ភ្នំពេញ៖ សំណង់ជាផ្ទះល្វែង ដ៏រឹងមាំចំនួន៧ល្វែង នៅក្នុងផ្សារ ពោធិ៍ចិនតុង ត្រូវបានអាជ្ញាធរខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះផ្អាក និងបានរឹបអូសយកសម្ភារៈ សម្រាប់សាងសង់ មួយចំនួនផងដែរ បន្ទាប់ពី អាជ្ញាធរ ខណ្ឌបានចុះណែនាំដល់ម្ចាស់សំណង់ទាំងនេះ ចំនួន២លើក រួចមកហើយនោះ ប៉ុន្តែម្ចាស់ សំណង់ទាំង នេះមិនគោរព ទៅតាមការណែនាំ របស់អាជ្ញាធរខណ្ឌ នៅតែបន្តគឃ្លើនសាងសង់បន្ថែម។ ការចុះ ផ្អាកសំណងខុសច្បាប់ទាំងនេះ ធ្វើឡើងកាលរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ដែលដឹកនាំលោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។
លោក សេង គន្ធ បានឲ្យដឹងថា ការចុះមកផ្អាកសំណង់ទាំងនេះ គឺដោយសារតែម្ចាស់ សំណង់ទាំងនេះ សាងសង់រំលោភច្បាប់ ពីព្រោះនៅក្នុងផ្សារពោធិ៍ចិនតុង ទាំងមូល គឺច្បាប់គេអនុញាតិ ឲ្យសាងសង់ត្រឹមតែ តូបឬក៏សំណង់ផ្ទាល់ដី ធម្មតាជាលក្ខណៈតូបដូចគ្នាដែរ ដែលមិនមែនជាប្រភេទ ផ្ទះរស់នៅយូរអង្វែង នោះទេ ប៉ុន្តែសំណង់ដែលចុះមកផ្អាកនេះ គឺដោយសារតែពួកគាត់មិនគោរព ទៅតាមការណែនាំរបស់ អាជ្ញាធរ ដោយគាត់សាងសង់ ជាប្រភេទផ្ទះល្វែង ដោយខ្លះមានកម្ពស់ រហូតដល់ទៅ២ជាន់ ដូច្នេះការធ្វើ នេះវាខុសច្បាប់ទាំងស្រុងតែម្តង ។
លោកបានបន្តទៀតថា ការចុះផ្អាកនេះ គឺគ្រាន់តែធ្វើចុះផ្អាកជា បណ្តោះអាសន្ននោះទេ ដោយរង់ចាំ បង្កើតគណៈកម្មការចម្រុះ ដើម្បីរកវិធានការទៅលើសំណង់ ទាំងនេះ ឬក៏វាយចោលដើម្បីឲ្យម្ចាស់ សំណង់ទាំងនេះ សាងសង់គោរពច្បាប់ ឲ្យបានត្រឹមត្រូវមុននឹងសាងសង់ ហើយលោកក៏សូមអំពាវនាវ ដល់អាជីវករផ្សេងទៀត ដែលមានគំរោងសាងសង់សំណង់ នៅក្នុងផ្សារ ត្រូវតែសាងសង់គោរពទៅតាម ផ្លូវច្បាប់ បើពុំដូច្នេះទេអាជ្ញាធរ ពុំអនុញាតិឲ្យសាងសង់នោះទេ ។
ជាមួយគ្នានោះដែរ លោកអភិបាលរង បានស្តីបន្ទោសទៅលើលោកប្រធានផ្សារ ដែលជាអ្នក គ្រប់គ្រងផ្សារ ក៏ប៉ុន្តែមិនចេះពិនិត្យ មើលក្នុងបរិវេណផ្សារ ឲ្យបានត្រឹម ត្រូវនោះទេ ខណៈដែលមាន សំណង់ចាប់ សាងសង់ឬក៏អាជីវករធ្វើអ្វីមួយ ជាប្រភេទសំណង់រ៉ឹងមាំ ឬក៏តូបធម្មតាត្រូវរាយ ការណ៍ជាបន្ទាន់ជូន ទៅសាលាខណ្ឌ ដើម្បីឲ្យសាលាខណ្ឌបាន រកដំណោះស្រាយឬមាន វិធានការជាមុន មិនគួរណា លោកប្រធានផ្សារ ទុកឲ្យសំណង់ទាំងនេះ សាងសង់ស្ទើរ តែរួចរាល់១០០ ភាគរយនោះទេ ជាមួយគ្នា នោះដែរ លោកបានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅដល់លោកប្រធានផ្សារ ត្រូវតែពិនិត្យទៅលើសំណង់ ទាំងនេះ ឲ្យបានហ្មត់ចត់បំផុត មិនអនុញាតិឲ្យសាងសង់ឬក៏ធ្វើអ្វីបន្តិចនោះទេ រង់ចាំដោះស្រាយគ្នា រួចរាល់សិន ។ ប្រសិនបើពុំដូច្នោះទេ លោកប្រធានផ្សារ ជាអ្នកទទួលខុសត្រូវ ៕





