M26-08-14-s-full
មជ្ឈដ្ឋាន​អ្នកវិភាគ​អំពី​វិស័យ​អប់រំ​បាន​សម្គាល់​ឃើញ​ថា លទ្ធផល​នៃ​ការប្រឡង​នោះ​ហើយ​វា​ជា​កម្រិត​នៃ​លទ្ធផល​ការងារ​ដូចជា​ការងារ​គ្រប់គ្រង​ព្រមទាំង​ការងារ​បង្រៀន​និង​រៀន​គ្រប់​ភូមិ​សិក្សា​ទាំងអស់។ គេ​បាន​និយាយ​ថា ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំនេះ​វា​ជា​របត់​មួយ​ជាបន្ទាន់​និង​ឆាប់រហ័ស​ដែល​ទាមទារ​ឲ្យ​មាន​របត់​មួយ​នៃ​ការកែលម្អ​គុណភាព​អប់រំ​ជាមួយគ្នា​ជា​ស្វ័យប្រវត្តិ។
ជាមួយ​នឹង​លទ្ធផល​ប្រឡង​គេ​បានធ្វើការ​ប្រៀបធៀប​ដូច​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​អ្នកជំងឺ​រួចហើយ​យ៉ាង​នោះដែរ​គឺ​តែង​បានដឹង​អំពី​មូលហេតុ​នៃ​ជំងឺ​និង​បាន​ស្គាល់​មេរោគ​ដែល​កំពុង​រាតត្បាត​សរីរាង្គកាយ​ត្រង់​ចំណុច​ណា​នោះ​អស់ហើយ​។ ដូចនេះ​ចំពោះ​ការងារ​បន្ត​របស់​គ្រូពេទ្យ​គឺ​ការព្យាបាល​ជំងឺ​ឲ្យ​បានជា​សះស្បើយ​ឡើងវិញ​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ​ចំពោះ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​កន្លងទៅនេះ​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ជា​ខ្សែ​ញាក់​គ្រប់​បណ្តាញ​នៃ​ភូមិ​សិក្សា​ទាំងអស់​ឲ្យ​មានការ​កែលម្អ​គុណភាព និង ប្រសិទ្ធភាព​អប់រំ​ឡើងវិញ​ចាប់ពី​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះ​តទៅ។
ចំពោះ​ភូមិ​សិក្សា​ដែលជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការសិក្សា​របស់​សិស្ស​និង​និស្សិត​នោះ គឺ​កម្រិត​ឧ​ត្ត​ម​សិក្សា​ដែល​គិត​ចាប់ពី​ការសិក្សា​នៅ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ឡើងទៅ។
ជាពិសេស​សិស្ស​រៀន​បាន​ចប់​បរិញ្ញាបត្រ។ ជា​បន្ត​មាន​ភាគ​ខ្លះ​បាន​រៀន​យក​អនុបណ្ឌិត​និង​បណ្ឌិត​ទៀតផង​។ ប៉ុន្តែ​គុណភាព​នៃ​ថ្នាក់លើ​នោះ​គឺ​បឋមសិក្សា មធ្យ​ម​សិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ​។ បានសេចក្តីថា ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​បាន​សម្លឹងមើល​ភូមិ​សិក្សា​ទាំង​៣​នេះ​ដែលជា​មូលដ្ឋាន​នៃ​ការកែលម្អ​គុណភាព។
