
សៀមរាប ៖ កាលព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤នេះនៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់លោកនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកប៊ុន ថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីពិនិត្យពិភាក្សាអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ការពិនិត្យអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៨វិច្ឆិកា២០១៤។
និងការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០១៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងការអនុម័តលើឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៤ និង អនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០១៥របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ព្រមទាំងអនុម័តលើផែនការថវិកាប្រចាំឆ្នាំ២០១៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារទៀតផង។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមហាជនចូលរួមផងដែរ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៦រូប លើ១៩រូប រួចមក លោក នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកអង្គប្រជុំក្រុមប្រឹក្សាទាំងមូលក៏បានធ្វើការពិភាក្សា ពិនិត្យ និង អនុម័តទៅលើរបៀបរវារៈកិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំទាំងមូលបានធ្វើការពិនិត្យ ពិភាក្សា និង កែសម្រួលនូវខ្លឹមសារ ពាក្យពេជ្រ អក្ខរាវិរុទ្ធ មួយចំនួន ដែលបានលើកឡើងនៅក្នុង របៀបវារៈដែលបានគ្រោងទុក ព្រមទាំងលើកនូវសំណួរមួយចំនួន ដោយបានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួន ដែលពាក់ព័ន្ធទៅនឹងរបាយការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្តសៀមរាបការងារសន្តិសុខ សណ្តាប់ធ្នាប់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បញ្ហា វិស័យជលផល , សុខាភិបាល ,លើការងារហិរញ្ញវត្ថុនិង ការងារគ្រប់គ្រងយានយន្តកែច្នៃផងដែរ។
ក្នុងនោះដែរលោក ប៊ុន ថាប្ញទ្ធិក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាពទីចាត់ការចំណុះឲ្យរដ្ឋាបាល សាលាខេត្ត ដែលមានការពាក់ព័ន្ធទៅ នឹង ចំណោទបញ្ហាមួយចំនួន បានធ្វើការបកស្រាយបំភ្លឺនូវរាល់បញ្ហា សមាជិក ក្រុមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧អាណត្តិទី២នេះផងដែរ។
ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ លោក នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័ត ទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤និងការពិនិត្យអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៨វិច្ឆិកា២០១៤ ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០១៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងការអនុម័តលើឯកសារសម្រាប់វេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ ២០១៤ និង អនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០១៥របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ព្រមទាំងអនុម័តលើផែនការថវិកាប្រចាំឆ្នាំ២០១៥របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ។ ក្នុងនោះដែរលោក នូ ផល្លា ក៏បានលើកនូវសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវគោរពឲ្យបាននូវអង្គការវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ព្រមទាំងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត និង ក្រុង ស្រុក ត្រូវធ្វើការផ្តល់នូវរបាយការណ៍សកម្មភាពលទ្ធផលដែល សាមីមន្ទីរ ស្ថាប័ន អង្គភាព ក្រុងស្រុកអនុវត្តបានប្រចាំខែត្រីមាស និងឆមាសទៅតាមការកំណត់របស់រដ្ឋបាលសាលាខេត្តនិង ត្រូវមានវត្តមានចូលរួមប្រជុំក្រុមប្រឹក្សាខេត្តឲ្យបានគ្រប់មន្ទីរស្ថាប័ន អង្គភាពផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក បងប្អូនមហាជន ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៧នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក នូ ផល្លាបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តត្រូវអនុវត្តការងារ ដែលលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ទៅធ្វើការអនុវត្តប្រតិបត្តិការងារឲ្យទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងក្នុងការចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋានឃុំសង្កាត់ឲ្យមានការរីកចម្រើន ដើម្បីជាមូលដ្ឋាន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានតាមបែបប្រជាធិបតេយ្យ សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមក៏បានធ្វើការកំណត់ប្រតិទិន នៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៨អាណត្តិទី២ផងដែរ ៕