលោក បារ៉ាក់ អូប៉ាម៉ា ដោយត្រង់តែម្តង តែទោះបីជាយ៉ាងណា ក៏សម្តេចមិនបាន លើកឡើងពីការសួរ របស់សម្តេច ឡើយពីព្រោះជារឿងសំងាត់។
សម្តេចបន្តថា ទោះបីជាសភាអាម៉េរិក មិនបានបញ្ចេញរបាយការណ៍ ការធ្វើ ទារុណកម្ម ដើម្បីសួរចំលើយ ទៅអ្នកចាប់ជំរិតក្រុម ISIS ក៏រឿងចាប់ជំរិត នៅស៊ីដនីក៏នឹងកើតឡើងដែរ ហើយចំពោះបញ្ហានេះដែរ ប្រធានាធិបតីបារ៉ាក់ អូប៉ាម៉ា ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ របស់ខ្លួនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមISIS។
សូមបញ្ជាក់ថា ការឡោមព័ទ្ធភេរវកម្មនៅទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី បានបញ្ចប់ហើយ នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងនោះរួមទំាងក្មាន់ កាំភ្លើងម្នាក់ដែរ ខណៈប៉ូលីសសម្រុកចូលហាងកាហ្វេ។ ខ្មាន់ កាំភ្លើងមួយរូប បានយក ទីតាំងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង ស៊ីដនី ធ្វើជាកន្លែងវាយលុក ដោយចាប់ចំណាប់ខ្មាំង ជាច្រើនរូប ដោយទាមទាររកទង់ជាតិក្រុមឧទ្ទាមរដ្ឋឥស្លាម ហៅកាត់ថា ISIS និង ថែមទាំងចង់ជួប និយាយគ្នា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប់បុតត៍ ថែមទៀតផង៕
