
កីឡាករក្រុម Real Madridដែលទើបបានបំបែកឯតទគ្គកម្មរបស់លោក Carlo Ancelotti បានរៀបចំពិធីជប់លៀងក្នុងរដូវកាលបុណ្យណូអែលរបស់ពួកគេកាលពីថ្ងៃពុធកន្លងទៅ។
ថ្វីត្បិតតែពួកគេបានបង់ជើងក្នុងស្រុក La Ligaទៅឲ្យក្រុមជិតខាង Atletico Madridកាលពីរដូវកាលមុនយ៉ាងណាក៏ដោយ ប៉ុន្តែក្រុម Real Madridបានឈ្នះជើងឯកបាល់ទាត់ Champions League ជាលើកទី១០របស់ពួកគេ កាលពីថ្ងៃខែឧសភា កន្លងទៅ ក៏ដូចជាពានរង្វាន់បាល់ទាត់ Copa del Rey។
ដោយឡែក កាលពីយប់ថ្ងៃអង្គារមុននេះ ពួកគេបានបំបែកឯតទគ្គកម្មថ្មីនៅការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ La Ligaជាមួយនឹងជ័យជំនះ១៩លើកជាប់គ្នារបស់ពួកគេជាមួយនឹងជ័យជំនះ៤-០លើក្រុម Ludogorets។
ខណៈនោះដែរ គ្រូបង្វឹករបស់ក្រុម Real Madridលោក Ancelotti បានធ្វើការកោតសរសើរយ៉ាងខ្លាំងណាស់ដល់សមត្ថភាពលេងដ៏អស្ចារ្យរបស់កីឡាកររបស់លោក ពិសេសក្រោយពេលពួកគេបញ្ចប់ពូលBនៃការប្រកួត UEFA Champions Leagueរបស់ពួកគេជាមួយនឹងប្រវត្តិលេងល្អ១០០ភាគរយ។
សូមបញ្ជាក់ថា កាលពីមុនមានតែក្រុម៥ប៉ុណ្ណោះ ដែលមានប្រវត្តិឈ្នះការប្រកួតទាំង៦ ក្នុងដំណាក់កាលចែកពូលនៃការប្រកួតដណ្តើមពាន់រង្វាន់ក្លឹបបាល់ទាត់អឺរ៉ុបមួយនេះ។
លោក Ancelotti បាននិយាយថា វាមិនមែនជាការងាយស្រួលនោះឡើយក្នុងការរៀបចំការប្រកួតនីមួយៗនោះ ប្រការសំខាន់នោះគឺឆន្ទៈរបស់កីឡាករតែម្តង។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីម្នាក់នេះ បានបន្តទៀតថា ក្រោយពីបរាជ័យជាមួយក្រុម Atletico Madridកាលពីថ្ងៃទី១៣ ខែកញ្ញាមក លោកមិនដែលនឹកស្មានថា ក្រុមរបស់លោកអាចឈ្នះទាំង១៩ប្រកួតជាប់គ្នាបែបនេះទេ។
គួរឲ្យដឹងថា ជ័យជំនះកាលពីថ្ងៃអង្គារ បានធ្វើឲ្យក្រុម Real Madridយកឈ្នះឯតទគ្គកម្មបង្កើតឡើងដោយក្រុមBarcelonaរបស់លោក Frank Rijkaardដែលបានឈ្នះ១៨ប្រកួតជាប់ៗគ្នាកាលពីអំឡុងរដូវកាល ២០០៥-២០០៦៕
