Tuesday, December 16, 2014

យុវជនពិការកម្ពុជា ដណ្តើមមេដាយ លើជំនាញ IT ១៥គ្រឿង ពីសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ យុវជនពិការកាយសម្បទារបស់កម្ពុជា៦នាក់ ដែលសុទ្ធសឹងជាអ្នកមានជំនាញលើផ្នែកបច្ចេកវិទ្យាព័ត៌  មានវិទ្យា (IT) បានដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ១៥គ្រឿង ក្នុងចំណោមបេក្ខជនពិការប្រមាណ២៧០នាក់  មកពីបណ្តាប្រទេសសមាជិកអាស៊ាន និង សាធារណរដ្ឋកូរ៉េ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមពានរង្វាន់ « ព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៤» នាទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសកម្មភាពជនពិការ (ក.ស.ជ.) លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កាលពីថ្ងៃទី០៩ ដល់១៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ គណៈប្រតិភូកម្ពុ ជា ដឹកនាំដោយ លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃ ក.ស.ជ. បានដឹកនាំយុវជនពិការកាយសម្បទារបស់  កម្ពុជា ០៦រូប ចូលរួមពិធីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ផ្នែកព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការ នៅ ទីក្រុង ប៊ូសាន សាធារណៈរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមជាយុវជនពិការមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងកូរ៉េខាងត្បូងសរុប ២៧០នាក់។
លោក ឯម ច័ន្ទមករា បានបន្តថា ការប្រកួតប្រជែងនេះ មាន៤វិញ្ញាសារ រួមមាន៖ ១.វិញ្ញាសារ eDesign ២. វិញ្ញាសារ eCreative ៣.វិញ្ញាសារ eLifeMap ៤.វិញ្ញាសារ eTool។ ក្នុងនោះយុវជនពិការរបស់កម្ពុជាម្នាក់  ឈ្មោះ កែវ ចាន់ឧត្តម អាយុ ២៥ឆ្នាំ ដណ្តើមបានយកមេដាយជើងឯក ចំនួន ០១ គ្រឿង, មេដាយមាសចំនួន ០១គ្រឿង និងមេដាយប្រាក់ ចំនួន ០២ គ្រឿង។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «នេះជាមោទនភាពសម្រាប់វិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា  ដែលយុវជនពិការកាយសម្បទា សុទ្ធតែមានសមត្ថភាព និងជំនាញខ្ពស់ ក្នុងការប្រកួតប្រជែងដណ្តើមយកពាន រង្វាន់ផ្នែកព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការ ឆ្នាំ២០១៤»។
សូមបញ្ជាក់ថា យុវជនពិការកាយសម្បទារបស់កម្ពុជា ដែលទទួលបានមេដាយកិត្តិយសសម្រាប់ជាតិមាតុភូមិ នេះរួមមាន៖
១. យុវជន កែវ ចាន់ឧត្តម អាយុ ២៥ឆ្នាំ ដណ្តើមបានមេដាយជើងឯក ចំនួន ០១ គ្រឿង,មេដាយមាសចំនួន០១  គ្រឿង និងមេដាយប្រាក់ចំនួន ០២ គ្រឿង។
២. យុវជន ហែម វិច្ឆិកាណុន អាយុ ២១ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង, មេ  ដាយ សំរិទ្ធ ០១គ្រឿង
៣. យុវជន ធី ថូណា អាយុ ២១ឆ្នាំ ទទួលបាន មេដាយ មាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង
៤. យុវជន ញ៉ុត សុភឿន អាយុ ២១ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង
៥. យុវជន ញ៉ាញ់ ផានិត អាយុ ១៩ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយ ប្រាក់ ០១គ្រឿង
៦. យុវជន ងិន សុធា អាយុ ២២ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង។
សរុបមេដាយ ដែលយុវជនពិការកាយសម្បទាកម្ពុជាទទួលបានរួមមាន៖ មេដាយមាសជើងឯកចំនួន ០១គ្រឿង,  មេដាយមាស ចំនួន ០៦គ្រឿង, មេដាយប្រាក់ចំនួន ០៧គ្រឿង និង មេដាយសំរិទ្ធ ចំនួន ០១គ្រឿង៕