Tuesday, December 2, 2014

លិចទូកនេសាទ កូរ៉េខាងត្បូង នៅភាគខាងកើតរុស្ស៊ី ស្លាប់ម្នាក់ ៥៤នាក់បាត់ខ្លួន

សេអ៊ូល ៖ យោងតាមសារព័ត៌មានយុនហាប់ របស់កូរ៉េខាងត្បូងនាព្រឹកថ្ងៃអង្គារនេះ បានឲ្យ ដឹងថា ទូកនេសាទកូរ៉េខាងត្បូង មួយគ្រឿង បានលិចនៅតំបន់ភាគ ខាងកើតប្រទេសរុស្ស៊ី ដែលស្ថិតនៅភាគ ខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក បន្សល់ទុកសមាជិកនៅលើទូក ជាជនជាតិ កូរ៉េខាងត្បូងម្នាក់ស្លាប់ និង ៥៤នាក់ផ្សេង ទៀតបន្ដបាត់ ខ្លួន ហើយខណៈពេលនេះ ក្រុមសង្គ្រោះរុស្ស៊ី កំពុងដុតដៃដុតជើងក្នុងការ ស្វែងរករបស់ពួកគេ ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយនាថ្ងៃអង្គារ នេះដដែលដោយដកស្រង់សម្ដីពី មន្រ្តីសេវាជួយ សង្គ្រោះរុស្ស៊ី ទៀតថាទូកនេសាទមួយគ្រឿងនេះ ផ្ទុកមនុស្សសរុបចំនួន ៦២នាក់ជាជនជាតិកូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងហ្វីលីពីន រួមទាំងអ្នកនេសាទជាជនជាតិ រុស្ស៊ីម្នាក់ផងដែរ។ នៅក្នុងហេតុការណ៍លិចទូក នេសាទនេះដែរ មនុស្សចំនួន ៨នាក់ត្រូវបាន រកឃើញ ប៉ុន្ដែសំណាងមិនល្អក្នុងចំណោមពួកគេ មានម្នាក់ បានស្លាប់បន្ទាប់ពីជួយសង្គ្រោះ ដែលម្នាក់នោះជាជនជាតិកូរ៉េខាងត្បូង។
យោងតាមសេចក្ដីរាយការណ៍បានបន្ថែមទៀតថា ទូកនេសាទមួយគ្រឿងនេះជាកម្មសិទ្ធ របស់ក្រុមប៊ូសាន បានជួបគ្រោះថ្នាក់នេះនៅវេលាម៉ោង ៥ល្ងាច ស្ថិតនៅភាគខាងកើតប្រទេស រុស្ស៊ី ហើយវាទំនងជាលិច ដោយសាររលកសមុទ្រ ខណៈដែលកំពុងធ្វើការជ្រាវ ម៉ងប្រមូលត្រី។
គួរបញ្ជាក់ផងដែរថា ខណៈពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកដោយសារ អាកាសធាតុ អាក្រក់ជាមួយនឹងខ្យល់បក់ខ្លាំង ដោយយ៉ាងហោចណាស់ ៩០គីឡូម៉ែតក្នុង ១ម៉ោង និងរលកសមុទ្រមាន កម្ពស់ដល់ទៅ ៦ម៉ែត្រ។ យ៉ាងណាមិញសូមលោកអ្នកបន្ដ តាមដានព័ត៌មានបន្ថែម នៅពេលខាងមុខទៀត៕