Tuesday, December 16, 2014

សម្ដេច ហ៊ុន សែន ៖ បើស្រឡាញ់ជាតិ រឿងអីមិនហ៊ាន លាសញ្ជាតិមួយចេញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវតែមានសញ្ជាតិមួយ ពោលគឺមិនអាចមានសញ្ជាតិពីរនោះទេ។ ក្នុងនោះសម្ដេច ក៏បានជំរុញឲ្យមន្ត្រីរាជរដ្ឋាភិបាល ដែលមានសញ្ជាតិពីរ ក៏ត្រូវលាសញ្ជាតិមួយចេញផងដែរ ។
ថ្លែងបើកសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់ គោលទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ ធ្វើឡើងនៅសណ្ឋាគារ InterConTinental សម្តេចតេជោ ហ៊ុន សែន បន្តថា" ចុងក្រោយខ្ញុំបានជួប ឯកឧត្តម សម រង្ស៊ីកាលពីថ្ងៃទី២៨កន្លងទៅ ។ ខ្ញុំថាឯកឧត្តមអីក៏វាលំបាក គ្រាន់តែ៩នាក់ គ្រាន់តែរកប៉ុណ្ណឹង មិនបាន។ កន្លងទៅចេះនាំគ្នានិយាយថា គ្រួសារនិយម បក្ខពួកនិយម។ ហើយចុះយើងដាក់ហាម នៅក្នុងហ្នឹងតែម្ដងទៅ មិនឲ្យមានញត្តិពន្ធ ក្នុងសមាជិក គជប។ រឿងសញ្ជាតិតែមួយក៏អីចឹងដែរ ខ្ញុំថា បើចេះស្នេហាជាតិ ម៉េចក៏មិនហ៊ានលាសញ្ជាតិមកបំរើជាតិ។ ឥឡូវបើចង់អីចឹងទាំងអស់ សូមអញ្ជើញទាំងក្រុមប្រឹក្សាធម្មនុញ្ញ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា ទាំងសមាជិករាជរដ្ឋាភិបាល ទាំងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ព្រោះគេថា នៅពីរចំណុចដោះស្រាយមិនចេញ តាមរយៈថ្នាក់ចរចា ឯកឧត្តម ប៊ិនឈិន ជាមួយនិងក្រុមការងារ ដោះមិនចេញ តែបើចេញ ចេញនៅក្នុងបន្ទប់ខ្ញុំនៅសភាទៅវិញ។ កន្លងមកតែងតែរិះគន់បក្ខពួកនិយម គ្រួសារនិយម ចុះខ្លាចអីដាក់ទៅ ថាកុំឲ្យមាន ញត្តិពន្ធនៅក្នុងហ្នឹង (ច្បាប់បោះឆ្នោតថ្មី) ព្រោះបញ្ហាហ្នឹង វាធ្វើឲ្យមានការលំអៀង។ ហើយបញ្ហាសញ្ជាតិតែមួយកុំអាពង្រាយ"។
តាមប្រសាន៍ របស់ប្រមុខរាជរដ្ឋាភិបាលដដែល បញ្ហាសញ្ជាតិនេះ មន្ត្រីរាជរដ្ឋាភិបាល ដែលក្នុងនោះ រួមមាន លោក អង្គ វង្សវឌ្ឍនា លោក អៀង ម៉ូលី លោស្រី អ៊ឹង កន្ថាផាវី លោក វ៉ា គឹមហុង ជាដើមក៏ ត្រូវលាសញ្ជាតិមួយចេញដែរ។ តែទោះជាយ៉ាងក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យដោះស្រាយបញ្ហាសញ្ជាតិនេះ ត្រឹមគណៈកម្មាជាតិ រៀបចំការបោះឆ្នោតជាមុនសិន។
សម្ដេចបញ្ជាក់ថា " ៩នាក់ រើសម្នាក់ដែលគ្មានសញ្ជាតិបរទេសបានអត់ មនុស្ស១៥លាននាក់នេះ"។ បើតាមសម្ដេចកន្លងមក មានមន្ត្រីទូតបារាំងនិងអាម៉េរិក បាន សសេរសំបុត្រ មកសួរជុំវិញបញ្ហាសញ្ជាតិ របស់លោក ម៉ម សូណង់ដូ និង លោស្រី មួរ សុខហួរ ។
សូមបញ្ជាក់ថា នៅក្នុងជំនួបក្រៅផ្លូវការមួយ រវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឯកភាពគ្នា ជុំវិញសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវតែមានសញ្ជាតិមួយ៕
Photo by DAP-News