Wednesday, December 10, 2014

លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅ ដល់ចំណត អាកាសយាន ដ្ឋានអន្តរជាតិ Gimhae នៃទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅប្រទេសកូរ៉េ ត្រូវនិងម៉ោង២រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងការ ចេញផ្សាររបស់ទីភ្នាក់ងារ AKP ។
AKP បានរាយការណ៍ទៀតថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានទទួល បដិសណ្ឋារកិច្ច យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុតពីសំណាក់ លោក Kim Woon-Jin អភិបាល ក្រុងប៊ូសាន ដែលលោក នឹងត្រូវតែងតាំង ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក ស៊ុត ឌីណា ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប ។
ដំណើរនៃការអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃ គូអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងប៊ូសាន និងដំណើរបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសេអ៊ូល របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញ ពីសំណាក់លោកស្រី ប៉ាក គឿនហេ (Park Geun-hye) ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ និងជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ។
AKP  បានបន្តទៀតថា ដូចគ្នានឹងបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹៈចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូ អាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងនោះ សុន្ទរកថាទី១ថ្លែងក្នុងកិច្ចប្រជុំ ពិសេសថ្នាក់រដ្ឋមន្រ្តី អាស៊ាន-កូរ៉េ លើកទី២ស្តីពី ការដាំដើមឈើ និងគ្រប់គ្រងព្រៃឈើ ។ សុន្ទរកថាទី២ ថ្លែងក្នុងសម័យ ប្រជុំកំពូលលើកទី២ និងសុន្ទរកថា លើកទី៣ ថ្លែងក្នុងសម័យប្រជុំកំពូលលើកទី២ នៃកិច្ច ប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូ អាស៊ាន-សាធារណរដ្ឋកូរ៉េ ។
តាមកម្មវិធី ដែលបានគ្រោងទុក ក្រៅពីការអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួប អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃ គូអាស៊ាន-សាធារណរដ្ឋ កូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី មានគម្រោងជួបសន្ទនាជាមួយឯកឧត្តម Kim Kwan Yong អភិបាល ខេត្តឃ្យុងសាងបុកដូ និងជាទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី លោកសាស្រ្តាចារ្យ Choi Oe Chool អ្នកជំនាញ ការចលនាភូមិថ្មីកូរ៉េ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏មានគម្រោងជួបជាមួយពលករ និងនិស្សិតកម្ពុជា ប្រមាណ៧០០នាក់ ដែលកំពុង បំពេញការងារ និងសិក្សានៅទីក្រុងប៊ូសានផងដែរ។ សម្ដេចតេជោ ហ៊ុន សែន និងដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ ជាផ្លូវការជាមួយលោកស្រី Park Geun-Hye  នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៥ ដែលក្នុងនោះមាន ១-អនុស្សរណៈយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ។ ២-អនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារជំរុញវិនិយោគ ពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា-កូរ៉េក្នុងការចាប់ផ្ដើមធុរកិច្ច ។ ៣-អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល និងសុខុមាលភាពនៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាព និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ។ ៤ អនុស្សរណៈយោគយល់គ្នា រវាងក្រសួង ពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និង៥- អនុស្សរណៈយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និងធនាគារកូរ៉េ ស្ដីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយ ក្នុងប្រទេសកម្ពុជា ។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤៕