Tuesday, December 2, 2014

លោក ហ៊ុន សែន ​ផ្តល់​ចំណុច​សំខាន់ៗ​សម្រាប់​ការពិភាក្សា​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​ខេត្តសៀមរាប​

Pisey-02-12-2014-full-ZZZ
សៀមរាប ៖ ចំណុច​សំខាន់ៗ​ជាច្រើន​ត្រូវ​បាន​លើកឡើង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រាប់​ការពិភាក្សា​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​«​ការ​ប្រែក្លាយ​តំបន់​ជនបទ ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​០២​ខែធ្នូ ឆ្នាំ​២០១៤។
សម្ដេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ក្នុង​ពិធី​ដែល​មាន​ការ​ចូល​រួម​ពី​គណៈប្រតិភូ​មកពី​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង គណៈ​ប្រតិភូ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា យើង​ចាំ​បាច់​ត្រូវ​រិះរក​វិធាន ការ​បន្ត​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង ការបង្កើត​ការងារ​នៅ​តំបន់​ជនបទ​ទាំង​ក្នុង និង ក្រៅ វិស័យ​កសិកម្ម ជាពិសេស​សម្រាប់​ក្រុម​យុវជន។ ក្នុង​នោះ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​តភ្ជាប់​គ្នា​ឱ្យ​សកម្ម​រវាង​តំបន់​ជនបទ និង ទីក្រុង​ដោយ​ផ្ដោត​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង បង្កើន​នូវ​លំហូរ​នៃ​ទំនិញ ចំណេះដឹង បច្ចេកវិទ្យា និង ហិរញ្ញវត្ថុ​ចូល​ទៅ​ក្នុង​តំបន់​ជនបទ។ សម្ដេច​តេ​ជោ​ថ្លែង​ថា យើង​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​របៀបវារៈ ដែល​អាច​ឱ្យ​ប្រជាជន​នៅ​ជនបទ​មានលទ្ធភាព​ទទួល​បាន​ធនធាន​ចាំបាច់ និង កសាង​សមត្ថភាព​របស់​ខ្លួន សំដៅ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ជនបទ​ប្រកបដោយ​ចីរភាព ត្រូវ​វិនិយោគ​លើ​កសិកម្ម​ខ្នាត​តូច​នៅ​តាម​ជនបទ សម្រាប់​ធានា​សន្តិសុខ ស្បៀង និង អាហារូបត្ថម្ភ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក។ កសិកម្ម​គ្រួសារ​ខ្នាត​តូច​មាន​តួនាទី​ស្នូល​ក្នុង​កិច្ច​អភិវឌ្ឍ​ជនបទ​ជា​ទម្រង់​កសិកម្ម ដែល​មាន​លក្ខណៈ​គ្របដណ្ដប់​នៅក្នុង​វិស័យ​ស្បៀងអាហារ ហើយ​ក្នុង​ខណៈ​ពេល​ដែល​ការ​កើនឡើង នៃ​តម្រូវការ​នៅ​លើ​អាហារ​នឹង​បង្កើត​កាលានុវត្តភាព​គ្រួសារ​កសិករ និង បង្កើន​សកម្មភាព​ធុរកិច្ច។ ក្នុង​បរិការណ៍​នេះ យើង​ចាំបាច់​ត្រូវ​រិះរក​វិធី​ជួយ​កសិករ​ឱ្យ​ទទួល​បាន​នូវ​សិទ្ធិ​ប្រើប្រាស់​ធនធានធម្មជាតិ ទទួល​បាន​សេវា​ប្រកបដោយ​ផលិតភាព​ដូចជា ហិរញ្ញវត្ថុ និង ទីផ្សារ​ជាដើម។ ទន្ទឹម​នេះ​យើង​ចាំបាច់​ត្រូវ​ជំរុញ​ការងារ​វិនិយោគឯកជន​ឱ្យ​បាន​ទៅដល់​ជនបទ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​កសិផល​របស់​ប្រជាជន​ផង និង ​រួមចំណែក​ប្រែក្លាយ​តំបន់​ជនបទ​ផង។
សម្ដេច​តេ​ជោ​មាន​ប្រស​សាសន៍​ថា យើង​ចាំបាច់​ត្រូវ​លើកកម្ពស់​ភាព​ធន់​របស់​គ្រួសារ​ក្រីក្រ​នៅ​ជនបទ។ ប្រជាជន​នៅ​ជនបទ​ងាយ​ទទួលរង​គ្រោះ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​ភ្លាមៗ ដែល​រុញច្រាន​ឱ្យ​ពួកគាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ ឬ​បន្ត​ធ្វើ​ឱ្យ​ពួកគាត់​ស្ថិត​នៅ​ក្នុង​អន្ទាក់​នៃ​ភាព​ក្រីក្រ ពីព្រោះ​ពួកគាត់​មិនអាច​ចាប់បាន​នូវ​កាលានុវត្តភាព​ថ្មីៗ​ភ្លាមៗ​នោះ​ទេ។ តាមរយៈ​នេះ យើង​អាច​រិះរក​វិធានការ​នានា​ដូចជា (ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ដែល​ជួយ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ទៅ​នឹង​ការប្រែប្រួល​ធ្ងន់ធ្ងរ ភ្លាមៗ ដូចជា​តាមរយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ (ការ​ផ្តល់​ទំនិញ និង សេវា​សាធារណៈ ដែល​កាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជា​មាន​នៃ​ការប្រែប្រួល​ធ្ងន់ធ្ងរ​ភ្លាមៗ ឬ​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​រួមមាន​ការ​ផ្តល់​សេវា​អប់រំ និង ការ​គាំពារ​សង្គម និង​()​ជំរុញ​ទីផ្សារ​ឱ្យ​មាន​ដំណើរការ រលូន និង ធានា​បាន​នូវ​អភិបាលកិច្ច​ល្អ។ កិច្ចការ​នេះ​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​គ្រប់​តួអង្គ និង នៅ​គ្រប់​កម្រិត។ ក្នុង​ន័យ​នេះ កិច្ច​អន្តរាគមន៍​ដូចជា​ការ​ជួយ​ឱ្យ​សហគមន៍​អាច​ពឹង​ផ្អែកលើ​ខ្លួនឯង​មាន​ទម្លាប់​សហការ​គ្នា អាច​ជា​ការអនុវត្ត​ល្អ​បំផុត​មួយ​នាំមក នូវ​ផល​ប្រយោជន៍​សម្រាប់​យើង​ទាំង​អស់​គ្នា។​
សម្ដេច​តេ​ជោ​បាន​ប្រាប់​អង្គ​សិក្ខាសាលា​ថា ជា​រួម​យើង​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​ថា ការ​គិតគូរ និង គូសវាស​បាន​ត្រឹមត្រូវ​នឹង​កំណត់​ដល់​រូបរាង​នៃ​តំបន់​ជនបទ​ដែល​ប្រជាជន​យើង​រស់នៅ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ដែល​នឹង​រួមចំណែក​សំខាន់​ដល់​ការងារ​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច​ជាតិ​ការ​អភិវឌ្ឍន៍​សង្គម បរិស្ថាន​ឱ្យ​ប្រកបដោយ​ចីរភាព។ ខ្ញុំ​ជឿជាក់​ថា ការពិភាក្សា​របស់​អង្គ​សិក្ខាសាលា​នៅ​ថ្ងៃ​នេះ និង ថ្ងៃស្អែក​នឹង​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា និង ​រួមចំណែក​នាំ​យើង​ទាំង​អស់គ្នា​ខិត​កាន់តែ ជិត​ទៅ​រក​ចក្ខុវិស័យ​នេះ៕
Pisey-02-12-2014-full-ZZZ2
Pisey-02-12-2014-full-ZZZ1