Sunday, December 7, 2014

តុលាការដោះលែង ប្អូនប្រុស និងភរិយាទី២ របស់ឧកញ៉ា ថោង សារ៉ាត់

ភ្នំពេញ៖ បន្ទាប់ពីការបើកដំណើរការសាកសួរនៅថ្ងៃទី២ បានរយៈពេលប្រមាណជា១ម៉ោង នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះ តុលាការបានសម្រេចដោះលែង ប្អូនប្រុស និងភរិយាទី២ របស់ឧកញ៉ា ថោង សារ៉ាត់ ឲ្យមានសេរី ភាពវិញហើយ។
ការដោះលែង លោក ថោង បូណា និងអ្នកស្រី ទាវ ធីតា អាយុ ២៣ឆ្នាំ ដែលជាប្អូនបង្កើត និងភរិយាទី២ របស់ឧក ញ៉ា ថោង សារ៉ាត់ ត្រូវបានមន្រ្តីសាលាដំបូងអះអាងថា ជនទាំងពីរនេះ មិនមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាត កម្មនេះឡើយ។
ដោយឡែក លោក ថោង ចំរើន និងអ្នកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ៤កន្លះ នៃក្រសួងការពារជាតិ ត្រូវជាឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានចៅក្រម បន្តសាកសួរ តែមិនទាន់មានការ សម្រេចយ៉ាងណានៅឡើយទេ។
សូមបញ្ជាក់ផងដែរថា រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះ ការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានរយៈពេល ១៥ថ្ងៃហើយ តែមេខ្លោងបញ្ជាពីក្រោយនៃអំពើឃាតកម្មដ៏ឃោរឃៅកណ្តាលរាជធានីភ្នំពេញ ដែល គេតែងហៅថា ទីក្រុងសន្តិភាពនោះ នៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសនៅឡើយទេ។
ទោះឧកញ៉ា ថោង សារ៉ាត់ មិនទាន់ឃាត់ខ្លួនយ៉ាងណាក្តី តែអង្គរក្សចំនួន៤នាក់ របស់មេឃាតកមុខស្រស់រូបនេះ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរួចហើយ ក្រោមបទចោទពីឃាតកម្ម ទុកជាមុន និងបទសមគំនិតរួមគ្នាធ្វើឃាតកម្ម។
អង្គរក្សទាំង៤នាក់ ដែលលោកចៅក្រម លី សុខឡេង សម្រេចឃុំខ្លួននោះ រួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នក បាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះ ម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើ ជនរងគ្រោះស្លាប់ហើយឬនៅ?
សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក។
កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើកការស៊ើបអង្កេតឃាតកម្មដ៏ឃោរឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពីជម្លោះក្នុងមុខជំនួញរវាងឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយប្រើរយៈត្រឹមជាងមួយសប្តាហ៍បានឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់៕
រូបពាក់មួកក្រហម ជាប្រពន្ធទី២ របស់មេខ្លោងឃាតក ថោ សារ៉ាត់ និងរូបខាងឆ្វេង ជាប្អូនប្រុស