កន្លងមក​គេ​តែង​បានដឹងថា មាន​អង្គការ​និង​គម្រោង​ក្នុងការ​កែលម្អ​គុណភាព​អប់រំ​នៅ​បឋមសិក្សា​ដូចជា​អង្គ​ការប៉ាសិច អ៊ុយ​នី​សែ​ហ្វ គម្រោង​អេ​គីប អង្គការ​ស៊ីប៉ា...​។​ល​។ ប៉ុន្តែ​នៅពេល​គម្រោង​បាន​បញ្ចប់​ទៅ​សាលារៀន​មិនបាន បន្ត​និរន្តរភាព​របស់​ខ្លួន​ទៀត​ទេ​គឺ​សកម្មភាព​បង្រៀន​និង​រៀន​បាន​បែរ​ទៅ​រក​សភាព​ដើម​វិញ​ដែល​ជា​ទម្លាប់​ធម្មតា​របស់​សាលារៀន​។ បានសេចក្តី​ថា គ្រូបង្រៀន​ធ្វើ​កិច្ចតែងការ​បង្រៀន​មិនបាន​រៀន​ទៀងទាត់​ហើយ​ការ​បង្រៀន​ក៏​មិនបាន​គោរព​ទៅតាម​ពេលវេលា​ដែល​បាន​កំណត់​ក្នុង​កាលវិភាគ​ដែរ។ ចំពោះ​សិស្ស​មានការ​អវត្តមាន ច្រើន​ហើយ​ការរៀនសូត្រ​នោះ​ទៀតសោត​ក៏​មិនបាន​ទៀងទាត់​ដែរ​គឺ​សិស្ស​ឡើង​ថ្នាក់​តាមរបៀប​សេះ​ហោះ​តែម្តង​ពោល​គឺ​មិន​មាន​ពិន្ទុ​ពិតប្រាកដ​នោះទេ​។​
ចំពោះ​សិស្ស​រៀន​នៅ​មធ្យមសិក្សា​ទាំងពីរ​កម្រិត​ក៏​មិន​ខុសត្រូវ ប៉ុន្មាន​កាលពី​ការរៀន​បឋមសិក្សា​ដែរ។ ជាពិសេស​វា​មាន​របៀប​ខុសគ្នា​មួយ​ត្រង់​គ្រូ​ឆ្លៀត​បង្រៀន​ឈ្នួល​យកលុយ​ពី​សិស្ស​តាមរយៈ​មុខវិជ្ជា​សំខាន់ៗ​មាន គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា​ជាដើម​។ នៅមាន​ចំណុច​ឆក​រវែង​ខ្លះទៀត​ក្នុង​មធ្យមសិក្សា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ និង​ប្រសិទ្ធភាព​សិស្ស​តែ​យើង​ទុក​នាទី​បច្ចេកទេស​នេះ​សម្រាប់​ឲ្យ​ការប្រជុំ​ក្រុមបច្ចេកទេស​ខ្លួនឯង​ជា​អ្នក​រក​ឃើញ​ចំណុចខ្លាំង​និង​រក​ឃើញ​ចំណុច​ខ្វះខាត​ផ្ទាល់ខ្លួន​ទៅ​ចុះ​សម្រាប់​កែលម្អ​ឡើងវិញ​ឲ្យ​បាន​ទាន់​ពេល​វេលា​នៃ​សាលារៀន​នីមួយៗ។
ចំពោះ​គំនិត​ធំ​ដែល​រាជរដ្ឋាភិបាល​រកឃើញ​ហើយ​ដែល​មានតែ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​ទេ​ដែល​ដោះស្រាយ​រួច​នោះ​គឺ​បញ្ហា​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​តែម្តង​។ អ៊ីចឹង​បញ្ហា​លុយកាក់​នេះ​គឺ​អាច​ចេញរួច​ក្នុង​ការ​សម្រួល​ជីវភាព​រស់នៅ​របស់​គ្រូបង្រៀន​ហើយ​។ នេះ​ក៏​ជា ប្រសិទ្ធភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​សិស្ស​រៀន​ឲ្យ​មាន​គុណភាព​ផងដែរ​។​
ក្រៅពីនេះ​គឺ​គ្រូបង្រៀន​មាន​ឆន្ទៈ​ក្នុង​ការ​បង្រៀន​សិស្ស​និង​គ្រូបង្រៀន​បាន​គោរព​ពេលវេលា​ត្រឹមត្រូវ​ព្រមទាំង​បញ្ចេញ​អស់​នូវ​សមត្ថភាព​នៃ​ការ​បង្រៀន​សិស្ស​នោះ​ទើប​ការ​ពង្រឹង​គុណភាព​អប់រំ​ឲ្យ​បាន​ប្រសើរ។ ជាទូទៅ​គេ​និយាយ​ថា បើ​គ្រូ​ខំ​បង្រៀន​សិស្ស​និង​សិស្ស​ខំប្រឹង​រៀន សូត្រ​នោះ​វា​ជា​មូលដ្ឋាន​នៃ​ជោគជ័យ​សិស្ស​ក្នុង​ការ​ប្រឡង​ពិតប្រាកដ។ កាលណា​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រឡង​បាក់​ឌុប​ក៏ដូចជា​ធ្វើ​ឲ្យ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​ឬ​សាកលវិទ្យាល័យ​បាន​ប្រកបដោយ​ជោគជ័យ​ដែរ​៕