Sunday, December 7, 2014

បាញ់ប្រហារនៅ សង្កាត់បឹងទំពុន ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ មានករណីបាញ់ប្រហារទៀតហើយ ក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យយុវជនម្នាក់ ស្លាប់បាត់បង់ជីវិតពេល បញ្ជូនដល់មន្ទីរពេទ្យ រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ គ្រាដែលទិដ្ឋភាពនៃការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិន ទាន់ធ្វើឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ បាត់ខ្លាចរអានៅឡើយនោះ។
អំពើបាញ់ប្រហារនេះ បានកើតឡើងនាវេលាម៉ោង ៧ និង២០នាទីព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤នៅជិតផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានអះអាងថា ហេតុការ ណ៍បាញ់ប្រហារនេះ កើតចេញពីការទាស់សម្តីគ្នា។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងជនល្មើស បានឈរនិយាយគ្នា លុះជជែកបានមួយសន្ទុះជនល្មើសបានជិះម៉ូតូចេញបាត់។ ស្រាប់មួយសន្ទុះក៏បានជិះម៉ូតូត្រ ឡប់មកវិញ ដោយមានបក្ខពួកជិះម៉ូតូអ្នកហែហម មកជាមួយពីរម៉ូតូបន្ថែមទៀត ហើយធ្វើការបាញ់លើជនរងគ្រោះ ជាច្រើនគ្រាប់ រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន។
ជាអកុសលបក្ខពួកជនល្មើស២នាក់ ដែលជិះម៉ូតូសង់១២៥ ចាំបិតគូថពីក្រោយនោះ ត្រូវបានប្រជាពលរដ្ឋឡោម ព័ទ្ធស្ទាក់ចាប់ប្រគល់ជូនសមត្ថកិច្ច។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជន សង្ស័យពីរនាក់ ដែលប្រជាពលរដ្ឋចាប់នោះ គឺពិតជាបក្ខពួករបស់ជនល្មើសពិតប្រាកដមែន។ កម្លាំងសមត្ថកិច្ច កំពុងបើកការសាកសួរ និងតាមចាប់ជនដៃដល់ពីរនាក់ទៀត ដែលកំពុងគេចខ្លួន។
ជាមួយការឃាត់ខ្លួនបក្ខពួកនេះ សមត្ថកិច្ចក៏ដកហូតបានម៉ូតសេ១២៥ មួយគ្រឿងរបស់បក្ខពួកជនល្មើសផងដែរ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់ មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ត្រូវជនល្មើសបាញ់ត្រូវ ៣គ្រាប់ និងម្នាក់ទៀត ត្រូវចំបោះរងរបួសធ្ងន់។ សមត្ថកិច្ច ក៏រកឃើញសំបកគ្រាប់កាំភ្លើងចំនួន ៩គ្រាប់នៅកន្លែងកើតហេតុ។ ជនល្មើស ត្រូវបានសមត្ថកិច្ចអះអាងថា មានស្លៀកពាក់ស៊ីវិល តែមានប្រើអាយឌី ផងដែរ។
ទោះបីជាយ៉ាងសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្ថសញ្ញាណជនរងគ្រោះ និងជនល្មើសព្រមទាំងបក្ខពួកនៅឡើយ ទេ។ មូលហេតុនាំឲ្យឈានដល់ការបាញ់ប្រហារនេះ ក៏សមត្ថកិច្ចមិនទាន់បញ្ជាក់ផងដែរ៕