
កណ្តាល ៖ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរក៏ដូចប្រជានេសាទរស់នៅឃុំសណ្តាឃុំក្អមសំណស្រុកលើកដែកសុទ្ធតែបានអះអាងឲ្យដឹងថា ករណីដែលនាំឲ្យទូកនេសាទល្មើសច្បាប់ចូលមកនេសាទត្រីលើដីខ្មែរបានយ៉ាងភ្លូកទឹកភ្លូកដីក្នុងពេលបច្ចុប្បន្នគឺដោយសារអ្នកគ្រប់គ្រងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលនិងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិក្អមសំណនិងច្រករបៀងមួយចំនួនទៀតមានភាពធូរលង់ក្នុងការស្រង់ស្ថិតិត្រួតពិនិត្យជនអន្តោប្រវេសន៍ទាំងនោះមិនបានច្បាប់និយាយឲ្យចំទៅគឺពួកគេចាំរាប់ទូកនេសាទទាំងនោះយកលុយប៉ុណ្ណោះ។
ចំណាត់ការមិនច្បាស់លាស់ទាំងនោះហើយដែលនាំឲ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះកាន់តែគឃ្លើនហើយហ៊ានតបតជាមួយប្រជាពលរដ្ឋខ្មែរនិងសមត្ថកិច្ចជំនាញទៀតផង។
តាមប្រភពពីពលរដ្ឋស្រុកកោះធំក៏បានឲ្យដឹងដែរថាតាំងពីរដូវទឹកឡើងស្ថិតក្នុងរដូវហាមឃាត់បិទការនេសាទរហូតមកដល់បច្ចុប្បន្ននេះជនអន្តោប្រវេសន៍វៀតណាមចូលមកនេសាទដោយឧបករណ៍ខុសច្បាប់ប្រមាណជាង៦០០នាក់មិនតិចជាង៣០០ទូកនោះទេគឺចូលមកនេសាទយ៉ាងអនាធិបតេយ្យបំផុតទូទាំងស្រុកកោះធំពិសេសនេសាទក្នុងតំបន់អភិរក្សពូជត្រីអតីតក្នុងឡូនេសាទលេខបានយ៉ាងសុខស្រួលបន្ទាប់ពីពួកគេនិយាយថា បានបង់លុយឲ្យនគរបាលទាហាននគរបាលប៉ុស្តិ៍រដ្ឋបាលពិសេសនោះគឺបង់លុយទៅឈ្មោះជុំសុវណ្ណជានាយរងសង្កាត់ជលផលស្រុកកោះធំនោះតែម្តង។
ជនជាតិវៀតណាមទាំងនោះបានអះអាងថា បន្ទាប់ពីពួកគេបង់លុយឲ្យសមត្ថកិច្ចច្រកទ្វារនឹងឈ្មោះជុំសុវណ្ណជានាយរងសង្កាត់ជលផលស្រុកកោះធំរួចហើយនោះគឺចូលមកនេសាទបានម៉ាសេរីខ្លះមកនេសាទពេលថ្ងៃល្ងាចឡើងត្រឡប់ទៅប្រទេសខ្លួនវិញឯមួយចំនួនមិនទៅទេដោយបានបោះតង់សង់រោងនៅទីនោះតែម្តងគឺស្នាក់នៅចេញចូលបានយ៉ាងស្រួលបន្ទាប់ពីបានបង់ប្រាក់ជូនជលផលនិងសមត្ថកិច្ចរួចរាល់ហើយនោះ។
ការប្រព្រឹត្តអំពើពុករលួយរបស់នាយរងសង្កាត់ជលផលស្រុកកោះធំនិងសមត្ថកិច្ចច្រកទ្វារជ្រៃធំនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃជ្រៃបណ្តោយឲ្យមានភាពធូរលង់បង្កឲ្យមានភាពអនាធិបតេយ្យបំផុតចំពោះទូកនេសាទអន្តោប្រវេសន៍វៀតណាមទូទាំងស្រុកកោះធំដែលកន្លងមកថ្មីៗនេះជំនាញជលផលចុះធ្វើការបង្ក្រាបមិនទទួលបានលទ្ធផលល្អទទួលនូវភាពបរាជ័យយ៉ាងអាម៉ាស់បំផុតខណៈជនអន្តោប្រវេសន៍ទាំងនោះបានតដៃវិញដោយដេញចាក់វាយមកលើសមត្ថកិច្ចចំរុះរត់ចែកជើងគ្នាបែកទឹកសំពោង។
ពេលនោះជនជាតិវៀតណាមសម្រុកចូលមកយ៉ាងសន្ធាប់មកលើកម្លាំងសហគមន៍អភិរក្សឡូត៍លេខ១១និងកម្លាំងជំនាញធ្វើឲ្យផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យធ្លាយភ្លៅជនជាតិវៀតណាមម្នាក់ទន្ទឹមគ្នានោះដែរពួកជនអន្តោប្រវេសន៍វៀតណាមក៏បានចាប់ខ្លួនកម្លាំងការពារសហគមន៍និងលោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ទៀតយកទៅប្រទេសខ្លួនបន្ទាប់មកក៏មានការសម្របសម្រួលពីមេក្លោងទាំងសងខាងហើយបានបញ្ចប់រឿងទៅ។
ក្នុងករណីបែបនេះសមត្ថកិច្ចច្រកទ្វារក្អមសំណច្រកជ្រៃធំនគរបាលប៉ុស្តិ៍រដ្ឋបាលជាប់ព្រំដែនទាំងពីរពិសេសជលផលស្រុកលើកដែកស្រុកកោះធំនាយខណ្ឌកណ្តាលលោកអភិបាលខេត្តស្រុកគួរតែរឹតបណ្តឹងឡើងវិញហើយទុកលទ្ធភាពឲ្យរាស្ត្រខ្មែរយើងធ្វើការនេសាទត្រីដើម្បីចិញ្ចឹមគ្រួសាររៀងខ្លួនផង៕